ទឹកមុខញញឹមពព្រាយរបស់ប្រជាកសិករចិនក្នុងរដូវកាលប្រមូលផល ជាការធានាដ៏រឹងមាំចំពោះសន្តិសុខស្បៀងរបស់ប្រទេសជាតិ

ក្នុងរដូវរំហើយរបស់ប្រទេសចិនជារៀងរាល់ឆ្នាំ វាលស្រែស្រូវទុំពណ៌មាសលាតសន្ធឹងរាប់លានហិកតាចោលក្លិនក្រអូបនៃគ្រាប់ធញ្ញជាតិដ៏គួរជាទាក់ចិត្ត បន្លែផ្លែឈើគ្រប់មុខប្រជែងគ្នាលូតលាស់និងហុចផលជាបន្តបន្ទាប់ ។ សុភាសិតចិនពោលថា «តស៊ូម្តង បានផលម្តង»  នេះជាខណៈពេលដ៏សប្បាយរីករាយបំផុតរបស់ប្រជាកសិករចិន ព្រោះថាការចំណាយកម្លាំងញើសឈាមខិតខំដាំដុះនិងថែទាំអស់រយៈពេលជិតកន្លះឆ្នាំបាននិងកំពុងហុចផលមកវិញជាបន្តបន្ទាប់ ។

ចាប់ពីពេលធ្វើយន្តូបនីយកម្មមក ការប្រមូលផលដំណាំជាច្រើនប្រភេទរបស់ប្រជាកសិករចិនបានចំណាយពេលតិច ចំណាយកម្លាំងតិច តែបានផលលឿន ។ ដំណាំស្បៀងនិងបន្លែផ្លែឈើត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារទូទាំងប្រទេសជាបន្តបន្ទាប់ ដែលធានាបាននូវការផ្គត់ផ្គង់តាមតម្រូវការ ។

ស្ថិរភាពនៃខ្សែសង្វាក់ផលិតកម្មនិងខ្សែសង្វាក់ផ្គង់ផ្គត់របស់ប្រទេសចិនបានលំនឹងតម្លៃទំនិញក្នុងចន្លោះសមរម្យនិងទប់ស្កាត់ការកើនឡើងខ្លាំងនៃអតិផរណា ហើយតាមការប៉ាន់ប្រមាណ ទិន្នផលស្បៀងក្នុងឆ្នាំនេះនឹងរក្សាក្នុងបរិមាណលើសពី ០,៦៥ ទ្រីលានគីឡូក្រាម ដែលអាចបំពេញតាមតម្រូវការក្នុងស្រុកនិងការនាំចេញ ។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងលើកឡើងថា «ឆ្នាំងបាយ»ដែលស្ថិតនៅក្នុងដៃខ្លួនឯង ទើបជារបស់ខ្លួនពិតៗ ។ បច្ចុប្បន្ន ឃ្លាំងស្តុកស្បៀងរបស់ប្រទេសចិនមានចំណុះសរុបលើសពី ៦,៥ រយលានតោន បច្ចេកទេសនៃការស្តុកស្បៀងមានកម្រិតជឿនលឿនបង្គួរនៅលើពិភពលោក ហើយបរិមាណស្បៀងសំខាន់ពីរមុខដែលស្តុកក្នុងឃ្លាំងគឺអង្ករនិងស្រូវសាលីគឺលើសពីតម្រូវការពេញមួយឆ្នាំ ។

ប្រជាកសិករជាមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងរបស់ប្រទេសជាតិ អាស្រ័យហេតុនេះ បក្សនិងរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារ«កសិកម្ម ជនបទ និងកសិករ» ។ ពិសេសនៅចុងឆ្នាំ ២០២០ ប្រទេសចិនបានសម្រេច«គោលដៅមួយសតវត្សរ៍»ទីមួយរបស់ខ្លួន ពោលគឺក្នុងឱកាសគម្រប់ខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន នឹងជួយឱ្យពលរដ្ឋក្រីក្រទាំងអស់ចេញផុតពីភាពក្រីក្រ ។

សមិទ្ធផលនៃការកាត់បន្ថយភាពក្រីក្រទទួលបានដោយមិនងាយទេ ឯការថែរក្សាសមិទ្ធផលជារឿងកាន់តែលំបាកទៅទៀត ។ សុភាសិតចិនមួយឃ្លាពោលថា «ស្បៀងអាហារជាឫសគល់នៃការរស់រានមានជីវិតរបស់ប្រជាជន» ជាការពិតណាស់ ប្រជាជនមានស្បៀងអាហារគ្រប់គ្រាន់ ទើបអាចប្រកបការងារនិងរស់នៅដោយទឹកចិត្ត​សប្បាយរីករាយ ហើយប្រទេសជាតិទើបមានស្ថិរភាព ។

អ្វីដែលគួររំលឹកគឺថាចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩មក ប្រទេសមួយចំនួនបានដាក់ចេញវិធានការរឹតត្បិតការនាំចេញស្បៀងនិងផលិតផលកសិកម្ម ដែលជះឥទ្ធិពលចំពោះសន្តិសុខស្បៀងក្នុងតំបន់និងពិភពលោក ។

ក្រៅពីនេះ បម្រែបម្រួលនិម្មាបនកម្មពិភពលោកដ៏ស្មុគស្មាញនិងការកើនឡើងនៃអតិផរណាបាននិងកំពុងបណ្តាលឱ្យប្រទេសមួយចំនួនប្រឈមនឹងវិបត្តិស្បៀងអាហារ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្ទាន់ ពុំនោះសោតនឹងមិនងាយឆ្លងផុតវិបត្តិផ្ទួនៗដ៏កម្រនេះឡើយ ។

ក្នុងន័យប្រកាន់ខ្ជាប់និងគាំទ្រចំពោះពហុភាគីនិយម និងគំនិតផ្តួចផ្តើមស្តីពីពិភពលោកជាសហគមន៍រួមវាសនាតែមួយ ប្រទេសចិនបានដាក់ចេញវិធានការជាច្រើនដើម្បីគាំពារសន្តិសុខស្បៀងរបស់ខ្លួនផង និងរួមចំណែកដល់ការគាំពារសន្តិសុខស្បៀងជាសកលផង ដូចជាការជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវិស័យកសិកម្ម ការជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យលើកកម្ពស់ផលិតកម្មកសិកម្មនិងកម្រិតសន្តិសុខស្បៀង ក៏ដូចជាបានឧបត្ថម្ភថវិកាច្រើនបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍នៃអង្គស្បៀងអាហារនិងកសិកម្មអង្គការសហប្រជាជាតិ ។

កាលពីឆ្នាំ​ ២០២១ បរិមាណស្បៀងគិតជាមធ្យមក្នុងមនុស្សម្នាក់ៗរបស់ប្រទេសចិនគឺ ៤៨៣ គីឡូក្រាម ដែលជាតួលេខលើសពីស្តង់ដាសុវត្ថិភាពរបស់ពិភពលោកយ៉ាងច្រើន ។ ផ្អែកលើធនធានរបស់ខ្លួន ប្រទេសចិនបានដោះស្រាយបញ្ហាហូបចុករបស់ប្រជាជនចំនួន ១ភាគ ៥ នៃពិភពលោក ដែលជាការរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិសុខស្បៀងរបស់ពិភពលោក ។

សុភមង្គលកើតចេញពីការតស៊ូ  ថ្នាក់ដឹកនាំចិនតែងលើកឡើងថា    «តើប្រជាជនមានជីវភាពល្អឬមិនល្អ ត្រូវមើលថាតើប្រជាជនមានទឹកមុខញញឹមដោយក្តីពេញចិត្តឬអត់» ។ ជាការពិតណាស់ ការធ្វើឱ្យប្រជាជន ជាពិសេសគឺប្រជាកសិករមានទឹកមុខញញឹមប្រកបដោយសុភមង្គលជាទិសដៅការងារសំខាន់បំផុតមួយរបស់រដ្ឋាភិបាលចិន ហើយទិន្នផលដំណាំកសិផលដែលស្តុកពេញឃ្លាំងគឺជាការធានាយ៉ាងប្រចក្សចំពោះ«ឆ្នាំងបាយ»និងសន្តិសុខស្បៀងរបស់ប្រជាជនចិន និងជាការរួមចំណែកដល់ការថែរក្សសន្តិសុខស្បៀងពិភពលោក ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还喜欢

评论被关闭。