សេដ្ឋកិច្ចចិនដែលប្រកបដោយភាពបរិយាប័ន្នខ្ពស់ជាកាលានុវត្តភាពថ្មីនៃពិភពលោក

 

ក្នុងរយៈពេលជាងបីឆ្នាំកន្លងទៅ ទោះបីស្ថិតនៅក្នុងបរិបទកូវីដក្តី តែសេដ្ឋកិច្ចចិននៅតែអាចរក្សាកំណើនក្នុងចន្លោះសមរម្យដដែល ។ ពិសេសក្នុងឆ្នាំ ២០២២ ក្នុងខណៈពេលដែលប្រទេសលោកខាងលិចជាច្រើនប្រឈមនឹងវិបត្តិអតិផរណាខ្ពស់ និងវិបត្តិផ្សេងទៀត សេដ្ឋកិច្ចចិនបានបង្ហាញពីភាពធន់របស់ខ្លួនដោយសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៣% ដែលនេះជាកំណើនបានមកដោយមិនងាយទេក្នុងបរិបទដែលពិភពលោកកំពុងកើតមានវិបត្តិសេដ្ឋកិច្ចបែបនេះ ។

តើកត្តាអ្វីដែលនាំឱ្យសេដ្ឋកិច្ចចិនមានភាពធន់និងរស់រវើកបែបនេះ ? ជាបឋមគឺទីផ្សារដ៏ធំដែលមានចំនួនប្រជាជនចំនួន ១៤០០ លាននាក់ ដែលជាឧត្តមភាពមួយមិនអាចជំនួសបាន ព្រោះគ្រាន់តែតម្រូវការក្នុងស្រុកក៏ជាយុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចជាតិប្រកបដោយប្រសិទ្ធភាព  ដែលក្នុងនេះការប្រើប្រាស់នៅតែបង្ហាញពីសក្តានុពលយ៉ាងធំធេងទោះស្ថិតក្នុងវិបត្តិជំងឺឆ្លងក្តី ។

 

ទីពីរយើងមកមើលពីគោលនយោបាយសេដ្ឋកិច្ចរបស់ចិន ។ បច្ចុប្បន្ន ប្រទេសចិនផ្តោតលើការជំរុញសេដ្ឋកិច្ចវិលជុំក្នុងស្រុកជាគោល និងគួបផ្សំជាមួយ«ដំណើរវិលជុំពីរ» ពោលគឺសេដ្ឋកិច្ចវិលជុំជាតិនិងសេដ្ឋកិច្ចវិលជុំអន្តរជាតិ ដែលបំពេញបន្ថែមគ្នាដើម្បីរំញោចនូវភាពរស់រវើកនៃសេដ្ឋកិច្ច និងរំលេចពីភាពបរិយាប័ន្នខ្ពស់នៃសេដ្ឋកិច្ចចិន បើធៀបនឹងនយោបាយ«អញនិយម»ដែលបិទខ្ទប់សេដ្ឋកិច្ចបរទេសហើយលើកតម្កើងតែសេដ្ឋកិច្ចខ្លួនឯងរបស់បស្ចិមប្រទេសមួយចំនួន ឃើញថាកិច្ចសហប្រតិបត្តិការអន្តរជាតិបាននាំមកនូវសក្តានុពលបន្ថែមទៀតសម្រាប់ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិន ។

 

ក្នុងឆ្នាំ ២០២២ កិច្ចព្រមព្រៀង RCEP បានចូលជាធរមានជាផ្លូវការ ។ ដូចដែលយើងបានដឹងហើយថា រដ្ឋសមាជិក RCEP មានកម្រិតអភិវឌ្ឍន៍ខុសគ្នា ហើយទំនៀមទម្លាប់និងវប្បធម៌ប្រពៃណីក៏មិនសូវដូចគ្នាដែរ ហេតុនេះតម្រូវឱ្យមានភាពបរិយាប័ន្នខ្ពស់ទើបអាចធ្វើការជាមួយគ្នាបាន ។ យ៉ាងណាមិញ ទីផ្សារចិនដែលប្រកបដោយសក្តានុពលនិងបរិយាប័ន្នបានដើរតួនាទីសម្របសម្រួលនិងបំពេញបន្ថែមជាមួយសេដ្ឋកិច្ចនៃបណ្តារដ្ឋសមាជិកផ្សេងៗ ដែលបានកើតចេញជាសមិទ្ធផលគួរឱ្យកត់សម្គាល់ ។

 

ទីបីគឺប្រទេសចិនបានជំរុញលើកទឹកចិត្តឱ្យសហគ្រាសឯកជនទៅវិនិយោគនៅបរទេស និងកៀរគរវិនិយោគិនបរទេសឱ្យបណ្តាក់ទុននៅប្រទេសចិនដែលជាផ្នែកមួយនៃសេដ្ឋកិច្ចវិលជុំអន្តរជាតិ ។ មិនថាវិនិយោគិនបរទេសប្រកបអាជីវកម្មលើវិស័យអ្វី សុទ្ធសឹងតែអាចស្វែងបានឱកាសពាណិជ្ជកម្មដែលស័ក្តិសមនឹងមុខជំនួញរបស់ខ្លួន ។ អាស្រ័យហេតុនេះ ប្រទេសចិនបានក្លាយជាគោលដៅវិនិយោគដ៏ពេញនិយមសម្រាប់ពាណិជ្ជករអន្តរជាតិដែលជាធាតុផ្សំដ៏សំខាន់នៃ «សេដ្ឋកិច្ចឈ្នះ-ឈ្នះ» ។

 

កត្តាមួយទៀត យើងមកមើលពីដំណើរវិវត្តន៍នៃសេដ្ឋកិច្ចចិន ។ លោក Dong Yu នាយករងវិទ្យាស្ថានផែនការអភិវឌ្ឍន៍ប្រទេសចិននៃសាកលវិទ្យាល័យ Tsinghua (ឈីងហួ) បានលើកឡើងថា បច្ចុប្បន្ន សេដ្ឋកិច្ចចិនបានវិវត្តន៍ពីសេដ្ឋកិច្ចប្រពៃណីទៅជាសេដ្ឋកិច្ចឌីជីថលដែលជាទិសដៅសេដ្ឋកិច្ចសំខាន់នាពេលអនាគតរបស់ប្រទេសចិនបន្ទាប់ពីរដ្ឋាភិបាលបានធ្វើបរិវត្តកម្មឌីជីថល ។

 

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា សេដ្ឋកិច្ចឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងពាណិជ្ជកម្មអន្តរជាតិក្នុងបរិបទកូវីដ ដែលជាគំនាស់សេដ្ឋកិច្ចថ្មីសម្រាប់ការលំនឹងសេដ្ឋកិច្ចសកល ។ សេដ្ឋកិច្ចឌីជីថលរបស់ចិនដែលមានភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ ក្រៅពីបានសង្គ្រោះសេដ្ឋកិច្ចជាតិពីក្នុងវិបត្តិ ក៏បាននាំមកនូវកាលានុវត្តភាពថ្មីសម្រាប់ពិភពលោកដើម្បីត្រៀមលក្ខណៈពេញលេញសម្រាប់ទទួលរបត់ថ្មីនៃយុគសម័យឌីជីថល ។

 

ក្នុងឆ្នាំ ២០២២ ទំហំសេដ្ឋកិច្ចឌីជីថលរបស់ចិនលើសពី ៥០ ទ្រីលានយាន់ប្រាក់ចិន ( ប្រមាណជា ៧.២ ទី្រលានដុល្លារអាមេរិក ) មានអនុបាតលើសពី ៤០% នៃ GDP របស់ចិន ស្ថិតក្នុងលេខរៀងទី ២ លើពិភពលោក ដែលមាន«មុខរបរឌីជីថល»ថ្មីជាង ១០០ បានត្រូវបង្កើតឡើងស្របតាមនិន្នាការនៃយុគសម័យ ។ តាមការប៉ាន់ប្រមាណ ទំហំសេដ្ឋកិច្ចឌីជីថលរបស់ចិននៅក្នុងឆ្នាំ ២០២៥ នឹងកើនឡើងដល់ ៦០ ទ្រីលានយាន់ប្រាក់ចិន ( ប្រមាណជា ១០.៣ ទី្រលានដុល្លារអាមេរិក )។

 

បើចង់ឱ្យសេដ្ឋកិច្ចរីកចម្រើន មានតែការធ្វើកិច្ចសហប្រតិបត្តិការ គ្មានប្រទេសណាដែលបិទទ្វារហើយមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងនោះទេ ។ អាស្រ័យហេតុនេះ មិនថាស្ថិតក្នុងកាលៈទេសៈណាក្តី ប្រទេសចិនតែងគូសបញ្ជាក់ជានិច្ចពីគោលនយោបាយបើកទូលាយក្នុងកម្រិតខ្ពស់ ដែលធ្វើឱ្យប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសនិងតំបន់ជាង ១៣០ នៅលើពិភពលោក ។

 

បច្ចុប្បន្ន សេដ្ឋកិច្ចចិនដែលជាក្បាលម៉ាស៊ីនមួយនៃសេដ្ឋកិច្ចពិភពលោក បានផ្សារភ្ជាប់ជាមួយដង្ហើមសេដ្ឋកិច្ចនៃប្រទេសនានា ដែលហាក់ដូចជាសរសៃរឈាមដែលតភ្ជាប់គ្នាជាមួយបេះដូងតែមួយ ។ ក្នុងន័យនេះ យើងមិនពិបាកយល់ទេថា សេដ្ឋកិច្ចចិនមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោក ពោលគឺប្រសិនជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោកមួយនេះដួលរលំ នោះសេដ្ឋកិច្ចពិភពលោកមុខជាស្ថិតក្នុងភាពជាប់គាំងហើយប្រាកដជាវិវត្តទៅជាវិបត្តិសកលជាមិនខាន ។

 

ដូចប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា «អ្នកខ្លះគឺថាបន់ឱ្យចិនចុះខ្សោយ ធ្វើឱ្យចិនចុះខ្សោយ តើអាចទៅរួចទេ នៅក្នុងបញ្ហាដែលធ្វើឱ្យចិនចុះខ្សោយ វាមិនអាចទៅរួចទេ ចិនជាប្រទេសមួយដែលមានប្រជាជាតិច្រើនជាងគេនៅលើពិភពលោក អ្នកណាទៅអាចរារាំងចិនបានលើការរីកលូតលាស់របស់ចិន ។​ ម៉្យាងទៀត ចិនជាទីផ្សារធំណាស់ ដែលផលចំណេញគឺបានមកទីផ្សារអាស៊ាន អាស៊ាននាំទៅចិនច្រើនជាងចិននាំចេញមកអាស៊ាន ។ ចិនគឺជាប្រទេសដែលផ្គត់ផ្គង់វត្ថុធាតុដើមឱ្យប្រទេសដែលមានផលិតកម្មដូចជាកម្ពុជា ​។ វិស័យកាត់ដេររបស់កម្ពុជាគឺ ៨០% នៃសាច់ក្រណាត់ត្រូវបាននាំចូលពីចិន ។ »

 

ការពិតបានបង្ហាញយ៉ាងប្រចក្សថា មិនថាប្រទេសអភិវឌ្ឍន៍ ប្រទេសកំពុងអភិវឌ្ឍន៍ឬប្រទេសមានការអភិវឌ្ឍតិចតួចនោះទេ គឺសុទ្ធសឹងតែព្យាយាមឈោងចាប់យកចិនជាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដើម្បីបានចែករំលែក«នំខេក»ដែលបានពីការអភិវឌ្ឍថ្មីនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាការសបញ្ជាក់យ៉ាងច្បាស់ថា គំនិត«ផ្តាច់ទំនាក់ទំនង» វាគ្រាន់តែជាគំនិតអាត្មានិយមនិងហួសសម័យដែលមិនអាចទទួលបានការគាំទ្រជាទូទៅនោះទេ ពោលមានតែការសហការគ្នាធ្វើការទើបជាផ្លូវសម្រាប់ដើរឆ្ពោះទៅរកវិបុលភាពរួម ៕

 

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还喜欢

评论被关闭。