តើកំណើនផលិតផលក្នុងស្រុកសរុប ៥% របស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ បង្ហាញពីសញ្ញាអ្វី ?

បន្ទាប់ពីព្រឹត្តិការណ៍ជាតិដ៏សំខាន់របស់ប្រទេសចិនគឺសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ កាលពីចុងឆ្នាំ ២០២២ នៅដើមខែមីនាឆ្នាំ ២០២៣ នេះ ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតបានប្រារព្ធឡើងនៅក្រុងប៉េកាំង នោះគឺមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនដែលប្រជាជនចិនតែងហៅថា«មហាសន្និបាតនៃសភាទាំងពីរ» ។

មហាសន្និបាតទាំងពីរលើកនេះ ជាការចាប់ផ្តើមដំណើរធ្វើទំនើបកម្មតាមបែបផែនចិនដែលបានដាក់ចេញក្នុងសមាជបក្សកម្មុយនីស្តចិនលើកទី ២០ ហើយក៏ជាការប្តូរអាណត្តិនៃថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលចិនផងដែរ ។ អាស្រ័យហេតុនេះ អាចនិយាយបានថានេះជាព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងការកំណត់ជោគវាសនាក៏ដូចជាទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសជាតិនាថ្ងៃអនាគត ។

បើតាមរបាយការណ៍ការងាររដ្ឋាភិបាលដែលថ្លែងដោយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនក្នុងមហាសន្និបាតលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ឱ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនក្នុងឆ្នាំ ២០២២ ត្រូវជា ៣% ។ តាមការរំពឹងទុក GDP ប្រចាំឆ្នាំ ២០២៣ នឹងមានកំណើន ៥% ។ តើការដាក់ចេញទិសដៅមួយនេះបង្ហាញពីសញ្ញាអ្វី ?

គួររំឮកថា មុនពេលផ្ទុះរាលដាលជំងឺកូវីដ-១៩ កំណើន GDP ប្រចាំឆ្នាំរបស់ប្រទេសចិនគឺស្ថិតនៅចន្លោះពី ៦ ទៅ ៧ ភាគរយជារៀងរាល់ឆ្នាំ តែបន្ទាប់ពីកើតមានវិបត្តិជំងឺឆ្លងក្នុងរយៈពេលជាងបីឆ្នាំ , GDP របស់ចិនបានធ្លាក់មកត្រឹម ២ ឬ ៣ ភាគរយប៉ុណ្ណោះ ។ ឯការដាក់ចេញទិសដៅកំណើន ៥% ក្នុងឆ្នាំ ២០២៣  ជាសញ្ញាប្រាប់ពិភពលោកថា នាគយក្សនៅអាស៊ីមួយនេះចាប់ផ្តើមងើបឡើងវិញហើយ ។

ជាការពិតណាស់ វិបត្តិជំងឺឆ្លងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងរបួសយ៉ាងដំណំ ក្នុងនោះក៏បូករួមទាំងប្រទេសចិនផងដែរ ។ ពិតមែនតែចិននៅតែរក្សាកំណើនវិជ្ជមានក្នុងអំឡុងពេលមានវិបត្តិក្តី តែសេដ្ឋកិច្ចចិនក៏រងផលប៉ះពាល់មិនតិចដែរ ។ យ៉ាងណាមិញ អ្វីដែលញ៉ាំងឱ្យសេដ្ឋកិច្ចចិននៅតែអាចរក្សាភាពធន់និងរស់រវើក គឺគោលនយោបាយជាតិរបស់ចិនដែលប្រកាន់ខ្ជាប់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយដៃគូពាណិជ្ជកម្មទូទាំងពិភពលោក ។

ក្រៅពីនេះ ទីផ្សារក្នុងស្រុកដ៏ធំសម្បើមដែលមានចំនួនប្រជាជនជាង ១.៤០០ លាននាក់របស់ចិនជាឧត្តមភាពដែលមិនអាចជំនួសបានក្នុងការរក្សាស្ថិរភាពនៃសេដ្ឋកិច្ចរបស់ខ្លួន ។ ទីផ្សារដ៏មានសក្តានុពលនេះជាចន្ទល់ដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចចិននិងជាដើមទុនសម្រាប់ប្រទេសចិនធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេសលើពិភពលោក ។

ការដាក់ចេញគោលដៅកំណើន GDP ប្រចាំឆ្នាំចំនួន ៥% វាមិនមែនដាក់ចេញដោយប្រយោលទេ ។ យើងសង្កេតឃើញថា នៅដើមឆ្នាំ ២០២៣ នេះ ប្រទេសចិនបានបើកប្រទេសឡើងវិញ ដែលជាសញ្ញាដ៏វិជ្ជមានសម្រាប់ការស្តារពាណិជ្ជកម្មឆ្លងដែននិងការប្រាស្រ័យទាក់ទងរវាងប្រជាជនចិននិងប្រជាជននៃបណ្តាប្រទេសឡើងវិញដោយគ្រប់ជ្រុងជ្រោយពាណិជ្ជករធំៗរបស់ចិនក៏បានក្តាប់ឱកាសនេះចេញទៅស្វែងរកឱកាសពាណិជ្ជកម្មដោយផ្ទាល់នៅបរទេសដោយបូករួមទាំងការកៀរគរទុនវិនិយោគនិងការបណ្តាក់ទុន ។

ជានិច្ចកាល រដ្ឋាភិបាលចិនតែងតែចាត់ទុកសហគ្រាសនិងសហគ្រិនឯកជនជាកម្លាំងចលករដ៏សំខាន់នៃការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយជំរុញនិងលើកទឹកចិត្តឱ្យសហគ្រាសចិន«ដើរចេញទៅក្រៅ»ពោលគឺទៅបណ្តាក់ទុននៅក្រៅប្រទេសដើម្បីសម្រេចនូវផលប្រយោជន៍ឈ្នះ-ឈ្នះ ។ កន្លងមក ផ្អែកលើយុទ្ធសាស្ត្របើកទូលាយដោយមា្ចស់ការរបស់ប្រទេសចិនក្រោមការរួមគ្នាកសាងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» បានធ្វើឱ្យប្រទេសនិងតំបន់ជាង ១៤០ លើពិភពលោកក្លាយជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសចិន ដែលបាននាំមកនូវផលប្រយោជន៍រួមនិងកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសចិននិងពិភពលោកទាំងមូល ។

ជារួម តាមរយៈគោលដៅកំណើន GDP ចំនួន ៥% គឺជាការបង្ហាញពីអាកប្បកិរិយារបស់ប្រទេសចិនដែលប្រកាន់ខ្ជាប់ការបើកទូលាយដោយកម្រិតខ្ពស់ ការអភិវឌ្ឍដោយគុណភាពខ្ពស់​ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយក៏ជាការបញ្ចេញសញ្ញាទៅកាន់ពិភពលោកផងដែរថា គ្មានអ្វីអាចរារាំងដំណើរកសាងប្រទេសសង្គមនិយមទំនើបមានលក្ខណៈពិសេសចិននិងជំហានស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញបានឡើយ ។ លើសពីនេះ ប្រទេសចិនរីករាយចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍របស់ខ្លួនជាមួយបណ្តាប្រទេសនានា ដើម្បីរួមគ្នាស្តារសេដ្ឋកិច្ចសកលឡើងវិញ ក៏ដូចជាឈានដល់ការសម្រេចគោលដៅកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还喜欢

评论被关闭。