ក្រសួងសុខាភិបាលអនុញ្ញាតផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនបងប្អូនខ្មែរចិនចំនួន៣៥០០នាក់បន្ថែមទៀត
ក្រោយពីកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩លើកទី១ជូនដល់បងប្អូនខ្មែរចិនទទួលបានជោគជ័យនិងបញ្ចប់ជាស្ថាពររួចមក ក្រសួងសុខាភិបាលកម្ពុជាបានសហការជាមួយសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១តទៅ នៅសាលាអន្តរជាតិកាណាដា(CIS)បានប្រារព្ធកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩លើកទី២ ។
លោក អុឹង ហុងម៉េង ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា មានប្រសាសន៍ថា៖កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់បងប្អូនខ្មែរចិន លើកទី២នេះ គឺប្រព្រឹត្តឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់២៩ ខែឧសភា ។
លោកប្រធានមានប្រសាសន៍ទៀតថា៖ដោយយើងមានបទពិសោធន៍ក្នុងការរៀបចំកម្មវិធីបង្ការកូវីដ-១៩លើកទី១ម្តងហើយនោះ គឺ ការតម្រង់ជួរ និងរៀបចំការងារផ្សេងៗមានសណ្តាប់ធ្នាប់ល្អ ហើយការបង្ការការពារក៏រៀបចំបានល្អតខ្ចោះផងដែរ ។គិតត្រឹមព្រឹក ថ្ងៃទី២៦ អ្នកមកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ គឺមានចំនួនជាង ៦០០នាក់ ។
ឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិន លើកឡើងថា៖នៅព្រឹកថ្ងៃទី២៦ ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិនបានចូលជួបសម្តែងការគួរសម ជាមួយលោកជំទាវ ឪ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយលោកជំទាវ បានអនុញ្ញាត ផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩សម្រាប់ចាក់ជូនបងប្អូនខ្មែរចិន ចំនួន៥០០ នាក់បន្ថែមទៀត ។
លោកមានប្រសាសន៍ថា៖លោកប្រធាន ពុង ឃាវសែ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនខ្មែរចិនទាំងអស់ ដោយក្រោមការគាំទ្រពីក្រសួងសុខាភិបាល កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី២នេះ គឺមានទ្រង់ទាយធំ ។
លោកមានប្រសាសន៍ទៀតថា៖សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាប្តេជ្ញាបម្រើដល់បងប្អូនខ្មែរចិន ថ្វីត្បិតតែបងប្អូនខ្មែរចិននៅភ្នំពេញមួយចំនួនធំបានចាក់វ៉ាក់សាំងរួចហើយ តែជនជាតិចិនដែលរស់នៅប្រទេសកម្ពុជាដោយសារតែបញ្ហាភាសា មិនអាចប្រាស្រ័យទាក់ទងដោយផ្ទាល់បាន ធ្វើអោយពួកគាត់ពុំទាន់បានចាក់វ៉ាក់សាំងនៅឡើយ ។ យើងពិតជារីករាយខ្លាំងណាស់ដែលបានចូលរួមចំណែកជួយដល់សុខភាពនិងសុវត្ថិភាពរបស់បងប្អូនខ្មែរចិនទាំងអស់គ្នា ។
លោកមានប្រសាសន៍ទៀតថា៖ដើម្បីជួយដល់ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ អាចយកឈ្នះនូវជំងឺកូវីដ-១៩ ស្តារសេដ្ឋកិច្ចសង្គមជាតិឡើងវិញ សមាគមសម្ព័ន្ធខ្មែរចិនស្ម័គ្រចិត្តចូលរួមសហការជាមួយក្រសួងសុខាភិបាល ហើយយើងសង្ឃឹមថា កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅអាចប្រព្រឹត្តឡើងជាបន្តបន្ទាប់ ដើម្បីជួយដល់បងប្អូនខ្មែរចិនអោយបានចាក់វ៉ាក់សាំងទាំងអស់គ្នា ។
បន្ទាប់ពីកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩បញ្ចប់ អ្នករៀបចំកម្មវីធីនឹងប្រកាសតារាងរាយនាមអ្នកចូលរួមឧបត្ថម្ភ ដើម្បីជាការថ្លែងអំនរគុណ ។
គួររំលឹកផងដែរថា៖ នាថ្ងៃទី៩-១២ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាបានរៀបចំ កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩លើកទី១ ដោយមានអ្នកចាក់វ៉ាក់សាំងដូសទី១ សរុបចំនួន 3211នាក់ ហើយ កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី៣០-៣១ ខែឧសភា នេះ ផងដែរ ។
评论被关闭。