គំនិតផ្តួចផ្តើម«សន្តិសុខសកល»ជាការរួមចំណែកជា«ផែនការចិន»សម្រាប់គាំពារ និងលំនឹងសន្តិសុខសកលក្នុងយុគសម័យថ្មី
បច្ចុប្បន្ន បើទោះបីជាប្រទេសភាគច្រើនកំពុងស្ថិតក្រោមម្លប់នៃសុខសន្តិភាពក្តី តែក៏មានប្រទេសមួយចំនួនកំពុងរងការញាំញីពីសង្គ្រាមឬពីកត្តាអសន្តិសុខមួយចំនួនដូចជាភេរវនិយមនិងការគំរាមកំហែងពីការវាយប្រហារតាមបណ្តាញអ៊ីនធើណិតជាដើម ។ អាស្រ័យហេតុនេះ ការដោះសា្រយបញ្ហាសន្តិសុខជាភារកិច្ចចាំបាច់បំផុតនៅចំពោះមុខរបស់បណ្តាប្រទេសនានា ។
ក្នុងន័យនេះ ពេលអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ី លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមថ្មីរបស់ប្រទេសចិនស្តីពី«សន្តិសុខសកល» ដើម្បីរួមចំណែកជា«ផែនការចិន»សម្រាប់ជាយុថ្កាលំនឹងសន្តិសុខសកលក្នុងយុគសម័យថ្មី ។
លោកគូសបញ្ជាក់ពី«ការប្រកាន់ខ្ជាប់»ចំនួន ៦ ចំណុច មានជាអាទិ៍ ៖ ប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខបែបរួមគ្នា ចម្រុះ សហប្រតិបត្តិការនិងនិរន្តរភាព , ប្រកាន់ខ្ជាប់ការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសដទៃ , ប្រកាន់ខ្ជាប់ការគោរពនិងប្រតិបត្តិតាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ , ប្រកាន់ខ្ជាប់ការផ្តោតសំខាន់ចំពោះការយកចិត្តទុកដាក់ផ្នែកសន្តិសុខដ៏សមហេតុផលរបស់ប្រទេសនានា , ប្រកាន់ខ្ជាប់ការដោះស្រាយការខ្វែងគំនិតនិងជម្លោះរវាងប្រទេសនិងប្រទេសតាមរយៈការពិគ្រោះពិភាក្សានិងវិធីសាស្ត្រសន្តិភាព , ប្រកាន់ខ្ជាប់ការគ្រោងផែនការសម្រាប់គាំពារសន្តិសុខផ្នែកប្រពៃណីនិងមិនប្រពៃណី ។ តាមរយៈការលើកឡើងនេះ ប្រទេសចិនបានបង្ហាញជំហររបស់ខ្លួនអំពីបញ្ហាសន្តិសុខសកលដែលជារឿងធំបំផុតពាក់ព័ន្ធនឹងជោគវាសនារបស់ពិភពលោក ។
ដូចអ្វីដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រសិនបើសង្គមមួយដែលគ្មានសន្តិសុខ ប្រជាពលរដ្ឋនឹងគ្មានសុវត្ថិភាពផ្លូវចិត្ត យូរៗទៅនឹងបង្កជាគ្រោះថ្នាក់ចំពោះសន្តិភាពជាតិ ។ ស្របនឹងការវិវត្តន៍នៃយុគសម័យ កត្តាអសន្តិសុខជាច្រើនពិសេសសន្តិសុខមិនប្រពៃណីបានកើនឡើងជាបន្តបន្ទាប់ដែលក្លាយជាគ្រោះថ្នាក់លាក់កំបាំងដ៏ធំចំពោះសុខសន្តិភាពនៃប្រទេសជាតិ ។
យ៉ាងណាមិញ បុរេលក្ខខណ្ឌនៃការដែលប្រទេសមួយទទួលបានសន្តិសុខពេញលេញ គឺអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ជាតិទទួលបានការគាំពារយ៉ាងពេញលេញដោយមិនស្ថិតក្រោមការជ្រៀតជ្រែកពីបាតដៃខ្មៅណាមួយ ។ ក្នុងន័យនេះ ប្រទេសនានាត្រូវនិយាយថា«ទេ»យ៉ាងដាច់ណាត់ចំពោះការគំរាមកំហែងដោយអនុត្តរភាពនិយមក្រោមលេសផ្សេងៗ ព្រោះប្រទេសដ៏ច្រើនលើសលប់គឺឈរនៅម្ខាងនៃសច្ចធម៌ជានិច្ច ពោលគឺមិនថាក្នុងកាលៈទេសៈណាក្តី ការប្រកាន់ខ្ជាប់ពហុភាគីនិយមគឺមិនស្ថិតនៅក្នុងភាពឯកោឡើយ ។
បច្ចុប្បន្ន ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនមិនត្រឹមតែបង្កផលប៉ះពាល់ដល់ប្រទេសសាមីប៉ុណ្ណោះទេ ប៉ុន្តែក៏បានជះឥទ្ធិពលអវិជ្ជមានដល់ពិភពលោកទាំងមូលផងដែរ ។ ដើមហេតុដែលបណ្តាលឱ្យកើតមានការប៉ះទង្គិចនេះវាមានភាពស្មុគស្មាញទាំងខាងប្រវត្តិសាស្ត្រនិងភូមិសាស្ត្រផង ហើយក៏មានកត្តាដែលរងការជ្រៀតជ្រែកពី«អំណាចដៃវែង»ផងដែរ ។ ជាការពិតណាស់ មិនត្រឹមតែប្រជាជននៃប្រទេសសាមីដែលកើតមានការប៉ះទង្គិចនោះទេ ប្រជាជនលើពិភពលោកដែលស្នេហាសន្តិភាពក៏សុទ្ធតែមិនចង់ឃើញការប៉ះទង្គិចបែបនេះឡើយ ព្រោះសង្គ្រាមវានាំមកតែភាពវិនាសហិនហោច ដែលគ្មានផលចំណេញអ្វីនោះទេ ។
ក្រៅអំពីនេះ ស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យា បញ្ហាសន្តិសុខមិនប្រពៃណីមានភាពលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យប្រទេសនានាផ្តោតការយកចិត្តទុកដាក់ខ្លាំង ។ ក្នុងចំណោមនោះ សន្តិសុខបណ្តាញអ៊ីនធើណិតជារឿងគួរឱ្យព្រួយបារម្ភបំផុតមួយ ពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ឬប្រទេសក្រីក្របំផុតដែលមានភាពទន់ខ្សោយខាងបច្ចេកវិទ្យា ។ អាស្រ័យហេតុនេះ ប្រទេសខ្លាំងខាងបច្ចេកវិទ្យាគួរធ្វើរឿងណាដែលមានអំណោយផលដល់សន្តិសុខជាតិរបស់ប្រទេសទន់ខ្សោយ ពោលគឺប្រើបច្ចេកវិទ្យាដើម្បីជាប្រយោជន៍រួមរបស់មនុស្សជាតិ តែមិនមែនជាឧបករណ៍សម្រាប់បម្រើមហិច្ឆតាធ្វើអនុត្តរភាពរបស់ខ្លួននោះទេ ។
តាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិគឺមិនថាប្រទេសធំឬតូចគឺត្រូវមានសិទ្ធិស្មើគ្នា ក្នុងន័យនេះ ប្រទេសតូចមិនត្រូវក្លាយជាកូនអុកនៃការប្រកួតប្រជែងរវាងប្រទេសមហាអំណាចឬជាដើមទុននៃល្បែងនយោបាយរបស់ប្រទេសមហាអំណាចនោះឡើយ ។ ឯប្រទេសមហាអំណាចដែលប្រកាន់យកគំនិតសង្គ្រាមត្រជាក់ បង្កអសន្តិសុខនៅប្រទេសផ្សេង មុខជានឹងត្រូវទុកឈ្មោះអសោចក្នុងប្រវត្តិសាស្ត្រ ហើយត្រូវសង្គមមនុស្សជាតិទាំងមូលស្អប់ខ្ពើមជាមិនខាន ។
ក្នុងបរិបទដែលនិម្មាបនកម្មពិភពលោកមានការប្រែប្រួលដ៏ស្មុគស្មាញ ត្រូវមានប្រទេសដែលមានឥទ្ធិពលចេញមុខដើម្បីលើកឡើងជាគំនិតផ្តួចផ្តើមក្នុងន័យចង្អុលបង្ហាញទិសដៅនិងណែនាំនិន្នាការរបស់ពិភពលោកក្នុងពេលអនាគត ក្នុងចំណោមនោះ «ផែនការចិន»មួយហើយមួយទៀតដែលសុទ្ធសឹងតែប្រកាន់ខ្ជាប់ពហុភាគីនិយមនិងប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសភាគច្រើនលើសលប់ដែលមានជំហរប្រហាក់ប្រហែលគ្នា ដែលត្រូវបានទទួលស្គាល់ថាជា«យុថ្កាលំនឹងស្ថិរភាព»ពិភពលោក ។
ជាធម្មតា ក្នុងគ្រួសារសាមញ្ញមួយ ក៏រមែងតែងកើតមានភាពរកាំរកូសបន្តិចបន្តួចដែលមិនអាចជៀសបាន កុំថាឡើយតែពិភពលោកដែលជាមហាគ្រួសារមួយដែលមានជាតិសាសន៍ ភាសា ពណ៌សម្បុរ វប្បធម៌និងទម្លាប់រស់នៅទីទៃគ្នានោះ ការខ្វែងគំនិតវាជារឿងធម្មតាទៅហើយ ប៉ុន្តែអ្វីដែលសំខាន់គឺតើបន្ទាប់ពីកើតមានការខ្វែងគំនិតត្រូវដោះស្រាយដោយរបៀបណា ដើម្បីជៀសវាងផ្ទុះការប៉ះទង្គិចដែលបង្កជាអសន្តិសុខចំពោះប្រទេសសាមីនិងប្រទេសជិតខាង ? យើងអាចរកបានចម្លើយយោងសម្រាប់ការដោះស្រាយបញ្ហាពីក្នុង«គំនិតផ្តួចផ្តើមសន្តិសុខសកល»របស់ប្រទេសចិន ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
评论被关闭。