គន្លងប្រក្រតីកម្មថ្មីនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បានធ្វើឱ្យសេដ្ឋកិច្ចចិនរក្សាកំណើនប្រកបដោយស្ថិរភាព និងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចពិភពលោក
ក្នុងបរិបទជំងឺកូវីដ-១៩ បណ្តាប្រទេសនានាបាននិងកំពុងព្យាយាមសម្របខ្លួនទៅនឹងជីវភាពក្នុងគន្លងប្រក្រតីកម្មថ្មី ពោលគឺបានខិតខំប្រឹងប្រែងស្តារអ្វីៗគ្រប់យ៉ាងឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិជំងឺរាតត្បាតសកល បើទោះបីជាពុំទាន់យកឈ្នះទាំងស្រុងលើជំងឺកូវីដ-១៩ក្តី ។
អ្វីដែលគួរឱ្យកត់សម្គាល់ សេដ្ឋកិច្ចឌីជីថលបានរីកចម្រើនយ៉ាងខ្លាំងបន្ទាប់ពីវិបត្តិសុខភាពសកល ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យពាណិជ្ជកម្មអន្តរជាតិអាចដំណើរការជាប្រក្រតីក្នុងសម័យកូវីដ ។ ប្រទេសនានាបានដាក់ចេញគោលនយោបាយជំរុញសេដ្ឋកិច្ចឌីជីថលក្នុងន័យបង្កើនកម្លាំងប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិនិងទទួលបានកាលានុវត្តភាពអភិវឌ្ឍន៍ថ្មី ។
ពិតមែនតែមិនអាចធ្វើពាណិជ្ជកម្មដោយ«ទល់មុខគ្នា»ក្តី តែក៏មិនអាចរារាំងជំហាននៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសនានាដែរ ពោលគឺមិនថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឬពហុភាគី ប្រទេសពាក់ព័ន្ធបានធ្វើការពិគ្រោះពិភាក្សានិងចុះហត្ថលេខាតាមទម្រង់អនឡាញដែលជាកិច្ចសហប្រតិបត្តិការបែបថ្មីដើម្បីឆ្លើយតបនឹងតម្រូវការក្នុងយុគសម័យថ្មីនិងក្នុងបរិបទដែលរងផលប៉ះពាល់ពីជំងឺកូវីដ ។
យ៉ាងណាមិញ ប្រទេសចិនដែលជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោកនិងជាប្រទេសដំបូងបង្អស់លើពិភពលោកដែលបានស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទជំងឺកូវីដ-១៩ បានក្លាយជា«ចំណុចស្នូល»ដែលស្រូបទាញក្រសែចក្ខុរបស់ពិភពលោកឱ្យរំពៃនិងរំពឹងទុកថាតើ«យុថ្កាលំនឹងសេដ្ឋកិច្ចពិភពលោក»មួយនេះនឹងដើរតួនាទីបែបណាទៀតដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចពិភពលោកដែលកំពុងដាំក្បាលចុះឱ្យងើបឡើងវិញ ។
ចាប់តាំងពីឈានចូលគន្លងប្រក្រតីកម្មថ្មីបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនមួយផ្នែកបានខិតខំស្តារសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការដាក់ចេញគោលនយោបាយថ្មីៗ មួយផ្នែកទៀតបានធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយដៃគូសហប្រតិបត្តិការរបស់ខ្លួនដែលបានប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបែបចែករំលែកនិងបរិយាប័ន្ន ។
មើលពីផ្នែកខាងក្នុង សេដ្ឋកិច្ចចិនបានបន្តរក្សាកំណើនប្រកបដោយស្ថិរភាព ។ ក្នុងសន្និសីទកាសែតរបស់ការិយាល័យព័ត៌មានជាតិចិនស្តីពីសភាពការណ៍ដំណើរការសេដ្ឋកិច្ចជាតិចិនប្រចាំត្រីមាសទីមួយឆ្នាំ ២០២២ ដែលបើកធ្វើនៅថ្ងៃទី ១៨ ខែមេសានេះ លោក Fu Linhui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា មើលជារួម សេដ្ឋកិច្ចចិនបន្តរក្សានិន្នាការអភិវឌ្ឍន៍ឡើងវិញ និងដំណើរការក្នុងចន្លោះសមហេតុផលជាទូទៅ ដែលក្នុងនោះ តាមការគណនាជាជំហានដំបូង ផលិតផលក្នុងស្រុកសរុបត្រូវជា ២៧ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៤.៨ ភាគរយប្រើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ និងកើនឡើង ១.៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃត្រីមាសទី ៤ ឆ្នាំ ២០២១ ។
មើលពីផ្នែកខាងក្រៅ ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយដៃគូសហប្រតិបត្តិការទូទាំងពិភពលោក ។ ក្នុងត្រីមាសទី ១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលសរុបរវាងប្រទេសចិនជាមួយប្រទេសអាស៊ានសម្រេចបាន ១.៣៥ ទ្រីលានយាន់ប្រាក់ចិន ជាមួយសហភាពអឺរ៉ុបសម្រេចបាន ១.៣១ ទ្រីលានយាន់ប្រាក់ចិន ជាមួយសហរដ្ឋអាមេរិកសម្រេចបាន ១.១៨ ទ្រីលានយាន់ប្រាក់ចិន ក្នុងនោះ អាស៊ានបន្តរក្សាតំណែងជាដៃគូពាណិជ្ជកម្មធំទី ១ របស់ប្រទេសចិន ។
តាំងពីដើមមក ប្រទេសចិនបានប្រឆាំងយ៉ាងដាច់ខាតចំពោះការលេងលែ្បង«ផលបូកសូន្យ»ក្នុងកិច្ចសហប្រតិបត្តិការ ហើយខិតខំជ្រោងទង់ពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយបានដាក់ចេញគោលនយោបាយនិងលើកឡើងគំនិតផ្តួចផ្តើមជាច្រើនដែលមានអំណោយផលដល់ការលើកស្ទួយសេដ្ឋកិច្ចជាតិនិងរួមចំណែកដល់ការអភិវឌ្ឍរបស់ពិភពលោក តួយ៉ាងដូចជាគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»និង«ការអភិវឌ្ឍជាសកល»ជាដើមដែលទទួលបានការសាទរនិងទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ ក្រៅពីនេះ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាមិត្តជាច្រើន ហើយកិច្ចព្រមព្រៀង RCEP ដែលទើបចូលជាធរមានក្នុងឆ្នាំនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍនៃប្រទេសចិននិងរដ្ឋហត្ថលេខីដទៃទៀត ។
លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងលើកឡើងថា ទីផ្សារពិភពលោកគឺបីដូចជា«នំខេក»មួយ ប្រទេសនានាលើពិភពលោកគួរតែទទួលបានចំណែករៀងៗខ្លួន ពោលគឺគួរទទួលបានកាលានុវត្តភាពអភិវឌ្ឍន៍ទាំងអស់គ្នា ហើយគួររួមគ្នាធ្វើ«នំខេក»កាន់តែធំ ដើម្បីទទួលបានចំណែកកាន់តែធំរៀងៗខ្លួនផងដែរ ។
ការរីករាលដាលនៃជំងឺកូវីដ-១៩នៅមិនទាន់ចប់ទេ ការចែកចាយវ៉ាក់សាំងរបស់ប្រទេសចិនជូនបណ្តាប្រទេសដែលមានតម្រូវការក៏មិនបញ្ឈប់ដែរ ។ ស្ថានការណ៍ពិភពលោកមានភាពកាន់តែស្មុគស្មាញនិងមិនប្រាកដប្រជា ប្រទេសចិនបានដាក់បញ្ចូលកម្លាំងវិជ្ជមានជាបន្តបន្ទាប់ ដើម្បីជួយលំនឹងស្ថានការណ៍ទូទៅ ។ មិនថានិម្មាបនកម្មពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវគំនិតផ្តួចផ្តើមសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
评论被关闭。