Detail Top

ការឈប់ប្រើប្រាស់ថ្នាំជក់បានរួមចំណែកដល់ការរួមគ្នាកសាង«ប្រទេសចិនប្រកបដោយសុខភាពល្អ

«ជក់បារីនាំឱ្យខូចសុខភាព» នេះជាពាក្យស្លោកដែលប្រជាជនទូទាំងពិភពលោកបានដឹងយ៉ាងច្បាស់ ។ យ៉ាងណាមិញ បច្ចុប្បន្ននៅតែមានមនុស្សជិត ៨ លាននាក់នៅទូទាំងពិភពលោកបានស្លាប់បាត់បង់ជីវិតដោយសារការប្រើប្រាស់ថ្នាំជក់ជារៀងរាល់ឆ្នាំ ។

តាមការស្រាវជ្រាវរបស់ស្ថាប័នធំៗមួយចំនួននៅលើសកលលោកដែលធ្វើការពាក់ព័ន្ធបញ្ហាសុខភាពសាធារណៈបានបង្ហាញថា ការប្រើប្រើប្រាស់ផលិតផលថ្នាំជក់បានបង្កឱ្យមានហានិភ័យខ្ពស់ដល់​​សុខ​ភាពអ្នកប្រើប្រាស់និងអ្នកស្រូបផ្សែងបារីពីគេ ។ មិនត្រឹមតែប៉ុណ្ណោះទេ ជារៀងរាល់ឆ្នាំ ថ្នាំជក់បានធ្វើឱ្យ​​ប៉ះពាល់ដល់​​ជីវ​​ភាព​​​​គ្រួសារ និងសេដ្ឋកិច្ចជាតិយ៉ាងច្រើនផងដែរ ។

តាមស្ថិតិបង្ហាញថា ប្រជាជនចិនប្រមាណ ៣០០ លាននាក់បានប្រើប្រាស់ថ្នាំជក់ ។ អាស្រ័យហេតុនេះ ប្រទេសចិនបានដាក់ចេញវិធានការជាច្រើនដើម្បីជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ថ្នាំជក់ ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំមានប្រជាជនចិនលើសពី ១ លាននាក់បានស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំជក់ ។ ក្រៅពីការបង្កគ្រោះថ្នាក់ដល់អ្នកជក់បារីនិងអ្នកស្រូបផ្សែងបារីពីគេ ផ្សែងបារីក៏បានបង្កការគំរាមកំហែងដោយសម្ងាត់និងខ្លាំងក្លាចំពោះបរិស្ថានរស់នៅរបស់យើងផងដែរ អាស្រ័យហេតុនេះ បន្ថែមពីលើពាក្យ«ជក់បារីនាំឱ្យខូចសុខភាព» នៅក្នុងទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំនេះ ប្រទេសចិនបានដាក់ចេញប្រធានបទ «ថ្នាំជក់គំរាមកំហែងដល់បរិស្ថាន» ។

កាលពីឆ្នាំ ២០១៦ ប្រទេសចិនបានដាក់ចេញផែនការ«ប្រទេសចិនប្រកបដោយសុខភាពល្អ ២០៣០» ដើម្បីជំរុញកិច្ចកសាងប្រទេសចិនដែលប្រកបដោយសុខភាពល្អ និងលើក​កម្ពស់កម្រិតសុខភាពរបស់ប្រជាជន ដោយបានខិតខំប្រឹងប្រែងធ្វើឱ្យមានសុក្រឹតភាពជាបណ្តើរៗនូវយន្តការដែលពាក់ព័ន្ធសុខភាពនិងសុខមាលភាពរបស់ប្រជាជន ក្នុងនោះផ្តោតសំខាន់លើការជំរុញការធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធសុខាភិបាល ដោយការជំរុញអត្រាគ្របដណ្តប់នៃរបបសន្តិសុខសង្គម ពិសេសការធានារ៉ាប់រងសុខភាព ។

ក្នុងចំណោមវិធានការការពារនិងលើកកម្ពស់សុខភាពនិងសុខមាលភាពរបស់ប្រជាជនដើម្បីសម្រេចបានគោលដៅ«ប្រទេសចិនប្រកបដោយសុខភាពល្អ» ការហាមជក់បារីនៅកន្លែងធ្វើការនិងទីកន្លែងសាធារណៈជាចំណែកដ៏សំខាន់មួយ ព្រោះថាវាពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋទូទៅ ។

ពិតមែនតែការជក់បារីវាដូចជារឿងធម្មតាទៅហើយក្នុងសង្គមនៃប្រទេសនានា តែជាការពិត វាមិនត្រឹមតែជាគ្រោះថ្នាក់លាក់កំបាំងដែលបង្កហានិភ័យដល់សុខភាពរបស់អ្នកជក់និងអ្នកស្រូបផ្សែងបារីពីគេនោះទេ ប៉ុន្តែវាក៏បានបង្កការគំរាមកំហែងដល់បរិស្ថានរស់នៅរបស់យើងផងដែរ ។ ជាក់ស្តែង ទម្លាប់ចោលកន្ទុយបារីដោយពាសវាលពាសកាលបានក្លាយជាកត្តាសំខាន់មួយដែលបំពុលដល់បរិស្ថាន ព្រោះក្នុងកន្ទុយបារីមានប្លាស្ទិកដែលមានជាតិពុល ពេលដែលត្រូវពន្លឺថ្ងៃនិងសំណើម វានឹងបំភាយវត្ថុធាតុតូចល្អិតដែលមានជាតិពុលចូលទៅក្នុងខ្យល់អាកាស ទឹក ដី និងចំណីអាហារដែលទាំងនេះជាភ្នាក់ងារចម្លងជាតិពុលចូលខ្លួនមនុស្សនិងសត្វយ៉ាងងាយដោយយើងមិនដឹងខ្លួន ។

ក្នុងន័យនេះ ការឈប់ជក់បារីគឺមានន័យថាជាការរួមចំណែកក្នុងការគាំពារសុខភាពខ្លួន គ្រួសារនិងអ្នកនៅជុំវិញក៏ដូចជាបរិស្ថានរស់នៅផងដែរ ។ ស្របនឹងការវិវឌ្ឍនៃយុគសម័យ បារីអេឡិចត្រូនិកបានត្រូវផលិតឡើង ដែលមានមនុស្សមួយចំនួនគិតថាវាមិនសូវបង្កផលប៉ះពាល់ដល់សុខភាពនោះទេ តែតាមពិតទៅវាខុសស្រឡះ ពោលគឺបារីអេឡិចត្រូនិកក៏ធ្វើឱ្យខូចសុខភាពរហូតឈានដល់ការកើតជាជំងឺដែលអាចឆក់យកជីវិតអ្នកជក់ផងដែរ ពិសេសប្រសិនជាផលិតផលបារីអេឡិចត្រូនិកដែលអន់គុណភាពឬគ្មានស្តង់ដា វាបង្កផលប៉ះពាល់ដល់សុខភាពជាងការជក់បារីធម្មតាទៅទៀត ។ ម៉្យាងវិញទៀត ការផលិតបារីអេឡិចត្រូនិកវាប៉ះពាល់ដល់បរិស្ថានជាងការផលិតបារីធម្មតាទៅទៀត ហើយសារធាតុនៃសំណល់បារីអេឡិចត្រូនិកក៏មិនអាចយកទៅប្រើប្រាស់ឡើងវិញផងដែរ ។

ចំណែកប្រទេសកម្ពុជាក៏បានខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំក្នុងការគ្រប់គ្រងការជក់បារីផងដែរ ក្រសួងសុខាភិបាលកម្ពុជាបានចេញប្រកាសជាច្រើនលើកស្តីពីការដាក់ស្លាកបំរាមនៃការហាមឃាត់ការជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ ដើម្បីដាក់ឱ្យអនុវត្តនៅតាមកន្លែងធ្វើការ ហាង ភោជនីយដ្ឋាន ទីសាធារណៈនានាជាដើម កុំឱ្យប៉ះពាល់ដល់សុខាមាលភាពប្រជាជន ហើយនៅលើកញ្ចប់បារីក៏ត្រូវមានដាក់ស្លាកបំរាមតាមបទដ្ឋានផងដែរ ។

តាមទិន្នន័យសិក្សាស្រាវជ្រាវបង្ហាញថា ប្រជាជន​​កម្ពុជា​​​​ប្រមាណ​​​​ ១៥០០០នាក់​​ បានស្លាប់ជារៀងរាល់ឆ្នាំ ​ដោយសារជំងឺពាក់ព័ន្ធការប្រើប្រាស់ថ្នាំជក់ដូចជា៖ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺហើមសួត ជំងឺសរសៃឈាមបេះដូង ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងក្រោម និងជំងឺមហារីកសួតជាដើម ។

ជារួម «ជក់បារីនាំឱ្យខូចសុខភាព»មិនមែនជាពាក្យសម្រាប់លម្អលើកញ្ចប់បារីឬកន្លែងសាធារណៈនោះទេ តែជាស្នូរជួងព្រមានសម្រាប់យើងទាំងអស់គ្នា ពីព្រោះបើគ្មានសុខភាពល្អ យើងនឹងរស់នៅដោយគ្មានសុខមាលភាព និងគ្មានគុណភាពជីវិត ។ ពិភពលោកគ្មានផ្សែងបារី គឺត្រូវផ្តើមចេញពីខ្ញុំនិងអ្នក ដើម្បីសុខភាពយើងទាំងអស់គ្នា ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

Detail Bottom Banner –  2
Detail Bottom Banner – 3
You might also like