ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកជាវេទិកាសម្រាប់ជនពិការបង្ហាញពីស្មារតីនិងឆន្ទៈដ៏មោះមុតរបស់ខ្លួនចំពោះពិភពលោក

ប្រទេសចិនមានពាក្យមួយឃ្លាពោលថា «ពិការរាងកាយតែឆន្ទៈរឹងមាំ» ។ ក្នុងសង្គមមនុស្សយើង មានជនពិការជាច្រើនពិតមែនតែពិការកាយសម្បទាឬពិការសតិបញ្ញាពីកំណើតឬដោយសារជួបគ្រោះអកុសលណាមួយធ្វើឱ្យកាយសម្បទាឬសតិបញ្ញាមិនគ្រប់គ្រាន់ក៏មែនពិត តែជារឿយៗពួកគេមិនដែលចុះចាញ់នឹងព្រហ្មលិខិតឡើយ ការតស៊ូរស់នៅយ៉ាងអង់អាចក្លាហានបានធ្វើឱ្យពួកគេទទួលបានសមិទ្ធផលនិងកិត្តិយសក្នុងជីវិតនិងក្នុងសង្គមដូចជាមនុស្សទូទៅផងដែរ ដែលបង្ហាញពីតម្លៃនិងខ្លឹមសារនៃជីវិតដ៏អស្ចារ្យ ។

ក្នុងន័យនេះ យើងឃើញថាក្រៅអំពីភាពខុសគ្នាផ្នែកកាយសម្បទានិងសតិបញ្ញាខ្លះៗ អ្វីដែលមនុស្សមានកាយសម្បទាគ្រប់គ្រាន់ធ្វើបាន ជនពិការក៏ធ្វើបានដូចគ្នាដែរ ហើយសឹងតែអាចធ្វើបានកាន់តែល្អទៀតផង ។ អាស្រ័យហេតុនេះ មិនថាបុគ្គលឬក្រុមណាក៏ដោយ មិនថាពួកគេមានភាពខុសគ្នាពីមនុស្សទូទៅផ្នែកសតិបញ្ញាឬកាយសម្បទាក្តី គឺសុទ្ធតែមិនត្រូវរងការដាក់ឱ្យនៅឯកោឬរើសអើងឡើយ ពោលគឺពួកគេមានសិទ្ធិស្មើគ្នាក្នុងការចូលរួមសកម្មភាពសង្គម និងចែករំលែកពីសមិទ្ធផលអភិវឌ្ឍន៍នៃអរិយធម៌សង្គម ។

សក្តានុពលរបស់ជនពិការគឺគ្មានព្រំដែនទេ ។ ការប្រកួតកីឡាប៉ារ៉ាឡាំពិកគឺជាសក្ខីកម្មមួយដែលសង្គមមនុស្សយើងបានបង្កើតឡើងក្នុងគោលបំណងផ្តល់វេទិកាស្មើភាពមួយដូចការប្រកួតកីឡាអូឡាំពិកជូនចំពោះជនពិការ ដើម្បីឱ្យពួកគេរកឃើញពន្លឺនៃជីវិត តស៊ូពុះពាររាល់ឧបសគ្គដើម្បីសម្រេចក្តីសុបិនរបស់ខ្លួន ពិសេសគឺចែករំលែកពីភាពសប្បាយរីករាយនិងមិត្តភាពដែលបានមកពីការប្រកួតកីឡាជាមួយអត្តពលិកដែលមកពីទូទាំងពិភពលោក ។

ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងដែលបាននិងកំពុងដំណើរការក្រោមស្មារតី«យោគយល់ គោរព យកចិត្តទុកដាក់ ជួយយកអាសា»ក្នុងគោលបំណងបង្ហាញពីទស្សនៈ«សមភាព ចូលរួម ចែករំលែក» ប្រជាជននៅទូទាំងពិភពលោកបានមើលឃើញច្បាស់នឹងភ្នែកនូវការប្រកួតប្រជែងដ៏ស្វិតស្វាញរបស់អត្តពលិកជនពិការដែលមកពីជាង ៤០ ប្រទេស ។ ពួកគេបានជម្នះឧបសគ្គដែលមានកាយសម្បទាមិនគ្រប់គ្រាន់ យកឈ្នះខ្លួនឯង ហ៊ានប្រឈមនិងសាកល្បងជាមួយដែនកំណត់របស់មនុស្សជាតិដោយអង់អាចក្លាហាន និងឈានទៅរកការបំបែកកំណត់ត្រារបស់មនុស្សជាតិ ។

ក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនេះ គ្មានភាពរើសអើង គ្មានអរិភាព គ្មានឧបាយកលនយោបាយ ពោលគឺមានតែមិត្តភាពនិងសាមគ្គីភាព ព្រមទាំងសំឡេងទះដៃលើកទឹកចិត្តនិងកោតសរសើរដ៏ស្មោះចំពោះការបញ្ចេញថ្វីដៃដ៏ឆ្នើមរបស់អត្តពលិកជនពិការគ្រប់រូប ដែលជាគំរូនៃសហគមន៍រួមវាសនាតែមួយ ។

ជានិច្ចកាល ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍបុព្វហេតុជនពិការ ។ នៅក្នុងប្រទេសចិន សំណង់ឬបរិកា្ខរគ្មានឧបសគ្គដែលបង្កភាពងាយស្រួលសម្រាប់ការធ្វើដំណើររបស់ជនពិការបានរាយបាយពាសពេញទីកន្លែងសាធារណៈ ទាំងផ្លូវដើរ បន្ទប់ទឹក និងច្រកផ្លូវបៃតង( ច្រកផ្លូវអាទិភាព )ជាដើមគឺសុទ្ធតែជាសេវាសម្រាប់ផ្តល់ភាពកក់ក្តៅខាងផ្លូវចិត្តចំពោះជនពិការ ។ លើសពីនេះ សេវាផ្តល់ចំណេះដឹងនិងចំណីអារម្មណ៍ជូនជនពិការដូចជាបណ្ណាល័យនិងរោងភាពយន្តសម្រាប់ជនពិការភ្នែកជាដើមក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ផងដែរ ប្រការទាំងនេះបានបង្ហាញពីគោលនយោបាយគោរពសិទ្ធិនិងផលប្រយោជន៍ជនពិការរបស់រដ្ឋាភិបាលចិន ដើម្បីផ្តល់សុខុមាលភាពជូនជនពិការឱ្យដូចគ្នានឹងមនុស្សមានកាយសម្បទាគ្រប់គ្រាន់ផងដែរ ។

ក្រោមការគាំទ្រ ការជំរុញនិងលើកទឹកចិត្តរបស់រដ្ឋាភិបាលចិន ជនពិការជាច្រើនបានចូលរួមហ្វឹកហាត់ទាំងកីឡារដូវក្តៅនិងរដូវរងា ដែលធ្វើឱ្យបុព្វហេតុកីឡាជនពិការចិនទទួលបានការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ។ តួយ៉ាងក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ប្រទេសចិនមានអត្តពលិក ៩៦ នាក់ចូលរួមការប្រកួតក្នុងវិញ្ញាសាទាំងអស់ដែលជាចំនួនអត្តពលិកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រដែលប្រទេសចិនចូលរួមការប្រកួតនេះ ដែលពីមុនៗមានត្រឹមតែជាង ២០ នាក់ប៉ុណ្ណោះ ។

បើតាមរបាយការណ៍ស្តីពីបុព្វហេតុជនពិការប្រទេសចិនឆ្នាំ ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេល«ផែនការជាតិ ៥ ឆ្នាំ ទី ១៣» (ឆ្នាំ២០១៦-២០២០) ជនពិការចិនបានចេញផុតពីភាពក្រីក្រទាំងអស់ ក្នុងចំណោមជនពិការដែលមានអាយុលើ ១៥ ឆ្នាំមាន ៧៩ ភាគរយចេះអានចេះសរសេរអក្សរ គោលនយោបាយស្តីពីការផ្តល់ឱកាសការងារជូនជនពិការត្រូវបានធ្វើឱ្យមានសុក្រឹតភាពជាបន្តបន្ទាប់ ។ ចំណែកក្នុងដំណាក់កាល«ផែនការជាតិ ៥ ឆ្នាំ ទី ១៤» (ឆ្នាំ២០២១-២០២៥) ជាដំណាក់កាលគន្លឹះដែលជំរុញការអភិវឌ្ឍដោយគុណភាពខ្ពស់នូវបុព្វហេតុជនពិការនិងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយនិងវិបុលភាពរួមរបស់ជនពិការ ។

ក្រៅពីអត្តពលិកជនពិការដែលបានសម្រេចសុបិនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកដែលជាវេទិកាប្រកួតប្រជែងថ្វីដៃលំដាប់ពិភពលោក នៅមានជនពិការដ៏ច្រើនទៀតក៏ត្រូវការការយកចិត្តទុកដាក់និងឱ្យតម្លៃពីសង្គមផងដែរ ។ មនុស្សគ្រប់រូបសុទ្ធតែមានសុបិននិងឧត្តមគតិរបស់ខ្លួន មិនថាជាអ្នកមានកាយសម្បទាគ្រប់គ្រាន់ឬមានពិការភាពនោះទេ  ។ យ៉ាងណាមិញ មានតែសង្គមដែលគ្មានភាពរើសអើង ចេះជួយយកអាសានិងយោគយល់ចំពោះជនពិការ ទើបអាចក្លាយជាប្រទីបជួយបំភ្លឺក្តីសុបិនរបស់ជនពិការគ្រប់រូប និងជាពន្លឺនៃក្តីសង្ឃឹមដែលនាំមកនូវភាពកក់ក្តៅជូនជនពិការ ដើម្បីឱ្យពួកគេចូលរួមក្នុងមហាគ្រួសារនៃសង្គមដោយទឹកចិត្តក្លៀវក្លា និងរួមចំណែកជាកម្លាំងកាយចិត្តនិងឆន្ទៈដ៏មោះមុតរបស់80ខ្លួនក្នុងការកសាងសង្គមនិងប្រទេសជាតិ ក៏ដូចជារួមរស់ជាមួយមនុស្សទូទៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា ៕

 ​​​​​​​​​​​​​​​​​​​                                                                                                                                  អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

相关新闻