Detail Top

ស្ថិរភាពនិងវិបុលភាពរបស់ហុងកុងជាការរំលេចពីឧត្តមភាពនិងប្រសិទ្ធភាពនៃគោលនយោបាយ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»និងច្បាប់សន្តិសុខជាតិ

២៥ ឆ្នាំបន្ទាប់ពីការត្រឡប់ចូលមាតុប្រទេសចិនវិញ តំបន់ហុងកុងជាដែនដីសុវណ្ណដែលធ្លាប់ស្ថិតក្រោមអាណានិគមរបស់អង់គ្លេសអស់រយៈពេល ១៥៥ ឆ្នាំបានធ្វើជាម្ចាស់លើខ្លួនឯង ដោយបានប្រាប់ទៅកាន់ពិភពលោកទាំងមូលថា ហុងកុងដែលជាកូនបង្កើតរបស់ប្រទេសចិនមានវិបុលភាពនិងភាពរុងរឿងថ្កុំថ្កើងឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសារបានត្រឡប់មកស្ថិតក្នុងដើមទ្រូងរបស់អ្នកម្តាយវិញ ។

ដើម្បីផ្តល់នូវសិទ្ធិសេរីភាពពេញលេញនិងការអភិវឌ្ឍដោយម្ចាស់ការ បន្ទាប់ពីការត្រឡប់ចូលមាតុប្រទេសវិញ ប្រទេសចិនមិនបានដាក់កំហិតឱ្យតំបន់ហុងកុងប្រតិបត្តិតាមរបបនយោបាយជាតិដែលកំពុងអនុវត្តនោះទេ តែបានដាក់ចេញគោលនយោបាយជាតិថ្មី គឺ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»ដោយឈរលើបុរេលក្ខខណ្ឌចិនតែមួយ និងលើកទឹកចិត្តឱ្យ«ពលរដ្ឋហុងកុងគ្រប់គ្រងហុងកុង» ដោយហុងកុងអាចបន្តអនុវត្តរបបមូលធននិយម ពោលគឺបរិបទសង្គមហុងកុងនឹងរក្សាភាពដើមដដែល ។

២៥ ឆ្នាំមកនេះ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ហុងកុងទទួលបានការវិវឌ្ឍរីកចម្រើនខ្លាំងឡើងៗ ។ GDP របស់ហុងកុងបានកើនឡើងពី ១,៣៧ ទ្រីលានដុល្លារហុងកុងកាលពីឆ្នាំ ១៩៩៧ ដល់ ២,៨៦ ទ្រីលានដុល្លារហុងកុងនៅឆ្នាំ ២០២១ ដែលសម្រេចកំណើនប្រចាំឆ្នាំជាមធ្យម ២,៧% ។ លើសពីនេះ ហុងកុងមានឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលធំទី ៣ ជាច្រើនឆ្នាំជាប់ៗគ្នា ដោយតម្លៃផ្សារមូលបត្រគិតត្រឹមខែមេសាឆ្នាំ ២០២២ បាន កើនឡើង ៧ ដងបើធៀបនឹងឆ្នាំ ១៩៩៧ ឯការដាក់លក់មូលបត្របំណុលក្នុងឆ្នាំ ២០២១ បានកើនឡើង ២០ ដងបើធៀបនឹងឆ្នាំ ១៩៩៧ ។

ក្រៅអំពីនេះ ក្នុងឆ្នាំ ២០២០ ហុងកុងបានក្លាយជាតំបន់ធំទី ៦ នៃការបញ្ចេញផលិត ទៅក្រៅនៅទូទាំងពិភពលោក បើគណនាតាមបរិមាណលើកដាក់កុងតឺន័រវិញ ហុងកុងស្ថិតក្នុងលេខរៀងទី ៩ លើពិភពលោក ។ ឯការដឹកជញ្ជូនតាមផ្លូវអាកាសវិញ តាមតួលេខក្នុងឆ្នាំ ២០១៨ ព្រលានយន្តហោះអន្តរជាតិហុងកុងមានអ្នកដំណើរទៅមកជាង ៧៥ លាននាក់ ស្ថិតនៅជួរមុខលើពិភពលោក ការដឹកជញ្ជូនទំនិញគិតជាមធ្យមក្នុងមួយឆ្នាំលើសពី ៥ លានតោន ស្ថិតក្នុងលេខរៀងទី ១ លើពិភពលោក ។

មើលតាមទិន្នន័យខាងលើបូករួមទាំងការស្ទង់មតិដែលបង្ហាញថាប្រជាពលរដ្ឋហុងកុងមានកម្រិតពេញចិត្តចំពោះគោលនយោបាយជាតិចិនរហូតដល់ទៅជិត ៨០% យើងមិនពិបាកយល់ទេថា បន្ទាប់ពីការត្រឡប់ចូលមាតុប្រទេសវិញ ក្រោមការគ្រប់គ្រងនៃគោលនយោបាយជាតិ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ប្រជាពលរដ្ឋហុងកុងមានសិទ្ធិសេរីភាពពេញលេញ បរិយាកាសពាណិជ្ជកម្មល្អប្រសើរ ទីផ្សារមានសក្តានុពលធំធេង អ្វីៗគ្រប់យ៉ាងបានវិវឌ្ឍរីកចម្រើនយ៉ាងវិជ្ជមានដែលធ្វើឱ្យហុងកុងមានតួនាទីសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃនៅលើឆាកអន្តរជាតិ ។

2

ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនិងឈឺចាប់ គឺកាលពីឆ្នាំ ២០១៩ ក្រុមអបគមន៍និយមមួយក្តាប់តូចនៅហុងកុងដែលមានការគាំទ្រពីកម្លាំងប្រឆាំងចិននៅខាងក្រៅ បានបង្កភាពចលាចលនៅហុងកុង ដែលធ្វើឱ្យទីក្រុងទាំងមូលធ្លាក់ចូលក្នុងសភាពអសន្តិសុខ ។ យ៉ាងណាមិញ ចេតនាអាក្រក់ដែលចង់បំបែកបំបាក់ហុងកុងចេញពីប្រទេសចិននិងយកហុងកុងមកគាបសង្កត់ប្រទេសចិនបានទទួលបរាជ័យទាំងស្រុង ពីព្រោះថាប្រជាពលរដ្ឋហុងកុងដែលស្នេហាជាតិ ស្នេហាហុងកុង ស្នេហាសន្តិភាពបានក្រោកឈរប្រឆាំងនឹងកម្លាំងអបគមន៍និយម អ្នកស្នេហាសន្តិភាពនៅទូទាំងពិភពលោកក៏បាននាំគ្នាថ្កោលទោសចំពោះអំពើហិង្សារបស់ពួកជ្រុលនិយម និងគាំទ្រឱ្យហុងកុងរៀបចំសណ្តាប់ធ្នាប់សង្គមឡើងវិញ ។

ក្រោមការគាំទ្រពីរដ្ឋាភិបាលមជ្ឈិម ហុងកុងបានអនុវត្តច្បាប់សន្តិសុខជាតិដែលធ្វើឱ្យហុងកុងវិលត្រឡប់ទៅរកស្ថិរភាពវិញយ៉ាងឆាប់រហ័ស វិនិយោគិនបរទេសក៏មានទំនុកចិត្តឡើងវិញចំពោះបរិយាកាសវិនិយោគដែលប្រកបដោយសក្តានុពលរបស់ហុងកុង ។ អ្វីទាំងនេះបានសបញ្ជាក់ថា មានតែហុងកុងដែលគ្រប់គ្រងដោយអ្នកស្នេហាជាតិនិងស្នេហាហុងកុងដែលស្ថិតក្រោមការណែនាំពីគោលនយោបាយជាតិទើបជាហុងកុងដែលមានស្ថិរភាព វិបុលភាពនិងវឌ្ឍនភាព និងជាហុងកុងដែលទទូលបានការគាំទ្រពីប្រជាពលរដ្ឋហុងកុងទាំងអស់ ។

បច្ចុប្បន្ន ប្រទេសចិនបានបង្កើតតំបន់សេដ្ឋកិច្ចឈូងសមុទ្រយក្សក្វាងទុង-ហុងកុង-ម៉ាកាវ ដែលបានចែករំលែកកាលានុវត្តភាពទីផ្សាររបស់ចិនដីគោកជាមួយនិងហុងកុង-ម៉ាកាវ ដែលធ្វើឱ្យការអភិវឌ្ឍរបស់ហុងកុងនិងម៉ាកាវរួមបញ្ចូលកាន់តែស៊ីជម្រៅជាមួយនិងការអភិវឌ្ឍរបស់ប្រទេសជាតិ ដើម្បីឆ្ពោះទៅរកវិបុលភាពរួមនាពេលអនាគត ។

មិនថាកង់ប្រវត្តិសាស្ត្ររំកិលទៅមុខយ៉ាងណា ហុងកុងជាទឹកដីរបស់ចិនជារឿងដែលមិនអាចប្រកែកបាន កិច្ចការរបស់ហុងកុងជាកិច្ចការផ្ទៃក្នុងរបស់ចិន ការគ្រប់គ្រងហុងកុងតាមរបៀបណាវាជារឿងផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធដែលមិនចាំបាច់មានការលូកលាន់ពីកម្លាំងខាងក្រៅនោះឡើយ ។ ក្រុងហុងកុងដែលមានងារជា«គជ់បូព៌ា»នឹងបញ្ចេញពន្លឺរឹតតែភ្លឺចិញ្ចែងចិញ្ចាចថែមទៀតក្រោមការគាំទ្រពីគោលនយោបាយជាតិ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»និងច្បាប់សន្តិសុខជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងពិភពលោក ក៏ដូចជាលំនឹងហិរញ្ញវត្ថុអន្តរជាតិ ហើយអនាគតរបស់ហុងកុងគឺផ្សារភ្ជាប់យ៉ាងស្អិតល្មួតជាមួយការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ៕

 

​                                                                                                                                           អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

Detail Bottom Banner – 3
You might also like