សំណើ ៤ ចំណុចដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោកគឺជាការរួមចំណែកជា«ផែនការចិន»សម្រាប់ការអភិវឌ្ឍជាសកលក្រោយពីបញ្ចប់ជំងឺរាតត្បាតសកល
កិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោកបានបើកធ្វើនៅថ្ងៃទី ១៧ ខែមករានេះ ខណៈពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ និងបម្រែបម្រួលនិម្មាបនកម្មដ៏កម្រក្នុងរយៈពេលមួយសវត្សរ៍កន្លងមក ដែលបានបណ្តាលឱ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះអស់រយៈពេលពីរឆ្នាំមកហើយ ។
តបតាមការអញ្ជើញ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដែអូក្នុងវេទិកានេះ ដោយលើកឡើងសំណើ ៤ ចំណុច ៖ ទី១ ពួតដៃគ្នាធ្វើកិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំកម្លាំងដើម្បីយកឈ្នះលើជំងឺឆ្លង ។ ទី២ លុបបំបាត់ហានិភ័យគ្រប់ប្រភេទ ជំរុញការស្តារសេដ្ឋកិច្ចសកលឡើងវិញដោយនឹងនរ ។ ទី៣ ផ្លោះរំលងគម្លាតធំខាងការអភិវឌ្ឍ ស្តារការអភិវឌ្ឍជាសកលឡើងវិញ ។ ទី៤ លុបបំបាត់គំនិតសង្គ្រាមត្រជាក់ សម្រេចការរួមរស់នៅដោយសន្តិសហវិជ្ជមាន ផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ ។
តាមរយៈការលើកឡើងនៃសំណើទាំងនេះ យើងអាចយល់ដឹងកាន់តែច្បាស់អំពីជំហររបស់ប្រទេសចិនដែលប្រកាន់ខ្ជាប់ពហុភាគីនិយម រួមគ្នាប្រឈមមុខនឹងវិបត្តិរួម បង្រួញគម្លាតនៃការអភិវឌ្ឍរវាងប្រទេសជឿនលឿននិងប្រទេសកំពុងអភិវឌ្ឍន៍ និងភាពសុខុមនីយកម្ម ដែលជាការចែករំលែកនូវ«ផែនការចិន»និងជា«តម្រិះចិន»សម្រាប់រួមចំណែកដល់ការអភិវឌ្ឍជាសកល ក៏ដូចជាការពួតដៃគ្នាពុះពារឧបសគ្គដើម្បីដើរចេញផុតពីស្រមៅខ្មៅនៃវិបត្តិផ្សេងៗ ពិសេសគឺវិបត្តិជំងឺរាតត្បាតសកលដែលស្ថិតនៅចំពោះមុខ ។
តាំងពីសាធារណរដ្ឋប្រជាមានិតចិនឬប្រទេសចិនថ្មីបានចាប់បដិសន្ធិមក ជំហានអភិវឌ្ឍន៍របស់ចិនបានឈានទៅមុខជាលំដាប់រហូតបានក្លាយជាក្បាលម៉ាស៊ីនមួយនៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន ។ ក្បួនសម្ងាត់នៃការដែលប្រទេសចិនអាចប្រែខ្លួនពី«កូនទូក»ទៅជា«នាវាយក្ស»បែបនេះ គ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺការប្រកាន់ខ្ជាប់គោលបំណងដើមរបស់ខ្លួន ពោលគឺខិតខំអភិវឌ្ឍខ្លួនឯងនិងចែករំលែកនូវសមិទ្ធផលអភិវឌ្ឍន៍របស់ខ្លួនជាមួយពិភពលោក ។
ជាក់ស្តែង មិនថានៅក្នុងកាលៈទេសៈណាក្តី ប្រទេសចិនរមែងតែងចេញមុខគូសបញ្ជាក់ពីភាពចាំបាច់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលជាមូលដ្ឋានគ្រឹះនៃពហុភាគីនិយម ព្រមទាំងបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីឈានទៅរកការអនុវត្តជាក់ស្តែងនូវពហុភាគីនិយម ក្នុងនេះ គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» និងការចាត់ទុកវ៉ាក់សាំងជាផលិតផលសាធារណៈបានរួមចំណែកមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ។
ពិភពលោកបច្ចុប្បន្នជាពហុប៉ូលមួយ ដូច្នេះការខ្វែងគំនិតគឺជារឿងដែលមិនអាចចៀសវាងបាន ដូចសុភាសិតខ្មែរពោលថា«ចានមួយរាវ លែងអីរណ្តំគ្នា» ។ ដ្បិតអណ្តាតនិងធ្មេញតែងប៉ះគ្នារាល់ថ្ងៃមែនពិត តែគង់ស្ថិតនៅជាមួយគ្នាដោយមិនអាចខ្វះគ្នាបាន អាស្រ័យហេតុនេះ ពិភពលោកដែលមានពិពិធកម្ម និងពហុភាវូបនីយកម្មជាការវិវឌ្ឍតាមលំនាំនៃក្រឹត្យក្រមធម្មជាតិដែលជានិន្នាការរំកិលទៅតាមយុគសម័យ ។
យ៉ាងណាមិញ មានអ្នកជ្រោងទង់ពហុភាគីនិយម ក៏មានអ្នកជ្រោងទង់អញនិយមដែរ ។ បច្ចុប្បន្ន ទំនាស់ជាច្រើនតែងកើតចេញពីមហិច្ឆតានយោបាយដែលអាត្មានិយម ដែលអ្វីៗគ្រប់យ៉ាងសុទ្ធតែបានក្លាយជាឧបករណ៍របស់អ្នកនយោបាយដែលគ្មានគុណធម៌សម្រាប់យកទៅវាយប្រហារអ្នកដទៃដើម្បីពង្រឹងអំណាចអនុត្តរភាពរបស់ខ្លួន ។ ល្បែងនយោបាយរបស់បុគ្គលមួយចំនួនបានបង្កភាពល្អក់កករថែមទៀតដល់ពិភពលោកដែលកំពុងតែកើតមានវិបត្តិសុខភាពសាធារណៈ សង្គមនិងសេដ្ឋកិច្ចដែលពុំធ្លាប់មានពីមុនមក ។
គ្មានអ្វីគួរឱ្យសង្ស័យឡើយ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បើទោះបីជាមានអ្នកដើររុកគួន ឆ្កឹះឆ្កៀល ញុះញង់បំបែកបំបាក់ ឬគំរាមកំហែងយ៉ាងណាក្តី ក៏មតិភាគច្រើនដាច់ខាតសុទ្ធតែឈរនៅម្ខាងនៃភាពសច្ចយុត្តិធម៌ដែលមានពហុភាគីនិយមជាស្នូល ។ ចំណែកឯប្រទេសចិនដែលជាតួអង្គសំខាន់មួយនៃការគាំពារនិងលើកស្ទួយពហុភាគីនិយមក៏បានបញ្ចេញនូវ«ផែនការចិន»ជាបន្តបន្ទាប់ ដើម្បីនាំមកនូវជំនឿចិត្តនិងកម្លាំងចិត្តសម្រាប់អ្នកប្រកាន់យកពហុភាគីនិយមនៅលើពិភពលោក ស្របតាមគំនិតផ្តួចផ្តើម«អភិវឌ្ឍន៍សកល»ដែលលើកឡើងដោយប្រមុខរដ្ឋចិន ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺជាអ្នកគាំពារពហុភាគីនិយមយ៉ាងមុតមាំ ដោយសម្តេចធ្លាប់បានគូសរំលេចជាច្រើនលើកច្រើនសាថា ពហុភាគីនិយមជាគ្រឹះនៃសន្តិភាព ស្ថិរភាពនិងវិបុលសុខសកល ។ ការពន្លឿនការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ និងការលើកកម្ពស់សាមគ្គីភាពប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយមគឺជាគន្លឹះដ៏ចាំបាច់ ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចពិភពលោកនៅក្រោយពេលវិបត្តិជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។
ជារួម ពិភពលោកត្រូវការបំផុតនូវពហុភាគីនិយមដើម្បីពួតដៃគ្នាដើរឆ្លងវិបត្តិរួម មិនថាជំងឺកូវីដ-១៩ លើកនេះ ឬក៏វិបត្តិណាមួយនាពេលអនាគតនោះឡើយ ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
评论被关闭。