វិធានការថ្មីស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ចិននឹងរួមចំណែកសំខាន់សម្រាប់ការស្តារវិស័យទេសចរណ៍និងពាណិជ្ជកម្មអន្តរជាតិរបស់ពិភពលោកឱ្យរស់ឡើងវិញ

បន្ទាប់ពីខកខានអស់រយៈពេល ៣ ឆ្នាំ ប្រជាពលរដ្ឋចិនដែលនិយមចូលចិត្តទៅធ្វើដំណើរកម្សាន្តនៅបរទេសនិងជនបរទេសដែលនិយមចូលចិត្តធ្វើដំណើរកម្សាន្តនៅប្រទេសចិនបានចាប់ផ្តើមគ្រោងផែនការទៅធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសឡើងវិញបន្ទាប់ពីប្រទេសចិនកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងដោយកំណត់ថា ចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ នេះតទៅ លុបចោលការធ្វើតេស្តកូវីដនិងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរដែលចូលដែនចិន ។

ប្រការនេះមានន័យថា មិនថាពលរដ្ឋចិនដែលធ្វើដំណើរទៅបរទេសហើយវិលត្រឡប់មកវិញឬជនបរទេសដែលចង់ចូលដែនចិននោះទេ ឱ្យតែមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ ដែលធ្វើតេស្តក្នុងរយៈពេល ៤៨ ម៉ោងមុនពេលចេញដំណើរ គឺសុទ្ធតែអាចចូលរួមសកម្មភាពក្នុងសង្គមបន្ទាប់ពីចូលដែនចិន ។

អ្វីដែលគួរឱ្យកត់សម្គាល់ បន្ទាប់ពីការដាក់ចេញវិធានការថ្មីនេះភ្លាម គេសង្កេតឃើញថាខេត្តក្រុងដែលជាតំបន់សេដ្ឋកិច្ចសំខាន់របស់ប្រទេសចិនបានចាត់ចែងឱ្យពាណិជ្ជករដែលធ្វើពាណិជ្ជកម្មជាមួយក្រៅប្រទេសធ្វើដំណើរដោយផ្ទាល់ទៅកាន់គោលដៅវិនិយោគរបស់ខ្លួនឬទៅកៀរគរទុនវិនិយោគពីបរទេស​ ដែលជាសញ្ញាបង្ហាញថា «ការពិភាក្សាអំពីការធ្វើពាណិជ្ជកម្មនិងវិនិយោគតាមអនឡាញរវាងចិននិងបរទេស»បានបិទបញ្ចប់ជាបណ្តើរៗដែលជំនួសមកវិញនូវការពិភាក្សាទល់មុខ ។

ចិនជាប្រទេសពាណិជ្ជកម្មធំទីមួយលើពិភពលោក ដែលបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសនិងតំបន់ជាង ១២០ ។ អាស្រ័យហេតុនេះ ការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោកគឺមិនអាចខ្វះនូវការរួមចំណែកនៃសេដ្ឋកិច្ចចិននោះទេ ។ បើតាមស្ថិតិនៃធនាគារពិភពលោកឱ្យដឹងថា ក្នុងអំឡុងពីឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០២១ អត្រារួមចំណែកនៃសេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកគឺគិតជាមធ្យម ៣៨.៦% ក្នុងមួយឆ្នាំ ដែលលើសពីអត្រារួមចំណែកសរុបរបស់ប្រទេស G7 រហូតដល់ទៅជាង ១០% ។

ពិសេសក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិបាននិងកំពុងប្រឈមនឹងវិបត្តិផ្ទួនៗ សេដ្ឋកិច្ចចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្តត់ផ្គង់សកល ។ លើសពីនេះទៅទៀត បន្ទាប់ពីការបន្ធូរវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លង គេអាចជឿជាក់បានថា ក្នុងឆ្នាំ ២០២៣ នេះ កំណើនសេដ្ឋកិច្ចចិននឹងហក់ឡើងវិញដែលអាចនឹងឈានដល់កម្រិតស្មើនឹងមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ។

អ្នកជំនាញនិងសេដ្ឋវិទូនៃប្រទេសជាច្រើនបានវាយតម្លៃថា វិធានការថ្មីស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ចិនគឺជាការបញ្ជូនសញ្ញាមួយទៅកាន់សហគមន៍អន្តរជាតិថា ការទៅមករវាងអ្នកដំណើរនិងការធ្វើពាណិជ្ជកម្មឆ្លងដែនជាមួយប្រទេសចិននឹងវិលត្រឡប់ទៅរកភាពងាយស្រួលនិងសេរីដូចមុនវិបត្តិកូវីដជាបណ្តើរៗ ពោលគឺកំណើននៃសេដ្ឋកិច្ចចិននិងប្រទេសជាដៃគូពាណិជ្ជកម្មរបស់ចិនក្នុងឆ្នាំ ២០២៣ នេះប្រកបដោយភាពសុទិដ្ឋិនិយម ។

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទេសចរចិនជាប្រភពចំណូលទេសរណ៍ដ៏សំខាន់របស់ប្រទេសជាច្រើនលើពិភពលោក ពិសេសគឺប្រទេសអាស៊ីអាគ្នេយ៍ ។ បើតាមស្ថិតិយើងអាចមើលឃើញថា មុនវិបត្តិជំងឺកូវីដ-១៩នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥ លាននាក់ ស្មើនឹង ១០% នៃទេសចរពិភពលោក ដែលនាំមកនូវចំណាយទេសចរណ៍ប្រមាណ ២៥៨ ប៊ីលានដុល្លារអាមេរិក ស្នើនឹង១ភាគ៥នៃចំណាយទេសចរណ៍ពិភពលោក ដែលជាការរួមចំណែកយ៉ាងសំខាន់ចំពោះ GDP នៃប្រទេសពាក់ព័ន្ធ ។

ពិសេសចំពោះប្រទេសកម្ពុជាដែលជាមិត្តដែកថែប ទេសចរចិនដែលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជានៅឆ្នាំ ២០១៩ មានជាង ២.៣ លាននាក់ ស្មើនឹង ៣៥.៧% នៃទេសចរអន្តរជាតិសរុប គិតជាចំណូលស្មើប្រមាណ ១៨០០ លានដុល្លារអាមេរិកលើចំណូលទេសចរណ៍សរុបប្រមាណ ៥ ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែលឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង៥០%នៃទុនវិនិយោគបរទេស (FDI) សរុបរបស់កម្ពុជា ។ នេះបើតាមទិន្នន័យនៃក្រសួងទេសចរណ៍កម្ពុជា ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា បន្ទាប់ពីប្រទេសចិនដាក់ចេញវិធានការ«បន្ធូរដៃ»ចំពោះការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ ប្រទេសមួយចំនួនដែលពីមុនតែងស្រែកក្តែងៗឱ្យចិន«បើកទ្វារ» ស្រែកថាចិនបាន«បំបិទសិទ្ធិ»,«បំបិទសេរីភាពនៃការធ្វើដំណើរ»របស់ប្រជាជន ប៉ុន្តែលុះដល់ចិនគេ«បើកទ្វារ» បែរជារឹតបន្តឹងចំពោះអ្នកដំណើរដែលចេញទៅពីប្រទេសចិនទៅវិញ ដែលជារឿងដ៏ហួសចិត្តនិងគួរឱ្យអស់សំណើច ។

យ៉ាងណាមិញ ប្រទេសដ៏ច្រើនបាននាំគ្នាសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន  ក្នុងនេះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសស្វាគមន៍ជាមុនចំពោះភ្ញៀវទេសចរចិនដែលចង់មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ខណៈកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរចិនយ៉ាងហោច ២ លាននាក់នៅពេលរដ្ឋាភិបាលចិនបើកប្រទេសឡើងវិញនោះ ។ ចំណែកក្រសួងទេសចរណ៍កម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន ដែលជាការបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិនប្រកបដោយបដិសណ្ឋាកិច្ចដ៏រួសរាយ រាក់ទាក់និងកក់ក្តៅបំផុត ។

រដ្ឋាភិបាលចិនបានគូសបញ្ជាក់ជាច្រើនលើកច្រើនសាថា វិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩របស់ចិនគឺធ្វើឡើងតាមការសិក្សារស្រាវជ្រាវយ៉ាងហ្មត់ចត់តាមបែបវិទ្យាសាស្ត្រចំពោះស្ថានការណ៍ជាក់ស្តែង ពោលគឺការបើកប្រទេសឡើងវិញលើកនេះគឺធ្វើឡើងក្នុងខណៈពេលដ៏សមរម្យបំផុត ។

យើងអាចរំពឹងទុកប្រកបដោយសុទិដ្ឋិនិយមថា បន្ទាប់ពីប្រទេសចិនបានដាក់ចេញវិធានការថ្មីស្តីពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ពោលគឺការបើកប្រទេសឡើងវិញ វានឹងរួមចំណែកសំខាន់សម្រាប់ការស្តារវិស័យទេសចរណ៍និងពាណិជ្ជកម្មអន្តរជាតិរបស់ពិភពលោកឱ្យរស់ឡើងវិញក្នុងឆ្នាំ ២០២៣ នេះ ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

 

你可能还喜欢

评论被关闭。