ពិព័រណ៍នាំចូលចិនអន្តរជាតិជាវេទិកាសំខាន់ ដែលប្រទេសចិនចែករំលែកទីផ្សារនិងកាលានុវត្តភាពនៃការអភិវឌ្ឍរបស់ខ្លួនជាមួយពិភពលោក

ពិព័រណ៍នាំចូលចិនអន្តរជាតិដែលប្រារព្ធធ្វើមួយឆ្នាំម្តងនៅដើមខែវិច្ឆិកាជាវេទិកាដ៏សំខាន់មួយដែលផ្តួចផ្តើមនិងជំរុញផ្ទាល់ដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន គឺជាការសម្រេចចិត្តដ៏សំខាន់មួយរបស់រដ្ឋាភិបាលចិនសម្រាប់ជំរុញការបើកទូលាយជុំថ្មីរបស់ប្រទេសចិន និងជាវិធានការដ៏សំខាន់ដែលប្រទេសចិនបើកទូលាយទីផ្សារដោយម្ចាស់ការចំពោះពិភពលោក ដោយបានគួបផ្សំយ៉ាងស៊ីចង្វាក់គ្នាជាមួយគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលជាការចែករំលែកធនធានទីផ្សារនិងកាលានុវត្តភាពនៃការអភិវឌ្ឍរបស់ប្រទេសចិនជាមួយពិភពលោកទាំងមូល ។

៣ ឆ្នាំកន្លងមក ពិព័រណ៍នាំចូលចិនអន្តរជាតិទទួលបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ពិសេសបើទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ ១៩ ក្តី តែពិព័រណ៍នេះនៅតែបានដំណើរការយ៉ាងរលូនក្រោមការគាំទ្រនិងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រទេសនិងតំបន់ជាមិត្ត ជាដៃគូរបស់ចិននៅទូទាំងពិភពលោក ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិក្នុងការគាំពារពហុភាគីនិយម ពាណិជ្ជកម្មសេរីនិងការបើកទូលាយទីផ្សារ ។

ជាក់ស្តែង តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន នៅ ៣ ត្រីមាសដើមឆ្នាំ ២០២១ នេះ ទំហំនាំចេញនាំចូលរវាងប្រទេសចិនជាមួយអាស៊ានត្រូវជា ៤.០៨ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ២១.១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ ពោលគឺអាស៊ាននៅតែស្ថិតក្នុងឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ចិន ដែលមានអនុបាត ១៤.៤% ក្នុងទីផ្សារចិន ។

ជាពិសេសនៅក្នុងឆ្នាំ ២០២០ កន្លងទៅ បើទោះបីជារងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ ១៩ ក្តី ប៉ុន្តែទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិននៅតែបន្តកើនឡើង ១.៤% ដដែល ពោលគឺសម្រេចបាន ៩,៥៦០ លានដុល្លារអាមេរិក ។ ដោយឡែក បើតាមការបញ្ជាក់របស់លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនសម្រេចបានជិត ៥,០០០ លានដុល្លារអាមេរិក កើនឡើង ៣១% ក្នុងរយៈពេលខែ ៦ ដើមឆ្នាំ ២០២១ នេះ ។

អស់កាលជាយូរកន្លងមក ដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុបគឺសហរដ្ឋអាមេរិក ប៉ុន្តែក្នុងបរិបទជំងឺកូវីដ ១៩ និងក្រោមការជំរុញនៃគោលនយោបាយកំណែទម្រង់និងបើកទូលាយក្នុងកម្រិតខ្ពស់របស់ប្រទេសចិន នៅឆ្នាំ ២០២០ កន្លងទៅនេះ ប្រទេសចិនបានជំនួសឱ្យសហរដ្ឋអាមេរិកក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប ដោយក្នុងនោះប្រទេសចំនួន ២៧ នៅសហភាពអឺរ៉ុបបាននាំចូលទំនិញចិនក្នុងតម្លៃ ៣៨៣.៥ ប៊ីលានអឺរ៉ូ កើនឡើង ៥.៦% ចំណែកប្រទេសចិនបាននាំចូលទំនិញពីសហភាពអឺរ៉ុបក្នុងទំហំ ២០២.៥ ប៊ីលានអឺរ៉ូ កើនឡើង ២.២ % ។

ជាពិសេសគឺនៅខែកញ្ញាឆ្នាំ២០២០ ប្រទេសចិននិងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងស្តីពីផលិតផលសម្គាល់ភូមិសាស្ត្រទំនិញរវាងចិននិងអឺរ៉ុប» ដែលជាកម្លាំងចលករថ្មីសម្រាប់ជំរុញផលិតផលកសិកម្មគុណភាពខ្ពស់របស់ភាគីទាំងពីរឱ្យចូលទៅទីផ្សាររបស់គូភាគីដោយកាន់តែងាយស្រួលនិងឆាប់រហ័ស ដែលបាននាំមកនូវផលប្រយោជន៍ថ្មីជូនដល់ប្រជាជននៃភាគីទាំងពីរ ។

បច្ចុប្បន្ន កសិផលជាច្រើនរបស់ប្រទេសកម្ពុជាបានបង្ហាញវត្តមានក្នុងទីផ្សារចិន និងទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ចិន ។ ផលិតផលកសិកម្មកម្ពុជាបានក្លាយជាអាហារដ៏មានឱជារសនៅលើតុអាហាររបស់ជនជាតិចិនទូទៅ ពោលគឺផលិតផលសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជាទាំងនេះបានរួមចំណែកដល់ការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅក្នុងប្រទេសចិន ។

ជាការពិតណាស់ យើងអាចប្រមើលឃើញថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិនចូលជាធរមាន នឹងមានផលិតផលរបស់កម្ពុជាកាន់តែច្រើនឡើងៗចូលទៅទីផ្សារចិន ដែលនឹងញ៉ាំងឱ្យប្រជាជនចិនកាន់តែច្រើនឡើងៗ បានស្គាល់ពីផលិតផលខ្មែរ ដែលមិនត្រឹមតែជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងចិនទៀតផង ។

គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទីផ្សាររបស់ប្រទេសចិនគឺប្រកបដោយសក្តានុពលដ៏ធំធេងដែលមិនអាចមើលរំលងបាន ដែលហាក់ដូចជាមេដែកក៏មានកម្លាំងទាក់ទាញដែលកំពុងស្រូបទាញក្រសែចក្ខុរបស់វិនិយោគិននៃបណ្តាប្រទេសនានាលើពិភពលោក ។ ស្របនឹងការធ្វើឱ្យមានសុក្រឹតភាពជាបន្តបន្ទាប់នូវច្បាប់វិនិយោគរបស់ចិន បរិយាកាសពាណិជ្ជកម្មនិងវិនិយោគរបស់ចិនមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនឹងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែច្រើនថែមទៀតសម្រាប់ចែករំលែកជាមួយពិភពលោក ដូចប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលបានលើកឡើងថា«ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាប្រទេសនានា ដើម្បីបង្កើតកាលានុវត្តភាពថ្មីតាមរយៈការបើកទូលាយ ដោះស្រាយបញ្ហាលំបាកតាមរយៈកិច្ចសហប្រតិបត្តិការ ពួតដៃគ្នាដើម្បីបង្កើតអនាគតកាន់តែល្អបវររបស់មនុស្សជាតិទាំងមូល!» ៕( ដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន )

相关新闻