ការប្រកួត Vlog យុវនិស្សិត “Gen Z” កម្ពុជាចិនលើកទី១ កំពុងដំណើរការប្រព្រឹត្តទៅ
ការប្រកួត Vlog យុវនិស្សិត “Gen Z” កម្ពុជាចិនលើកទី១ ដែលសហការរៀបចំដោយ វិទ្យាស្ថានអាស៊ី និងមជ្ឈមណ្ឌលស្រាវជ្រាវកម្ពុជានៃសកលវិទ្យាល័យភាសាបរទេសប៉េកាំង និងវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាប់ផ្ដើមកាលពីថ្ងៃទី១៥ ខែឧសភា។ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា មានបេក្ខជនជាយុវនិស្សិតកម្ពុជាចិនសរុបចំនួន ១៦៦នាក់ មកពីគ្រឹះស្ថានឧត្ដមសិក្សាជាង១០ ដោយបានបែងចែកជា៥៩ក្រុម រួមមានសកលវិទ្យល័យភូមិន្ទភ្នំពេញ និងសកលវិទ្យល័យភាសាបរទេសប៉េកាំងជាដើម បានចុះឈ្មោះចូលរួមក្នុងការប្រកួតលើកនេះ។
នាយករងវិទ្យាស្ថានអាស៊ីនៃសកលវិទ្យល័យភាសាបរទេសប៉េកាំង លោក Gu Jiayun បានមានប្រសាសន៍ថា ការរៀបចំការប្រកួតវីដេអូខ្នាតខ្លី Vlog លើកនេះ សង្ឃឹមថា ក្រៅពីអាចបង្កើនសមត្ថភាពនិស្សិតដែលសិក្សាភាសាខ្មែរ និងភាសាចិនហើយ ក៏អាចឱ្យនិស្សិតមកពីប្រទេសទាំងពីរកម្ពុជាចិន ស្វែងយល់ពីគ្រឹះស្ថានសិក្សា និងជីវិតនៅក្នុងសកលវិទ្យល័យរបស់ពួកគេទៅវិញទៅមក ព្រមទាំងអាចបង្ហាញពីថាមពល និងលក្ខណៈពិសេសនៃយុវជនមកពីប្រទេសទាំងពីរ តាមរយៈការផ្សព្វផ្សាយក្នុងទម្រង់ជា Vlog ផងដែរ ។ នៅក្នុងក្រុមចូលរួមប្រកួត ចំនួនជិត៦០ក្រុមនេះ ក្រៅពីក្រុមនិស្សិតខ្មែរ និងក្រុមនិស្សិតចិន ក៏នៅមានក្រុមជាច្រើនទៀតជាក្រុមរួមសហការរវាងនិស្សិតខ្មែរ និងនិស្សិតចិនផងដែរ ដែលនេះបានបង្ហាញពីបំណងចង់រៀនពីគ្នា និងចង់សហការគ្នាទៅវិញទៅមករវាងយុវជននៃប្រទេសទាំងពីរ។ ព្រឹត្តិការណ៍លើកនេះ នឹងរួមចំណែកក្នុងការកសាងសហគមន៍វាសនារួមកម្ពុជាចិនផងដែរ។
អគ្គនាយិកាវិទ្យុមិត្តភាពកម្ពុជាចិន លោកស្រី អរុណ បានមានប្រសាសន៍ថា វីដេអូខ្លីបានក្លាយជា វិធីផ្សព្វផ្សាយខ្លឹមសារលើអិនធឺណែតមួយ ដែលយុវជនបច្ចុប្បន្នពេញនិយមជាងគេ។ វិទ្យុមិត្តភាពកម្ពុជាចិនចូលរួម សហការរៀបចំការប្រកួតវីដេអូខ្លីនេះឡើង គឺដើម្បីបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងយុវជននៃប្រទេសទាំងពីរកម្ពុជាចិន។ ប្រធានបទនៃការប្រកួតនេះ ផ្ដោតសំខាន់លើ ជីវិតនៅសកលវិទ្យល័យរបស់យុវជន”Gen Z”កម្ពុជាចិន។ យើងខ្ញុំជឿជាក់ថា តាមរយៈវីដេអូខ្លីដែលបេក្ខជនចូលរួមបានថត ពួកយើងអាចស្វែងយល់ពីវឌ្ឍនភាពសង្គមប្រទេសទាំងពីរ និងដំណើរលូតលាស់នៃយុវជនកម្ពុជាចិន អាចបង្កើនមិត្តភាព និងធ្វើឱ្យការយល់ឃើញរួមកាន់តែស៊ីជម្រៅបន្ថែមទៀត។ វិទ្យុមិត្តភាពកម្ពុជាចិនរីករាយបង្កើតវេទិកាកាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ និងដើម្បីផ្ដល់ជាកម្លាំងចលករបន្ថែមទៀត ដល់វឌ្ឍនភាពកាន់តែប្រសើរនៃទំនាក់ទំនងកម្ពុជាចិនក្នុងយុគសម័យថ្មី៕
评论被关闭。