ពិភពលោកត្រូវការសមភាព មិនត្រូវការអនុត្តរភាពទេ
ក្នុងខណៈពេលដែលភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ដែលបណ្តាលមកពីការបង្កហេតុរបស់ភាគីអាមេរិកនៅមិនទាន់បានធូរស្រាលផង លោក Burns ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិនបែរជាបានអះអាងនៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាន CNN កាលពីពេលថ្មីៗកន្លងទៅនេះថា ប្រទេសចិនមានប្រតិកម្មជុ្រលចំពោះរឿងដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែលក្លាយទៅជាកក្តាអស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងបណ្តាលឱ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកកើតមានវិបត្តិ ។
ការលើកឡើងបែបនេះមិនខុសពីការដើររុកកួនគេហើយចោទគេថាខុសទៀត វាក៏ឧបមាដូចជាចោរដែលលួចរបស់គេហើយ ពេលម្ចាស់គេតាមទាន់បែរជាចោទម្ចាស់គេថាបង្ករឿងទៅវិញ ។ មិនដឹងថាហេតុអ្វីបានជាអ្នកនយោបាយអាមេរិកមានមនោសញ្ចេតនាជ្រាលជ្រៅអ្វីម៉្លេះចំពោះការប្រើឡូហ្ស៊ីកដ៏គួរឱ្យអស់សំណើចបែបនេះ ? ឬមួយវាជាទម្លាប់និងជាប្រពៃណីដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ ?
ជាធម្មតា ការចោទប្រកាន់អ្នកដទៃត្រូវមានភស្តុតាងគ្រប់គ្រាន់និងមានភាពត្រឹមត្រូវនិងសមហេតុផល មិនមែននិយាយតែមាត់ថាអ្នកនេះខុសអ្នកនោះត្រូវតាមតែទំនើងចិត្តរបស់ខ្លួននោះទេ ។ ជាក់ស្តែង ក្នុងករណីដែលកើតមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់លើកនេះ សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់ថា តើអ្នកណាជាដើមហេតុ ។ បើនិយាយដូចលោក Burns អ៊ីចឹង ចុះឧបមាថា ប្រសិនបើប្រទេសចិនទៅបំពានអធិបតេយ្យភាពរបស់អាមេរិកវិញ តើអាមេរិកនឹងមានប្រតិកម្មយ៉ាងណា ?
ដូចអ្វីដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា តាំងពីដើមមក អាមេរិកបានតាំងខ្លួនជា«បងធំ»លើសគេលើពិភពលោករហូតមក មិនថាសម្ព័ន្ធមិត្តឬប្រទេសណាក្តី ត្រូវស្តាប់តាមបង្គាប់របស់អាមេរិកជានិច្ច ព្រោះថាប្រសិនបើហ៊ានជំទាស់ នឹងត្រូវរងការដាក់ទណ្ឌកម្ម ឬសឹងតែត្រូវរងការវាយប្រហារ ឧទាហរណ៍ដូចជាករណីរបស់ប្រទេសគុយបានិងអ៊ីរ៉ង់ជាដើមដែល«មិនស្តាប់បង្គាប់»របស់អាមេរិក ក៏ត្រូវរងការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចរហូតដល់បច្ចុប្បន្ន ដែលរារាំងដល់ដំណើរអភិវឌ្ឍន៍ជាតិរបស់ប្រទេសទាំងនេះ ។
ជារៀងរាល់ឆ្នាំ អាមេរិកបានចេញរបាយការណ៍សិទ្ធិមនុស្សនៃប្រទេសនានាលើពិភពលោក ដែលមានប្រទេសភាគច្រើនលើសលប់សុទ្ធតែស្ថិតក្រោមការចោទប្រកាន់ថាមាន«បញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ» ហើយរបាយការណ៍នេះបានក្លាយជាលេសដ៏«សមរម្យ»ដែលអាមេរិកប្រើជាអាវុធសម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ។
ងាកមកមើលពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសអាមេរិកវិញ ជារៀងរាល់ឆ្នាំមានមនុស្សរាប់ពាន់នាក់ដែលត្រូវបាត់បង់ជីវិតក្រោមចុងកាណុងកាំភ្លើង ជនជាតិដើមភាគតិចនិងជនជាតិពណ៌សម្បុរផ្សេង ពិសេសជនជាតិស្បែកខ្មៅបានរងការរើសអើងនិងអំពើហិង្សា រហូតដល់ត្រូវសម្លាប់ក៏មាន ។ ក្រៅពីនេះ នៅមានករណីដែលកុមារជនជាតិដើមភាគតិចរាប់រយនាក់ត្រូវធ្វើទារុណកម្មនិងត្រូវសម្លាប់យ៉ាងព្រៃផ្សៃនៅឯសាលារៀនកាលពីអតីតកាលដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ល។ ប៉ុន្តែ ករណីដែលប្រឡាក់ដោយឈាមទាំងនេះមិនបានលើកឡើងសូម្បីតែបន្តិចក្នុងរបាយការណ៍សិទ្ធិមនុស្សនៃប្រទេសអាមេរិកនោះទេ ពោលគឺ«សិទ្ធិមនុស្សរបស់អាមេរិកគឺល្អឥតខ្ចោះ» ។
ដូចដែលយើងគ្រប់គ្នាបានដឹងហើយថា អង្គការសហប្រជាជាតិជាអង្គការអន្តររដ្ឋាភិបាលអន្តរជាតិដែលបង្កើតឡើងដោយប្រទេសមានអធិបតេយ្យភាព ក្រោមកម្មវត្ថុ ៖ គាំពារសន្តិភាពនិងសន្តិសុខអន្តរជាតិ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពអន្តរជាតិដែលឈរលើមូលដ្ឋាននៃគោលការណ៍គោរពសិទ្ធិស្មើភាពនិងសិទ្ធិសម្រេចគោលនយោបាយដោយខ្លួនឯងរបស់ប្រជាជននៃប្រទេសនានាជាដើម ។ ក្នុងន័យនេះ មិនថាប្រទេសធំឬតូច មានឬក្រ សុទ្ធតែត្រូវមានសិទ្ធិស្មើគ្នា ។
និយាយចំពោះប្រទេសមួយដែលមានអធិបយ្យភាព និងបូរណភាពទឹកដីពេញលេញ ការគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាបន្ទាត់ក្រហមដែលមិនអាចបំពានបានជាដាច់ខាត ។ បើគ្មានអធិបតេយ្យភាព គឺគ្មានសេចក្តីថ្លៃថ្នូរជនជាតិ ប្រទេសជាតិក៏គ្មានសុខសន្តិភាព អាស្រ័យហេតុនេះ បញ្ហាអធិបតេយ្យភាពមិនមែនជារឿងលេងសើចជាដាច់ខាត ។ ក្នុងករណីតំបន់ចិនតៃវ៉ាន់លើកនេះ ប្រទេសចិនបានឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់គឺដើម្បីគាំពារអធិបតេយ្យភាព ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ដែលជារឿងចាំបាច់និងដាច់ខាតត្រូវតែធ្វើក្នុងនាមជាប្រទេសមានអធិបតេយ្យភាពពេញលេញ ។
ការចងមិត្តស្ថិតត្រង់ភាពស្មោះត្រង់ ការបង្កើតទំនាក់ទំនងរវាងប្រទេសនិងប្រទេសស្ថិតត្រង់ការគោរពគ្នានិងមានសមភាព ។ បច្ចុប្បន្នជាយុគសម័យនៃពិភពលោកពហុប៉ូលនិងពហុភាគីនិយម មិនមែនសម័យអាណានិគមនិយមនោះទេ ពោលគឺពិភពលោកត្រូវការសមភាព មិនត្រូវការអនុត្តរភាពទេ ហើយដើម្បីទទួលបានការអភិវឌ្ឍរួម និងវិបុលភាពរួម គឺមានតែការធ្វើកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ ការគោរពអធិបតេយ្យភាពគ្នា និងបោះបង់ចោលគំនិត«អញជាធំ» ទើបអាចឈានដល់លទ្ធផលឈ្នះ-ឈ្នះ តែមិនមែនផលបូកសូន្យដែលបង្ខូចដល់ផលប្រយោជន៍អ្នកដទៃដើម្បីតែផលប្រយោជន៍ខ្លួននោះឡើយ ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
评论被关闭。