ប្រធាន គ.វ.ក១៩ ៖ កម្ពុជាមានសំណាងណាស់ ដែលមានសម្តេចតេជោ ជាថ្នាក់ដឹកនាំ ជាពិសេសក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ-១៩

ក្នុងឱកាសនាំយកជំនួយឧបត្ថម្ភជាថវិកាចំនួន ១០លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៥លាន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តឧត្ដរមានជ័យ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា កម្ពុជាយើងពិតជាមានសំណាងណាស់ ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ជាពិសេសទៅទៀតនោះគឺក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ-១៩ នៅក្នុងប្រទេស។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមថា យុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស គឺនៅព្រឹកនេះយើងបានឃើញទាំងអស់គ្នាហើយ ថាមានអ្នកបានចាក់វ៉ាក់សាំងលេខរៀងទី៥លាន ក្នុងចំណោមប្រជាជនគោលដៅ ១០លាននាក់។ លទ្ធផលនេះ គឺបង្ហាញឱ្យយើងទាំងអស់គ្នាឃើញថា កម្ពុជាមិនអាចខ្វះបានទេ នូវការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារបស់យើង។ អាចនិយាយបានផងដែរថា នៅក្នុងដំណាក់កាលដែលវីរុសកូវីដ-១៩ កំពុងតែឆ្លងរាលដាលនៅទូទាំងពិភពលោក ហើយកម្ពុជាក៏កំពុងតែមានការឆ្លងប្រចាំថ្ងៃច្រើនផងដែរនោះ វត្តមានសម្តេចតេជោ ហ៊ុន សែន នៅពេលនេះគឺសំខាន់ណាស់ ក្នុងការជួយប្រទេសជាតិមួយនេះ ការស្តារសេដ្ឋកិច្ចឡើងវិញ កិច្ចការអភិវឌ្ឍ និងការរីកចម្រើនក្នុងវិស័យផ្សេងៗ ឱ្យបានដូចប្រទេសនានាលើសកលលោក។

ដោយឡែកក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ-១៩ ក្នុងប្រទេសវិញ លោកជំទាវវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ៖ “ក្នុងដំណាក់កាលនេះ គឺយើងរឹតតែត្រូវការសម្តេចថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ទទួលបានជោគជ័យ ជាពិសេសនោះគឺសម្តេចបានដាក់ចេញយុទ្ធសាស្រ្តផ្ការីក ក្នុងការចាក់វ៉ា់ក់សាំងដើម្បីជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋ កាត់បន្ថយជាអតិបរិមានូវការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅទូទាំងប្រទេស។”

ក្នុងឱកាសនោះផងដែរ លោកជំទាវវេជ្ជបណ្ឌិត ក៏បានពន្យល់ពាក់ព័ន្ធនឹងគម្លាតនៃការចាក់វ៉ាក់សាំងរវាងដូសទី១ និងដូសទី២ ដែលដឹងជាទូទៅថាមានរយៈពេល ១៤ថ្ងៃ ហើយកាលពីថ្ងៃម្សិលមិញក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំឱ្យគណៈអភិបាលរាជធានីខេត្ត ត្រូវយកគម្លាតចំនួន ២១ថ្ងៃវិញ ដោយលោកជំទាវ បានគូសបញ្ជាក់ថា ៖ “កាលពីមុន ពាក់ព័ន្ធនឹងគម្លាត១៤ថ្ងៃនេះ គឺក្រសួងសុខាភិបាលធ្វើតាមការណែនាំរបស់ក្រុមហ៊ុន ដែលផលិតវ៉ាក់សាំង ហើយក៏ពុំមានអ្វីខុសឆ្គងពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសដែរ ព្រោះនេះជារបកគំហើញ នៃវិទ្យាសាស្រ្តដែលត្រូវបានណែនាំ ហើយប្រទេសដទៃដែលប្រើវ៉ាក់សាំងប្រភេទនេះ ក៏អនុវត្តតាមរបកគំហើញដូចយើងដែរ។ ចំពោះមូលហេតុមួយទៀត នោះគឺនៅពេលនោះស្ថានភាពនៃការរីករាលដាលខ្លាំង និងលឿន ជាពិសេសគឺនៅតំបន់ក្រហម ដូច្នេះហើយការងារចាក់វ៉ាក់សាំងរបស់យើង ក៏ត្រូវតែរុញឱ្យបានលឿនផងដែរ និងគ្របដណ្តប់បានច្រើន ហើយចំពោះចំនុចនេះ អ្នកវិទ្យាសាស្រ្តក៏បានលើកឡើងផងដែរ ក្នុងករណីដែលចាំបាច់ បន្ទាន់ គឺអាចអនុវត្តបានក្នុងចន្លោះពីរសប្តាហ៍ ទៅបួនសប្តាហ៍ រវាងដូសទី១ និងដូសទី២ ហើយយើងជ្រើសរើសយក ២សប្តាហ៍”។

លោកជំទាវ បានពន្យល់បន្ថែមថា ដោយសារតែវិទ្យាសាស្រ្តមានការវិវត្តទៅមុខ ហើយក្រុមអ្នកវិទ្យាសាស្រ្ត ក៏បាននិងកំពុងសិក្សាជាបន្តបន្ទាប់ជាប់រហូតមក ជាពិសេសបន្ទាប់ពីមានការកើតចេញមកនូវពពួកវីរុសបំប្លែងខ្លួនថ្មី ហើយនៅពេលថ្មីៗនេះ ក្រសួងសុខាភិបាលក៏ទទួលបានឯកសារផ្លូវការពីអង្គការសុខភាពពិភពលោក (WHO) ដោយបញ្ជាក់ថា ការចាក់វ៉ាក់សាំងដោយយកគម្លាត ១៤ថ្ងៃ គឺមិនមានខុសអ្វីទេ ប៉ុន្តែតាមរយៈការសិក្សាកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា បើសិនជាពន្យារការចាក់ដូសទី១ និងដូសទី២ មួយសប្តាហ៍បន្ថែមទៀត នោះការបង្កើតកងការពារគឺកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋបានចំនួន ៥ ១០៤ ៨៤៦ នាក់ សម្រាប់ដូសទី១ និងចាក់បានចំនួន ៣ ៩៤៨ ០១១ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ៥១.០៥% នៃប្រជាជនគោលដៅ ១០លាន នាក់៕

ប្រភពពី​ក្រសួងព័ត៍មាន

你可能还喜欢

评论被关闭。