វប្បធម៌ចិននិង ភាពរ៉ូមេនទិចបែបចិន បានឆ្លុះបញ្ចាំងតាមរយៈការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង
ដូចការសន្យារបស់ប្រទេសចិន ពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ បានប្រារព្ធឡើងតាមពេលកំណត់ដោយរលូន ក្រោមសក្ខីភាពនៃថ្នាក់ដឹកនាំចិននិងថ្នាក់ដឹកនាំបរទេសជាច្រើនរួប ក៏ដូចជាប្រជាជនទូទាំងពិភពលោក ។
ការរាប់ថយក្រោយក្នុងពិធីសម្ពោធបើកបានធ្វើតាមការរំកិលថយក្រោយនៃរដូវកាលទាំង ២៤ ក្នុងមួយឆ្នាំរបស់ប្រទេសចិន រដូវកាលទាំង ២៤ នេះជាវប្បធម៌ចិនដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ។ ជាពិសេស ថ្ងៃទី ៤ ខែកុម្ភៈនេះត្រូវចំរដូវកាលទី ១ របស់ប្រទេសចិនគឺ «立春 Lichun» មានន័យថាជាការចាប់ផ្តើមនៃរដូវផ្ការីកឬឆ្នាំថ្មី អ្វីៗគ្រប់យ៉ាងមានសភាពស្រស់បំព្រង អ្វីៗគ្រប់យ៉ាងមានការចាប់ផ្តើមយ៉ាងល្អប្រសើរ ។
នៅក្នុងវប្បធម៌ប្រពៃណីចិនបានឱ្យតម្លៃយ៉ាងខ្លាំងចំពោះរដូវផ្ការីក ព្រោះជាខណៈពេលចាប់ផ្តើមក្នុងឆ្នាំថ្មី អាកាសធាតុរងាខ្លាំងបានរសាត់ទៅឆ្ងាយបន្តិចម្តងៗ ហើយជំនួសដោយភាពត្រជាក់ស្រួលល្មមនៃរដូវផ្ការីក ។ បុប្ផាទាំងពួងចាប់ផ្តើមចេញពន្លកនិងរីកស្គុសស្គាយបង្អួតសម្រស់លម្អធម្មជាតិ ។
ការសម្តែងបើកពិធីដែលមានរុក្ខជាតិបៃតងលូតលាស់ឡើងយ៉ាងស្រស់ញញឹមជាសញ្ញាបញ្ជាក់ពីភាពរស់រវើក ភាពក្លៀវក្លានិងភាពរុងរឿង ពិសេសគឺគូសរំលេចពីទស្សនៈអភិវឌ្ឍន៍បៃតងដែលជាទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោកនាពេលបច្ចុប្បន្ននិងអនាគត ។
កងប្រាំប្រទាក់ក្រឡាគ្នាដែលជានិមិត្តសញ្ញានៃការប្រកួតកីឡាអូឡាំពិកបានបំបែកដុំគូបទឹកកកដ៏ធំនិងផុសត្រដែតឡើង ។ ក្នុងភាសាចិន «បំបែកទឹកកក»មានន័យថាលុបបំបាត់ភាពជាប់គាំង លុបបំបាត់មន្ទិលសង្ស័យចំពោះគ្នា លុបបំបាត់គម្លាតគ្នា ហើយរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ។
ផ្កាព្រិលដ៏ធំមួយដែលផ្គុំឡើងដោយផ្កាព្រិលតូចៗដែលមានឈ្មោះរបស់បណ្តាប្រទេសដែលចូលរួមការប្រកួតត្រូវបានព័ន្ធព័ទ្ធដោយមែកអូលាវដែលជានិមិត្តរូបនៃសន្តិភាព ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺថា ពិធីសម្ពោធបើកលើកនេះគ្មានការអុជបំភ្លឺភ្លើងគប់ធំនោះទេ តែគឺយកភ្លើងគប់ដែលរត់បណ្តាក់ទៅដោតនៅចំកណ្តាលផ្កាព្រិលធំបង្ហាញថាគ្រប់ប្រទេសពួតដៃរួមសាមគ្គីគ្នាជម្នះគ្រប់ឧបសគ្គដើម្បីបំភ្លឺអនាគតរបស់មនុស្សជាតិ ហើយក៏ស៊ីចង្វាក់គ្នានឹងទស្សនៈរៀបចំការប្រកួតបែបសាមញ្ញ សន្សំសំចៃនិងអស្ចារ្យរបស់ប្រទេសចិនផងដែរ ។ ការបំភ្លឺភ្លើងគប់អូឡាំពិកបែបនេះជាការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន ហើយក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍អូឡាំពិកផងដែរ ។ វប្បធម៌បែបនេះជាភាពរ៉ូមេនទិចដែលដក់ជាប់ក្នុងហ្សែនរបស់ជនជាតិចិន ។
គួររំលឹកថា រចនាបថចិនដែលជាតំណាងមួយនៃវប្បធម៌ចិនបានរួមបញ្ចូលយ៉ាងពេញលេញក្នុងដំណើរទាំងស្រុងនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ពោលគឺចាប់តាំងពីពេលត្រៀមរៀបចំ ពេលបើកសម្ពោធ និងក្នុងដំណើរប្រកួត ។ សញ្ញាការប្រកួត តុក្កតាតំណាងការប្រកួតដែលរចនាចេញជារូបសត្វខ្លាឃ្មុំផេនដា និងរូបចង្កៀងគោម ក៏ដូចជារចនាបថនៃទីតាំងប្រកួតសុទ្ធតែជាខ្លឹមសារនៃវប្បធម៌ប្រពៃណីចិន ។
ក្រៅអំពីការចែករំលែកវប្បធម៌ប្រពៃណីរបស់ខ្លួន ដើម្បីឱ្យពិភពលោកកាន់តែយល់ដឹងថែមទៀតអំពីប្រទេសចិន ប្រទេសចិនក៏រំពឹងទុកក្នុងការរួបរួមគ្នាជាមួយពិភពលោកផងដែរដោយបានដាក់ចេញនូវពាក្យស្លោកប្រធានបទនៃការប្រកួតកីឡាអូឡាំពិករដូវរងាលើកនេះគឺ«រួមគ្នាឆ្ពោះទៅអនាគត» ដែលទទួលបានការទទួលស្គាល់និងការគាំទ្រជាទូទៅពីសហគមន៍អន្តរជាតិ ។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានមានព្រះរាជបន្ទូលគូសបញ្ជាក់ថា «រួមគ្នាឆ្ពោះទៅអនាគតបានឆ្លុះបញ្ចាំងពីការរួបរួមសាមគ្គីគ្នា និងខិតខំរួមគ្នា និងបង្ហាញពីគុណតម្លៃស្នូលនិងចក្ខុវិស័យនៃកីឡាអូឡាំពិក ព្រមទាំងការស្វែងរកគោលដៅរួបរួម សន្តិភាព និងភាពរីកចម្រើននៃពិភពលោក ។ ទន្ទឹមនឹងនេះ ពាក្យស្លោកប្រធានបទនេះ ក៏បានឆ្លុះបញ្ចាំងពីគុណតម្លៃសំខាន់ៗនៃកីឡាប៉ារ៉ាឡាំពិករដូវរងា ជាពិសេសការដើរតួនាទីសំខាន់នៃកីឡាអូឡាំពិកក្នុងការលើកកម្ពស់ការយោគយល់គ្នានៅក្នុងសង្គម» ។
បច្ចុប្បន្ន ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបាននិងកំពុងដំណើរការក្រោមបរិយាកាសសុវត្ថិភាព ពិតមែនតែស្ថិតក្នុងរដូវរងា តែក្នុងដួងចិត្តនៃគណៈប្រតិភូកីឡានៃបណ្តាប្រទេសគឺពោរពេញទៅដោយភាពកក់ក្តៅ ។ អត្តពលិកនៃបណ្តាប្រទេសបាននិងកំពុងបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងទីលានប្រកួតដើម្បីសម្រេចក្តីសុបិនអូឡាំពិករបស់ខ្លួន ។ ពួកគេខិតខំធ្វើឱ្យបានល្អលើសពីពេលមុនៗដោយប្រកាន់ខ្ជាប់និងឆ្លុះបញ្ចាំងយ៉ាងប្រាកដប្រជានូវស្មារតីអូឡាំពិកគឺ«យោគយល់គ្នា មិត្តភាព សាមគ្គីភាព និងប្រកួតប្រជែងដោយយុត្តិធម៌» និងបាវចនាថ្មីនៃកីឡាអូឡាំពិកគឺ «កាន់តែលឿន កាន់តែខ្ពស់ កាន់តែខ្លាំង—កាន់តែសាមគ្គី» ។
ក្នុងបរិបទជំងឺកូវីដ-១៩ ប្រទេសចិនបានរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកដែលប្រកបដោយភាពអស្ចារ្យ និងសុវត្ថិភាព ដែលជាការបំភ្លឺនូវក្តីសង្ឃឹមរបស់ប្រជាជនពិភពលោកចំពោះសន្តិភាព មិត្តភាព និងសាមគ្គីភាព ។ យើងអាចជឿជាក់បានថា ការរៀបចំការប្រកួតកីឡាអូឡាំពិកមួយលើកដ៏អស្ចារ្យ មុខជានឹងរួមចំណែកជា«កម្លាំងចិន»កាន់តែច្រើនទៀតសម្រាប់ការរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិជាក់ជាមិនខាន ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
评论被关闭。