ប្រធានបទក្តៅដែលប្រជាជនចិន យកចិត្តទុកដាក់ក្នុងអំឡុងពេល បើកធ្វើមហាសន្និបាតនៃសភាទាំងពីរបង្ហាញពីការរំពឹងទុកនិងទំនុកចិត្តចំពោះបក្សនិងរដ្ឋ
ប្រជាជនចិនបានចាត់ទុកនិទាឃរដូវជាការចាប់ផ្តើមថ្មីនិងជាក្តីសង្ឃឹមថ្មី ។ នៅដើមខែមីនាជារៀងរាល់ឆ្នាំជាការរំពឹងទុករបស់ប្រជាជនចិនទូទាំងប្រទេស ដោយសារតែមានព្រឹត្តិការណ៍ធំប្រចាំឆ្នាំចំនួនពីរនឹងប្រារព្ធឡើងក្នុងពេលដំណាលគ្នា ពោលគឺមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសនិងមហាសន្និបាតនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសនឹងបើកធ្វើដើម្បីស្តាប់មតិយោបល់របស់តំណាងប្រជាជននិងសមាជិកសភាប្រឹក្សានយោបាយដែលជា«ភ្នាក់ងារនាំសារ»របស់ប្រជាជនមកពីទូទាំងប្រទេស និងពិគ្រោះពិភាក្សាគ្នាដើម្បីដោះស្រាយបញ្ហាដែលជាតម្រូវការរបស់ជាតិនិងប្រជាជន ចុងក្រោយគឺដាក់ចេញច្បាប់ឬគោលនយោបាយថ្មីស្របតាមការរំពឹងទុករបស់ប្រជាជន ។
ពិសេសគឺនាយករដ្ឋមន្ត្រីចិននឹងធ្វើរបាយការណ៍ការងាររដ្ឋាភិបាលដែលបូកសរុបពីសមិទ្ធផលការងារក្នុងឆ្នាំចាស់និងដាក់ចេញទិសដៅការងារក្នុងឆ្នាំថ្មី ដែលជាផែនទីបង្ហាញផ្លូវសម្រាប់មន្ត្រីគ្រប់ជាន់ថ្នាក់យកទៅអនុវត្តក្នុងឆ្នាំថ្មីដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជាតិនិងសង្គម ក៏ដូចជាធ្វើឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិរឹតតែប្រសើរឡើង ។
តាមការស្ទង់ប្រជាមតិតាមបណ្តាញអ៊ីនធើណេតរបស់«កាសែតប្រជាជន»នៃប្រទេសចិន ប្រធានបទក្តៅចំនួន ១០ ដែលអ្នកប្រើអ៊ីនធើណេតចិនយកចិត្តទុកដាក់បំផុតក្នុងឆ្នាំ ២០២២នេះ មានជាអាទិ៍ ប្រទេសមាននីតិរដ្ឋ , គ្រប់គ្រងបក្សដោយតឹងរ៉ឹង , របបសន្តិសុខសង្គម , អភិបាលកិច្ចសង្គម , សន្តិសុខជាតិ , នវានុវត្តន៍បច្ចេកវិទ្យា , កំណែទម្រង់ការអប់រំ , ការអភិវឌ្ឍជនបទ , ប្រទេសចិនមានសុខភាពល្អ , ប្រជាធិបតេយ្យនៃប្រជាជនក្នុងដំណើរ(អភិវឌ្ឍន៍)ទាំងមូល ។
សុក្រឹតភាពផ្នែកប្រព័ន្ធយុត្តិធម៌ជាមូលដ្ឋានគ្រឹះនៃស្ថិរភាពសង្គម
ជាការពិតដែលមិនអាចប្រកែកបាន បញ្ហាសង្គមជាបញ្ហាដ៏ស្មុគស្មាញបំផុតមួយដែលពាក់ព័ន្ធផ្ទាល់ជាមួយជីវភាពរស់នៅរបស់ប្រជាជននិងជោគវាសនាជាតិនៃប្រទេសនីមួយៗ ។ ប្រសិនជាសង្គមគ្មានច្បាប់វិន័យដ៏ត្រឹមត្រូវ នោះនឹងបង្កជាចលាចលដ៏ធ្ងន់ធ្ងរដែលមិនអាចគ្រប់គ្រងបាន ។ អាស្រ័យហេតុនេះ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតក្នុងការធ្វើកំណែទម្រង់ច្បាប់និងប្រព័ន្ធតុលាការដើម្បីធ្វើឱ្យមានសុក្រឹតភាពជាបន្តបន្ទាប់ដែលជាភាពចាំបាច់បំផុតសម្រាប់ផ្តល់យុត្តិធម៌ជូនប្រជាជន ។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់និងតុលាការលើវិស័យជាច្រើនដូចជាការតាក់តែងច្បាប់តាមបែបវិទ្យាសាស្ត្រ ការអនុវត្តច្បាប់ដោយតឹងរ៉ឹង ការដាក់ពាក្យបណ្តឹងមានភាពកាន់តែងាយស្រួល ការងាររបស់មន្ត្រីអនុវត្តច្បាប់កាន់តែមានបទដ្ឋាន ពិសេសគឺបន្ទាប់ពីបានដាក់ចេញនូវ«ច្បាប់ការពារព័ត៌មានបុគ្គលនៃសាធារណរដ្ឋប្រជាមានិតចិន»មក ប្រជាជនកាន់តែមានសុវត្ថិភាពផ្លូវចិត្ត ។ ជាក់ស្តែង ការដាក់ពិន័យឬដាក់ទោសយ៉ាងម៉ឺងម៉ាត់លើមន្ត្រីអនុវត្តច្បាប់មួយចំនួនដែល«មិនកសាងសំណុំរឿងតាមផ្លូវច្បាប់ , តម្កល់ទុកសំណុំរឿងដោយមិនស៊ើបអង្កេតឬមិនផ្តន្ទាទោសជនល្មើសឬយកសំណុំរឿងទៅប្រព្រឹត្តិអំពើពុករលួយ»ជាដើម បានកែលម្អបរិយាកាសអនុវត្តច្បាប់របស់ប្រទេសចិនដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន ។
វ៉ៃ«ខ្លា»និង«រុយ»ដើម្បីកម្ចាត់មហារីកសង្គម
ប្រជាជនចិនបានហៅមន្ត្រីពុករលួយថាជា«សត្វខ្លា»ដែលបំផ្លាញផលប្រយោជន៍សង្គមជាតិនិងប្រជាជនដោយអំណាចធំរបស់ខ្លួន ហើយហៅអ្នកដែលប្រព្រឹត្តិពុករលួយ នៅមូលដ្ឋានថាជា«សត្វរុយ»ដែលសុទ្ធតែជាមហារីកសង្គម ។ ទាក់ទិននឹងការងារគ្រប់គ្រងបក្សដោយតឹងរ៉ឹង លោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សបានលើកឡើងថា ត្រូវដាក់ទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើពុករលួយ ពោលគឺ«សត្វខ្លា»ក៏ត្រូវវ៉ៃ «សត្វរុយ»ក៏ត្រូវវ៉ៃ ដើម្បីបង្កើតជាយន្តការដែលមន្ត្រីនិងកម្មាភិបាលបក្ស«មិនហ៊ានពុករលួយ មិនអាចពុករលួយ មិនចង់ពុករលួយ» ។
បក្សនិងរដ្ឋាភិបាលចិនបានដាក់ចេញនូវគោលនយោបាយមិនអត់ឱនជាដាច់ខាតចំពោះបុគ្គលដែលប្រព្រឹត្តអំពើពុករលួយ ដើម្បីជំរុញភាពស្អាតស្អំក្នុងបក្សនិងក្នុងជួររដ្ឋាភិបាលក៏ដូចជាក្នុងសហគ្រាសរដ្ឋ ដូច្នេះប៉ុន្មានឆ្នាំចុងក្រោយនេះ មានមន្ត្រីតូចធំជាច្រើនបានត្រូវចាប់ខ្លួននិងផ្តន្ទាទោសជាបន្តបន្ទាប់ពីបទប្រព្រឹត្តិអំពើពុករលួយ ដែលជាស្នូរជួងព្រមានដល់បុគ្គលទាំងឡាយថា ក្នុងនាមជាមន្ត្រីគឺអ្នកបម្រើរាស្ត្រតែមិនមែនអ្នកជញ្ជក់ឈាមរាស្ត្រនោះទេ ។
របបសន្តិសុខសង្គមផ្តល់សុខមាលភាពជូនប្រជាជន
ការហូបចុកបានឆ្អែតនិងស្លៀកពាក់បានគ្រប់គ្រាន់ជាការធានាជាមូលដ្ឋាននៃជីវភាពរស់នៅរបស់ប្រជាជន ។ យ៉ាងណាមិញ បន្ទាប់ពីបញ្ហាហូបចុកនិងស្លៀកពាក់បានត្រូវដោះស្រាយហើយ ការផ្តល់សុខមាលភាពផ្សេងៗជូនប្រជាជនជាកិច្ចការចាំបាច់របស់រដ្ឋាភិបាល ។ របបសន្តិសុខសង្គមជាគោលនយោបាយសម្រាប់ផ្តល់ភាពកក់ក្តៅដល់ជីវភាពរស់នៅរបស់ប្រជាជនបន្ថែមពីលើការហូបចុក ស្លៀកពាក់ ស្នាក់នៅនិងធ្វើដំណើរប្រចាំថ្ងៃ ។ ពិសេសគឺប្រព័ន្ធសុខាភិបាលជាភាពចាំបាច់បំផុតសម្រាប់គាំពារសុខភាពរបស់ប្រជាជនទូទាំងប្រទេស ។
បន្ទាប់ពីកំណែទម្រង់និងបើកទូលាយអស់រយៈពេល ៤៣ឆ្នាំ និងធ្វើកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង ៣០ ឆ្នាំក្នុងការងារកាត់បន្ថយភាពក្រីក្រ ប្រទេសចិនបានជួយឱ្យប្រជាជនក្រីក្របំផុតនៅទូទាំងប្រទេសចេញផុតពីភាពក្រីក្រនៅឆ្នាំ ២០២១ ដែលជាសមិទ្ធផលដ៏ធំធេងក្នុងប្រវត្តិសាស្ត្រចិននិងពិភពលោក ។
ស្របនឹងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ការគាំពារសុខភាពប្រជាជនក៏ចាំបាច់ត្រូវពង្រឹងជាបន្តបន្ទាប់ផងដែរ ។ ក្នុងអំឡុងពេលអនុវត្ត«ផែនការជាតិប្រាំឆ្នាំទី ១៣» (ឆ្នាំ២០១៦-២០២០) ប្រទេសចិនបានកសាងនូវប្រព័ន្ធរបបសន្តិសុខសង្គមដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក ពោលគឺក្នុងចំណោមចំនួនប្រជាជនសរុប ១,៤០០លាននាក់ មានប្រជាជនលើសពី ១,៣០០ លាននាក់ទទួលបានសេវាធានារ៉ាប់រងសុខភាព និងជិត ១,០០០ លាននាក់មានការធានារ៉ាប់រងចិញ្ចឹមជីវិតក្នុងវ័យជរា ។ ក្រៅពីនេះ ច្បាប់ការងារក៏ត្រូវបានធ្វើឱ្យមានសុក្រឹតភាពជាបន្តបន្ទាប់ ឱកាសការងារកើនឡើងជារៀងរាល់ឆ្នាំ មនុស្សចាស់ជរាទទួលបានសេវាសុខភាពកាន់តែច្រើន សិទ្ធិស្ត្រីត្រូវបានលើកកម្ពស់ សិទ្ធិនិងផលប្រយោជន៍របស់ជនពិការត្រូវបានតម្កល់ជាអាទិភាព ។ល។ ដែលជាការនាំមកនូវសុខមាលភាពពិតៗសម្រាប់ប្រជាជន ។
តាមការពិពណ៌នាត្រួសៗខាងលើអំពីការរំពឹងទុករបស់ប្រជាជនចិននិងសមិទ្ធផលរបស់រដ្ឋាភិបាលចិនដែលបានឆ្លើយតបតាមតម្រូវការរបស់ប្រជាជនយើងអាចមើលឃើញថា ឆ្លងតាមរយៈការបើកធ្វើមហាសន្និបាតនៃសភាទាំងពីរជារៀងរាល់ឆ្នាំដើម្បីពិគ្រោះពិភាក្សាអំពីកិច្ចការជាតិនិងសង្គម ប្រទេសចិនបានធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចជាតិនិងសង្គម ដោយបានហក់ឡើងជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើកពិភពលោកដូចពេលបច្ចុប្បន្ន ធ្វើឱ្យប្រជាជនខ្លួនមានភាពសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ ។
ពិសេសក្រៅពីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ប្រទេសចិនក៏រីករាយចែករំលែកបទពិសោធ ក៏ដូចជាសមិទ្ធផលនិងកាលានុវត្តភាពអភិវឌ្ឍន៍របស់ខ្លួនជាមួយបណ្តាប្រទេសលើពិភពលោក ដើម្បីឆ្ពោះទៅរកវិបុលភាពរួមនិងជោគវាសនារួមតាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដូចជា «ខ្សែក្រវាត់និងផ្លូវ» , «ការរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ»និង«ការអភិវឌ្ឍជាសកល»ជាដើម ។
ជារួម ការយកចិត្តទុកដាក់របស់ប្រជាជនចិនចំពោះការបើកធ្វើមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន បានសឱ្យឃើញពីការរំពឹងទុកនិងទំនុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋដែលបានដឹកនាំប្រទេសជាតិឆ្ពោះទៅរកភាពខ្លាំងក្លានិងរុងរឿងថ្កុំថ្កើងជាបណ្តើរៗ ។
ក្រៅអំពីនេះ យើងឃើញថាមានថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកនយោបាយសំខាន់ៗនិងឥស្សរជនល្បីៗនៃប្រទេសជាច្រើនលើពិភពលោកក៏ផ្តោតការយកចិត្តទុកដាក់ចំពោះមហាសន្និបាតនៃសភាទាំងពីររបស់ចិនផងដែរ ដោយហេតុថាឆ្លងតាមរយៈមហាសន្និបាតទាំងពីរនេះ អ្នកសម្រេចចិត្តផ្នែកគោលនយោបាយអាចស្វែងយល់កាន់តែច្បាស់អំពីគោលនយោបាយរបស់ចិន សម្រាប់ដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួនដើម្បីតភ្ជាប់ជាមួយប្រទេសចិនដែលបង្កើតបានជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងន័យចែករំលែកពីសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន ក៏ដូចជារៀនសូត្រពីបទពិសោធជោគជ័យរបស់ចិនដើម្បីអភិវឌ្ឍប្រទេសរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
评论被关闭。