យុទ្ធសាស្ត្រស្តារនិងអភិវឌ្ឍន៍ជនបទជាគោលនយោបាយជាតិ​​សម្រាប់ពង្រឹងសមិទ្ធផលលុបបំបាត់ភាពក្រីក្ររបស់ប្រទេសចិន ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ

មិនថាប្រទេសរីកលូតលាស់ឬប្រទេសអន់ថយនោះទេ ស្បៀងអាហារជាបង្អែកសម្រាប់ទ្រទ្រង់ចិញ្ចឹមជីវិតរបស់ប្រជាជនទូទាំងប្រទេស ហេតុនេះហើយយើងឃើញថា ទោះជាប្រទេសមហាអំណាចដែលមានការរីកចម្រើនដល់កម្រិតណាក្តី ក៏មិនអាចបោះបង់ចោលវិស័យកសិកម្មនោះទេ ។ ជាក់ស្តែងនៅប្រទេសលោកខាងលិចដែលមានភាពជឿនលឿនខាងបច្ចេកវិទ្យា ឧស្សាហកម្មនិងផលិតកម្មក៏មិនបានបោះបង់ចោលវិស័យកសិកម្មឡើយ ។ ក្នុងន័យនេះ ការអភិវឌ្ឍជនបទដើម្បីលើកកម្ពស់ជីវភាពរបស់កសិករជាផែនការជាតិដែលមិនអាចខ្វះបានរបស់បណ្តាប្រទេសនានា ។

ប្រទេសចិនជាអរិយប្រទេសដ៏ចំណាស់មួយដែលមានប្រវត្តិសាស្ត្រជាង ៥ ពាន់ឆ្នាំ ។ ជាច្រើនពាន់ឆ្នាំមកនេះ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់ៗដើម្បីសម្រេចទិសដៅនិងគោលបំណងដែលធ្វើឱ្យប្រជាជនទូទាំងប្រទេសហូបបានឆ្អែតនិងស្លៀកពាក់បានគ្រប់គ្រាន់ ។ អាស្រ័យហេតុនេះ ចាប់តាំងពីប្រទេសចិនថ្មីត្រូវបានបង្កើតឡើងមក ថ្នាក់ដឹកនាំគ្រប់ជំនាន់បានផ្តោតសំខាន់លើការអភិវឌ្ឍវិស័យកសិកម្ម ជនបទ និងកសិករ ព្រោះវាពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្ថិរភាពសង្គម ភាពសម្បូរសប្បាយរបស់ប្រទេសជាតិនិងការស្តារភាពរុងរឿងថ្កុំថ្កើងរបស់ប្រជាជាតិចិន ។

ចិនជាប្រទេសធំខាងវិស័យកសិកម្ម បន្ទាប់ពីសម្រេចគោលដៅលុបបំបាត់ភាពអត់ឃ្លានរបស់ប្រជាជនតាមរយៈការបង្កើនទិន្នផលស្បៀង ប្រទេសចិនបាននិងកំពុងខិតខំដើរឆ្ពោះទៅរកប្រទេសខ្លាំងខាងវិស័យកសិកម្ម ដោយមិនត្រឹមតែធ្វើសម្រាប់តែចិញ្ចឹមក្រពះរបស់ប្រជាជន ១.៤០០ លាននាក់របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីផ្តត់ផ្តង់ស្បៀងដល់បណ្តាប្រទេសដែលខ្វះខាតផងដែរ ដើម្បីឆ្ពោះទៅរកវិបុលភាពរួមស្របតាមគំនិតផ្តួចផ្តើម«អភិវឌ្ឍន៍សកល» របស់ប្រធានរដ្ឋចិន ។

ក្នុងនោះ ស្រូវហាយប៊្រីត ( ប្រភេទស្រូវបង្កាត់ដែលហុចផលខ្ពស់ ) ជាផលិតផលសាធារណៈដែលជាចំណងដៃរបស់ប្រទេសចិនផ្តល់ជូនពិភពលោក ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ។ ភាពជោគជ័យនៃការដាំស្រូវហាយប៊្រីតមិនត្រឹមតែដោះស្រាយបញ្ហាហូបចុករបស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណឹងល្អសម្រាប់ប្រទេសដែលមានភាពទន់ខ្សោយខាងបច្ចេកទេសកសិកម្មផងដែរ ។ បច្ចេកទេសដាំស្រូវហាយប៊្រីតដែលមានភាពចាស់ទុំ បានរួមចំណែកដល់ការលើកកម្ពស់គុណភាពនៃវិស័យកសិកម្មរបស់ប្រទេសជាច្រើន ពិសេសតំបន់អាហ្វ្រិកនិងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះប្រទេសកម្ពុជាក៏បាននាំចូលបច្ចេកទេសដាំស្រូវហាយប៊្រីតផងដែរ ។

ឆ្នាំ២០២០ អាចនិយាយបានថាជាពេលវេលាដែលប្រទេសចិនត្រូវប្រឈមនឹងការសាកល្បងដ៏ធំបំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ព្រោះជាឆ្នាំចុងក្រោយដែលបក្សនិងរដ្ឋាភិបាលចិនបានសន្យាចំពោះប្រជាជនចិនថានឹងលុបបំបាត់ភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយ ពោលគឺក្នុងខណៈពេលប្រយុទ្ធតតាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ត្រូវខិតខំសម្រេចទិសដៅលុបបំបាត់ភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយតាមផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៣ របស់ខ្លួនផងដែរ ។

នៅក្នុងឆ្នាំ ២០២១ ប្រទេសចិនបានប្រកាសចំពោះពិភពលោកទាំងមូលថា ប្រជាជនដែលស្ថិតក្រោមខ្សែបន្ទាត់ក្រីក្របានចេញផុតពីភាពក្រីក្រទាំងអស់ ដែលជាមហាព្រឹត្តិការណ៍ពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រចិននិងពិភពលោក ។

យ៉ាងណាមិញ គម្លាតរវាងអ្នកមាននិងអ្នកក្រក្នុងសង្គមចិននៅតែធំដដែល ប្រជាជនរស់នៅភាគខាងលិចប្រទេសដែលសម្បូរទៅដោយតំបន់ខ្ពស់រាបដែលមានការអភិវឌ្ឍយឺតជាងតំបន់ភាគខាងកើតប្រទេសដែលជាតំបន់វាលទំនាបនិងជាប់សមុទ្រមិនទាន់មានជីវភាពសម្បូរសប្បាយទាំងអស់គ្នានោះទេ ។ អាស្រ័យហេតុនេះ ការងារកាត់បន្ថយភាពក្រីក្រមិនអាចផ្អាកដោយសារតែប្រជាពលរដ្ឋទើបចេញផុតពីភាពក្រីក្រនោះឡើយ ក្នុងន័យនេះ   ចំណោទនៅចំពោះមុខរបស់រដ្ឋាភិបាលចិនដែលត្រូវដោះស្រាយគឺ បន្ទាប់ពីចេញផុតពីភាពក្រីក្រ តើធ្វើយ៉ាងណាទើបអាចបង្ការកុំឱ្យពលរដ្ឋក្រីក្រពីដើមធ្លាក់ខ្លួនក្នុងភាពក្រីក្រវិញ ហើយមានជីវភាពកាន់តែប្រសើរឡើង ?

ថ្លែងក្នុងរបាយការណ៍នៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ នាឆ្នាំ ២០១៧ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងពីយុទ្ធសាស្ត្រស្តារនិងអភិវឌ្ឍន៍ជនបទ ដែលបានដាក់ចេញទិសដៅសម្រាប់ការចាត់ចែងការងារដើម្បីជំរុញកិច្ចការស្តារនិងអភិវឌ្ឍន៍ជនបទ ពិសេសគឺការងារបម្រើដល់វិស័យកសិកម្ម ជនបទ និងកសិករ ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចការស្តារនិងអភិវឌ្ឍន៍ជនបទបានអនុវត្តយ៉ាងផុលផុស ស្ទើរតែគ្រប់ភូមិស្រុកទាំងអស់នៅទូទាំងប្រទេសសុទ្ធតែបានផ្លាស់ប្តូរមុខមាត់ថ្មី ហើយត្រូវបានគ្របដណ្តប់ដោយបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី និងបណ្តាញអ៊ីនធើណេត ។ ក្រៅពីការបញ្ជាទិញ កសិផលរបស់ប្រជាកសិករនៅតំបន់ដាច់ស្រយាលក៏បានលក់ទៅគ្រប់ទីតំបន់ទូទាំងប្រទេសតាមអនឡាញដោយមានការដឹកជញ្ជូនរហ័ស ។

អនុលោមតាមទស្សនៈ«ភ្នំបៃតងទឹកថ្លាគឺជាភ្នំមាសភ្នំបា្រក់»របស់លោក ស៊ី ជីនភីង ការអភិរក្សធនធានធម្មជាតិទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលមិនត្រឹមតែធ្វើឱ្យធម្មជាតិកាន់តែស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែវិស័យអេកូ-ទេសចរណ៍ក៏ជាប្រភពសំខាន់នៃប្រាក់ចំណូលរបស់អ្នកជនបទផងដែរ ។

«ការរំពឹងទុករបស់ប្រជាជនចំពោះជីវភាពដ៏ល្អបវរគឺជាគោលដៅខិតខំតស៊ូរបស់យើង» នេះជាការលើកឡើងរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ។ ជាក់ស្តែង ក្រោមការខិតខំប្រឹងប្រែងជាច្រើនឆ្នាំរបស់បក្សនិងរដ្ឋាភិបាលចិន ជីវភាពរស់នៅរបស់ប្រជាជនចិន ពិសេសគឺប្រជាកសិករមានភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ យុទ្ធសាស្ត្រនិងគោលនយោបាយជាតិដែលបានដាក់ចេញជាបន្តបន្ទាប់ក៏បានដើរតួនាទីក្នុងការពង្រឹងសមិទ្ធផលនៃការងារកាត់បន្ថយភាពក្រីក្រ មួយផ្នែកគឺជួយប្រជាជនដែលមានជីវភាពមិនសូវធូរធារកុំឱ្យធ្លាក់ខ្លួនទីទាល់ក្រទៀត មួយផ្នែកទៀតជំរុញឱ្យតំបន់ជនបទមានការអភិវឌ្ឍដូចទីក្រុងទំនើបទាន់សម័យ «សុបិនចិន»ស្តីពីការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញក៏មុខជានឹងសម្រេចបានជាមិនខាន ៕

 

​                                                                                                                                         អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

 

你可能还喜欢

评论被关闭。