កន្លះសតវត្សរ៍ដែលប្រទេសចិនថ្មីជាសមាជិកអង្គការសហប្រជាជាតិ បានរួមចំណែកយ៉ាងសកម្មក្នុងការគាំពារសុខសន្តិភាពពិភពលោក របៀបរៀបរយអន្តរជាតិនិងពហុភាគីនិយម
ឆ្នាំនេះជាខួបទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិនឬហៅថាប្រទេសចិនថ្មីទទួលបានអាសនៈឡើងវិញក្នុងអង្គការសហប្រជាជាតិ ។
កាលពី ៥០ ឆ្នាំមុន ប្រទេសចិនដែលទើបស្តារឡើងវិញពីសង្គ្រាមរ៉ាំរ៉ៃ បានបង្ហាញវត្តមានជាថ្មីក្នុងអង្គការសហប្រជាជាតិ ។ ទង់ជាតិពណ៌ក្រហមឆ្អិនឆ្អៅរំលេចដោយផ្កាយមាសប្រាំដួងបានបង្អួតខ្លួនបក់រវិចតាមខ្យល់នៅឯទីចាត់ការទូទៅអង្គការសហប្រជាជាតិនាបុរីញូវយ៉ក ដែលជាការបង្ហាញប្រាប់ពិភពលោកថា ប្រទេសចិនបានឈរស្មើមុខស្មើមាត់ឡើងវិញជាមួយបណ្តាប្រទេសនានាដែលជាសមាជិកនៃអង្គការសហប្រជាជាតិ ។
៥០ ឆ្នាំមកនេះ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតជាមួយអង្គការសហប្រជាជាតិ ប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់ឡើងៗ ដែលបានជួយជំរុញដល់ស្ថិរភាព សន្តិភាព វឌ្ឍនភាព និងវិបុលភាពពិភពលោកតាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ។
ចិនជាប្រទេសមួយដែលបានចាត់បញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិច្រើនបំផុត ។ ស្មារតីដ៏មោះមុតមិនខ្លាចពលិកម្មរបស់កងកម្លាំងមួកខៀវនៃប្រទេសចិនទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រទេសដែលទទួលបានជំនួយនិងក្រុមប្រឹក្សាសន្តិសុខ ។ មិនថានៅប្រទេសកម្ពុជា លីប៊ី លីបង់ សូម៉ាលី ស៊ូដង់ ។ល។ ក្រៅពីការយកឈាមស្រស់ទៅរក្សាសន្តិភាពនិងផ្សះផ្សាការប៉ះទង្គិច ប្រយុទ្ធប្រឆាំងភេរវនិយម កងកម្លាំងមួកខៀវចិនក៏បានខិតខំរឹតចំណងមិត្តភាពរវាងប្រទេសចិនជាមួយប្រទេសពាក់ព័ន្ធតាមរយៈការជួយបង្ហាត់បង្រៀនបច្ចេកទេសផ្សេងៗនិងការផ្តល់ជំនួយជាសម្ភារៈដល់ប្រជាពលរដ្ឋក្នុងតំបន់ ដែលបង្ហាញពីស្មារតីស្រឡាញ់សន្តិភាពនិងទំនួលខុសត្រូវរបស់ប្រទេសចិន ។
៥០ ឆ្នាំមកនេះ ប្រទេសចិនតែងតែឈរនៅជាមួយពិភពលោកជានិច្ច ជាពិសេសក៏នៅពេលដែលពិភពលោកកើតមានបញ្ហាប្រឈមជាសកល ។ អ្វីដែលយើងទាំងអស់គ្នាបានឃើញច្បាស់នឹងភ្នែក គឺការរួមចំណែករបស់ប្រទេសចិនក្នុងការសម្របសម្រួលជម្លោះអន្តរជាតិ ព្រមទាំងការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុតាមរយៈការដាក់ចេញនូវផែនការរបស់ខ្លួន ពោលគឺការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនៅឆ្នាំ២០៣០ និងអាព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០ ។
ក្រៅពីនេះ ប្រទេសចិនបានកាត់បន្ថយភាពក្រីក្រទាំងស្រុងក្នុងឆ្នាំ ២០២០ ដែលជាការរួមចំណែកលើសពី ៧០ នៃការងារកាត់បន្ថយភាពក្រីក្រទៅទូទាំងពិភពលោកស្របតាមគោលដៅសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ។
ជាពិសេស បន្ទាប់ពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ មក ក្រៅពីការផ្តល់ជំនួយជាសម្ភារៈវេជ្ជសាស្ត្រ ប្រទេសចិនបានផ្តួចផ្តើមឱ្យចាត់ទុកវ៉ាក់ជាផលិតផលសាធារណៈ ដែលបានក្លាយជាប្រទេសដំបូងបង្អស់លើពិភពលោកដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ ១៩ ដល់បរទេស និងមានបរិមាណច្រើនបំផុតគិតត្រឹមបច្ចុប្បន្ន ។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងក្នុងមហាសន្និបាតរំលឹកខួប៥០ ឆ្នាំនៃការដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈឡើងវិញក្នុងអង្គការសហប្រជាជាតិនាព្រឹកថ្ងៃទី ២៥ ខែតុលានេះថា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងសុខសន្តិភាពពិភពលោក យើងគួរតែសម្របខ្លួនទៅនឹងនិន្នាការប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការ មិនធ្វើបដិបក្ខគ្នា ប្រកាន់ខ្ជាប់ការបើកចំហ មិនបិទទ្វារ ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ មិនធ្វើការប្រកួតប្រជែងបែបផលបូកសូន្យ ប្រឆាំងយ៉ាងដាច់ខាតនូវអនុត្តរភាពនិយមនិងនយោបាយកម្លាំងបាយ ប្រឆាំងយ៉ាងដាច់ខាតនូវឯកតោភាគីនិយមនិងការគាំពារនិយមតាមគ្រប់ទម្រង់។
ការពិតទាំងឡាយបានបង្ហាញជូនពិភពលោកទាំងមូលថា ប្រទេសចិនបានអនុវត្តតាមពាក្យសន្យារបស់ខ្លួនជានិច្ច ដែលបានធ្វើអ្នកកសាងសន្តិភាពពិភពលោក អ្នករួមចំណែកដល់ការអភិវឌ្ឍជាសកល អ្នកគាំពាររបៀបរៀបរយនិងសណ្តាប់ធ្នាប់អន្តរជាតិ និងជាអ្នកផ្តល់ផលិតផលសាធារណៈយ៉ាងពិតប្រាកដ ។
គោលនយោបាយកំណែទម្រង់និងការបើកចំហជាជំហានទីមួយដែលប្រទេសចិនថ្មីឈានជើងចូលរួមជាមួយមហាគ្រួសារពិភពលោក ។ ជាង ៣០ ឆ្នាំបន្ទាប់ពីគោលនយោបាយកំណែទម្រង់និងបើកទូលាយ ការអភិវឌ្ឍរបស់ចិនទទួលបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ជាជំហានដែលប្រទេសចិននាំមកនូវកាលានុវត្តភាពថ្មីៗសម្រាប់ពិភពលោកជាពិសេសសម្រាប់ជួយប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការចែករំលែកពីសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន ។
ក្រៅពីនេះ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានត្រូវសរសេរបញ្ចូលក្នុងឯកសារផ្លូវការរបស់អង្គការសហប្រជាជាតិដែលបានក្លាយជាគំនិតផ្តួចផ្តើមជាសកល ។ ដោយឡែកនៅចុងក្រោយបំផុតនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមថ្មីមួយទៀត គឺការអភិវឌ្ឍជាសកល ។
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងក្នុងកិច្ចជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននៅថ្ងៃទី ២៥ ខែតុលា នេះថា គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកលដែលលើកឡើងដោយលោក ស៊ី ជីនភីង មានសារសំខាន់និងមានអត្ថន័យជាវិជ្ជមានចំពោះការជំរុញសមភាពជាសកលនិងធ្វើឱ្យការអភិវឌ្ឍដោយចីរភាពមានតុល្យភាព អង្គការសហប្រជាជាតិសូមផ្តល់ការគាំទ្រទាំងស្រុង ព្រមទាំងរីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីចិនអំពីរឿងនេះ ។
តើប្រទេសចិននឹងរួមចំណែកអ្វីទៀតសម្រាប់ការគាំពារសុខសន្តិភាពពិភពលោក របៀបរៀបរយអន្តរជាតិនិងពហុភាគីនិយម ដែលជាការនាំមកនូវផលប្រយោជន៍ទូទៅសម្រាប់មនុស្សជាតិទាំងមូល ? នេះជាការរំពឹងទុករបស់បណ្តាប្រទេសជាមិត្ត ជាដៃគូនិងអ្នកស្នេហាសន្តិភាពគ្រប់រូប ៕
( ដោយ ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន )
评论被关闭。