ក្នុងដំណើរធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ តើប្រទេសចិននឹងនាំមកនូវអ្វីខ្លះជូនពិភពលោក ?
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបិទបញ្ចប់ដោយជោគជ័យ ក្រុមថ្នាក់ដឹកនាំកំពូលអាណត្តិថ្មីនៃបក្សកុម្មុយនីស្តចិនក៏បានប្រសូត្រចេញក្នុងសមាជលើកនេះផងដែរ ។
របាយការណ៍ការងារដែលថ្លែងក្នុងសមាជលើកនេះបានលើកឡើងពីពាក្យគន្លឺះមួយចំនួនដូចជា «ទំនើបកម្មតាមបែបផែនចិន» , «អភិវឌ្ឍន៍ដោយគុណភាពខ្ពស់» , «លើកកម្ពស់កម្រិតបើកទូលាយចំពោះបរទេស» , «ជំរុញអភិបាលកិច្ចបរិស្ថានអេកូឡូស៊ី» និង«មិនធ្វើអនុត្តរភាព និងមិនវាតទីជារៀងរហូត» ។ល ។ ពាក្យគន្លឹះទាំងនេះជាទិសដៅនៃនយោបាយរបស់បក្សកុម្មុយនីស្តចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខនិងរយៈវែងក្នុងពេលអនាគត ។ អ្វីដែលសហគមន៍អន្តរជាតិចង់ដឹងចង់ឮគឺថា ក្នុងដំណើរនេះ តើប្រទេសចិននឹងមកនូវឥទ្ធិពលវិជ្ជមានឬអវិជ្ជមានចំពោះពិភពលោក ?
បច្ចុប្បន្ន ពិតមែនតែប្រជាជនចិនដែលស្ថិតក្រោមស្តង់ដារនៃបន្ទាត់ក្រីក្ររបស់ចិនបានចេញផុតពីភាពក្រីក្រទាំងស្រុងហើយក្តី ក៏ប៉ុន្តែប្រទេសចិននៅតែស្ថិតក្នុងជួរនៃប្រទេសកំពុងអភិវឌ្ឍន៍ដដែល ហើយជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោក ហេតុនេះការសម្រេចគោលដៅ«វិបុលភាពរួម»ត្រូវពុះពារឧបសគ្គលំបាកៗជាច្រើនទៀត ពិសេសស្ថិតក្នុងបរិបទដែលនិម្មាបនកម្មពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំងនិងស្ថានការណ៍អន្តរជាតិមានភាពរង្គោះរង្គើបែបនេះ ។
បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើង ប្រទេសចិនបានកសាងប្រទេសជាតិពីបាតដៃទទេ ហើយរយៈពេល ៦០ ឆ្នាំ បានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោក , រយៈពេល ៧០ ឆ្នាំ បានលុបបំបាត់ភាពក្រីក្រក្នុងប្រទេសទាំងស្រុង ។ តើអ្វីទៅដែលជាគន្លឺះជោគជ័យរបស់ប្រទេសចិន ? ចម្លើយគឺការដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួន អភិវឌ្ឍដោយសន្តិភាព មិនធ្វើអនុត្តរភាព មានមេត្រីភាពជាមួយបណ្តាប្រទេស និងដៃគូសហប្រតិបត្តិការ គាំពារពហុភាគីនិយម ពិសេសគឺធ្វើរឿងជាក់ស្តែងជូនប្រជាជន ។
ឈានចូលយុគសម័យថ្មី ប្រទេសចិនដែលប្រកាន់ខ្ជាប់ការដើរតាមផ្លូវសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិនបានដើរតួសំខាន់ឡើងៗលើឆាកអន្តរជាតិ ដែលមិនត្រឹមតែជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុថ្កាសម្រាប់ជួយលំនឹងស្ថិរភាពនិងសន្តិភាពពិភពលោកផងដែរ ។ ពិសេសក្នុងបរិបទកូវីដ ការរួមចំណែករបស់ប្រទេសចិនចំពោះការគាំពារសុខភាពសាធារណៈគឺមិនអាចកាត់ថ្លៃបានទេ ពោលគឺប្រទេសចិនបានចែកចាយវ៉ាក់សាំងកូវីដ-១៩ ច្រើនបំផុតជាមួយពិភពលោក ក៏ដូចជាបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រច្រើនបំផុតដើម្បីទៅជួយប្រយុទ្ធប្រឆាំងជំងឺឆ្លងនៅប្រទេសដែលមានតម្រូវការ ដែលបានជួយសង្គ្រោះអាយុជីវិតរបស់មនុស្សរាប់មិនអស់ ស្របតាមទស្សនៈអភិបាលកិច្ចរបស់ប្រទេសចិនគឺ «ប្រជាជនជាចម្បង» ។
ថ្នាក់ដឹកនាំកំពូលចិនតែងលើកឡើងថា «ភារកិច្ចចម្បងរបស់ប្រទេសចិនគឺអភិវឌ្ឍខ្លួនឯងឱ្យបានល្អ ពិសេសត្រូវអភិវឌ្ឍដោយគុណភាពខ្ពស់» ។ ជាការពិតណាស់ ប្រសិនជាខ្លួនឯងមិនទាន់អភិវឌ្ឍផង តើទៅជួយអ្នកដទៃយ៉ាងម៉េច ? ជាក់ស្តែង ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសចិនមានល្បឿនកំណើនសេដ្ឋកិច្ចដ៏លេចធ្លោបំផុត ហើយបណ្តាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ក៏រមែងទាញបានផលពីការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ ។
ក្នុងសមាជបក្សកុម្មុយនីស្តដែលទើបបិទបញ្ចប់ ប្រទេសចិនបានដាក់ចេញទិសដៅការងារថ្មី ស្តីពីការជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ពោលគឺការធ្វើទំនើបកម្មដែលគ្របដណ្តប់លើទ្រង់ទ្រាយប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព ។
តាមរយៈគំនិត«ទំនើបកម្មតាមបែបផែនចិន»យើងអាចឃើញថា ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិនមានវិសាលភាពធំធេងដែលមានឥទ្ធិពលយ៉ាងខ្លាំងចំពោះប្រទេសជាតិនិងពិភពលោក ។ ពាក់ព័ន្ធនឹងបញ្ហាថា តើឥទ្ធិពលនេះវាវិជ្ជមានឬអវិជ្ជមាន យើងអាចគិតពិចារណាតាមរយៈការបកស្រាយចំពោះគោលគំនិតមួយនេះ ។
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ប្រទេសចិនគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតលើពិភពលោក ដែលត្រូវជាជិត ២០ ភាគរយនៃចំនួនប្រជាជនសរុបលើពិភពលោក ។ អាស្រ័យហេតុនេះ ប្រសិនបើប្រទេសចិនសម្រេចការកសាងប្រទេសមួយដែលប្រជាជនមានវិបុលភាពរួម បានន័យថានឹងមានចំនួនប្រជាជនយ៉ាងហោចណាស់ ២០ ភាគរយលើពិភពលោកដែលមានជីវភាពសម្បូរសប្បាយ ។ ពិសេសគឺទីផ្សារដែលមានចំនួនប្រជាជនជិត ១ ភាគ ៥ នៃពិភពលោកមួយនេះ បាននិងកំពុងបើកចំហកាន់តែធំទៅៗចំពោះពិភពលោក ឱកាសសហប្រតិបត្តិការថ្មីៗបានលេចចេញជាបន្តបន្ទាប់ ភាគលាភនៃការអភិវឌ្ឍរបស់ប្រទេសចិនបាននិងកំពុងចែករំលែកជាមួយបណ្តាប្រទេសជាមិត្តតាមរយៈកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួត ។
ប្រទេសចិនមានទំហំផ្ទៃដីធំទី ៣ លើពិភពលោក ដែលសម្បូរដោយជីវចម្រុះ ។ ឯគំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍រួមជីវិតរវាងមនុស្សជាតិនិងធម្មជាតិរបស់ចិនជាទិសដៅអភិរក្សបរិស្ថានអេកូឡូស៊ី និងជីវចម្រុះ ។ ម៉្យាងវិញទៀត ប្រទេសចិនបានដាក់ចេញយុទ្ធសាស្ត្រ«ទ្វេកាបូន» ពោលគឺកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន ។ ប្រសិនបើសម្រេចបាននូវគោលដៅទាំងពីរនេះ នោះការរួមចំណែករបស់ប្រទេសចិនក្នុងការឆ្លើយតបនឹងបម្រែបម្រែអាកាសធាតុសកលគឺសកម្មនិងវិជ្ជមានបំផុត ។
បើមើលក្នុងប្រវត្តិសាស្ត្រ ប្រទេសចិនមិនដែលបំផុសសង្គ្រាមដោយម្ចាស់ការជាមួយប្រទេសណាមួយនោះទេ ហើយក៏មិនដែលធ្វើអាណានិគមលើប្រទេសណាដែរ ។ ថ្នាក់ដឹកនាំចិនបានលើកឡើងថា «ប្រទេសចិនមិននាំចូលរូបមន្តអ្នកដទៃទេ ហើយក៏មិននាំចេញរូបមន្តរបស់ខ្លួនដែរ ។» មានន័យថាគ្មានប្រទេសណាដែលអាចបង្ខិតបង្ខំឱ្យប្រទេសចិនអនុវត្តតាមរូបមន្តអភិវឌ្ឍន៍របស់ប្រទេសខ្លួននោះទេ ហើយប្រទេសចិនក៏មិនបង្ខំឱ្យប្រទេសណាអនុវត្តតាមរូបមន្តអភិវឌ្ឍន៍របស់ខ្លួនដែរ ។ ប៉ុន្តែប្រទេសចិននឹងក្រេបយកពុទ្ធិពីបទពិសោធដ៏ជោគជ័យរបស់ប្រទេសដទៃ ហើយក៏រីការាយចែករំលែកនូវបទពិសោធរបស់ខ្លួនជាមួយប្រទេសនានាផងដែរ ។ មិនធ្វើអនុត្តរភាព តែធ្វើកិច្ចសហប្រតិបត្តិការ មិនវាតទី តែពង្រីករង្វង់មិត្តភក្តិ នេះជាការសន្យាដ៏ឱឡារិករបស់ប្រទេសចិនចំពោះពិភពលោក ។ តើប្រទេសចិននឹងធ្វើតាមពាក្យសន្យារបស់ខ្លួន ដែលនឹងនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនពិភពលោកឬយ៉ាងណា ? ចម្លើយគឺស្ថិតក្នុងការអនុវត្តរបស់ប្រទេសចិននាពេលកន្លងមកដែលពិភពលោកសុទ្ធតែបានមើលឃើញយ៉ាងច្បាស់រួចហើយ ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
评论被关闭。