តើបញ្ហាតៃវ៉ាន់ជាបញ្ហាផ្ទៃក្នុងរបស់ចិនឬជាបញ្ហាសកល ?
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា សហគមន៍អន្តរជាតិបានទទួលស្គាល់ជាទូទៅពីគោលការណ៍ចិនតែមួយ ពោលគឺលើពិភពលោកនេះគឺមានប្រទេសចិនតែមួយគត់ ឯតៃវ៉ាន់គ្រាន់តែជាដែនកោះមួយរបស់ប្រទេសចិនតែប៉ុណ្ណោះ ។ ជាពិសេស តៃវ៉ាន់គ្មានអាសនៈក្នុងអង្គការសហប្រជាជាតិនោះទេ ដែលមានន័យថា តៃវ៉ាន់មិនមែនជារដ្ឋអធិបតេយ្យ ហើយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនគឺតំណាងឱ្យប្រទេសចិនទាំងមូល ក្នុងនោះបូករួមទាំងតំបន់តៃវ៉ាន់ផងដែរ ។
អាស្រ័យហេតុនេះ មិនថាប្រទេសណាក្តី ឱ្យតែបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន គឺសុទ្ធតែបានប្រកាសពីការគោរពតាមគោលការណ៍ចិនតែមួយដែលជាក្រមមូលដ្ឋាននៃការបង្កើតទំនាក់ទំនងផ្លូវទូតរបស់ចិន ពោលគឺប្រទេសមានចំណងការទូតជាមួយចិនមិនអាចមានទំនាក់ទំនងផ្លូវការណាមួយជាមួយតំបន់តៃវ៉ាន់នោះឡើយ ។
ប៉ុន្តែគេសង្កេតឃើញថា ប្រទេសមួយចំនួនតូច ពិសេសអាមេរិកនិងសម្ព័ន្ធមិត្តម្ខាងនិយាយថាគោរពអធិបតេយ្យភាពរបស់ចិន គោរពគោលការណ៍ចិនតែមួយ តែម្ខាងទៀតបែរជាតែងយកបញ្ហាតៃវ៉ាន់មកវាយប្រទេសចិនទៅវិញដូចជាពេលថ្មីៗនេះបានលើកឡើងថា«បញ្ហាតៃវ៉ាន់មិនមែនជាបញ្ហារវាងចិននិងតៃវ៉ាន់នោះទេ តែជាបញ្ហាសកល» ទៀតផង ។អ៊ីចឹងតើប្រទេសទាំងនេះដឹងថាតៃវ៉ាន់ជាចំណែកមួយរបស់ចិនទេ ? ចម្លើយគឺប្រាកដណាស់ ដឹងច្បាស់ជាងថ្ងៃទៅទៀត ។ ចុះហេតុអ្វីបានជាដឹងច្បាស់ហើយនៅតែទទូចលូកដៃក្នុងរឿងតៃវ៉ាន់ទៀត ?
កត្តាទីមួយគឺចរិតរបស់សហរដ្ឋអាមេរិកចូលចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ រហូតសឹងតែបង្គាប់បញ្ជាប្រទេសដទៃឱ្យធ្វើតាមគំនិតរបស់ខ្លួន ពោលគឺអាមេរិកបានធ្វើ«បងធំ»អស់កាលជាយូរមកហើយ អ៊ីចឹងទេមិនអនុញ្ញាតឱ្យនរណាខ្លាំងលើសខ្លួននោះឡើយ ។ ទស្សនៈ«អញជាធំ»បានដុះស្លែក្នុងផ្នត់គំនិតរបស់អ្នកនយោបាយអាមេរិកចាស់ខែចាស់ឆ្នាំមកហើយ ពួកគេយល់ថា ប្រសិនបើប្រទេសចិនបង្រួបបង្រួមជាតិដោយជោគជ័យ នោះកម្លាំងជាតិរបស់ចិននឹងរឹតតែខ្លាំងក្លាថែមទៀត ដែលប្រការនេះអាមេរិក«មិនអាចទទួលយកបានឡើយ» ។
កត្តាទីពីរគឺការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ។ អាមេរិកបានព្យាយាមពង្រីករង្វង់សម្ព័ន្ធមិត្តដើម្បីពង្វាតអំណាចអនុត្តរភាពតាមរយៈការលើកកម្ពស់តួនាទីនិងឋានៈយុទ្ធសាស្ត្ររបស់ខ្លួន ។ ចំណែកឯតៃវ៉ាន់ជាកូនអុកមួយសម្រាប់អាមេរិកយកធ្វើជាដើមទុនដើម្បីរារាំងការរីកចម្រើនរបស់ប្រទេសចិន ។ ក្នុងន័យនេះ ស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់មិនមែនជាអ្វីដែលអាមេរិកចង់ឃើញនិងចង់បាននោះទេ ព្រោះបើតំបន់នេះមានសន្តិភាពនិងស្ថិរភាព អ្នកណាទិញអាវុធពីអាមេរិក ? ម៉្យាងទៀតបើតៃវ៉ាន់រួបរួមជាមួយចិន នោះអាមេរិកនឹងបាត់បង់ភូមិសាស្ត្រនយោបាយដ៏សំខាន់សម្រាប់ការដាក់គំនាបឬប្រឈមមុខផ្ទាល់ជាមួយចិន ។
ការលើកឡើងថាបញ្ហាតៃវ៉ាន់ជា«បញ្ហាសកល» វាគ្រាន់តែជាល្បិចដើម្បីកេងចំណេញខាងនយោបាយនិងបង្វែរចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិតែប៉ុណ្ណោះ ។ ចំណែកឯការលើកយកបញ្ហាឧបទ្វីបកូរ៉េមកធ្វើការប្រៀបធៀបជាមួយបញ្ហាតៃវ៉ាន់ វាជារឿងដ៏គួរឱ្យអស់សំណើច ព្រោះមិនថាបញ្ហាឧបទ្វីបកូរ៉េឬបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលក្តី គឺសុទ្ធតែជាបញ្ហារវាងប្រទេសពីរដែលមានអធិបតេយ្យដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ។ ចំណែកតៃវ៉ាន់ដែលគ្រាន់តែជាដែនកោះមួយនៃទឹកដីចិនប៉ុណ្ណោះ តើការដែលយករបស់ដែលជាកម្មសិទ្ធិរបស់ខ្លួនមកវិញត្រូវសុំការអនុញ្ញាតពីអ្នកដទៃដែរមែនទេ ?
ជាធម្មតា ការដោះស្រាយបញ្ហាក្នុងគ្រួសារគឺជារឿងផ្ទាល់ខ្លួនរបស់សាមីគ្រួសារ យើងមិនអាចលូកលាន់ឬបង្គាប់បញ្ជាគ្រួសារអ្នកដទៃនោះទេ ហើយកាន់តែមិនអាចសម្រេចជោគវាសនារបស់អ្នកដទៃទៅទៀត ។ នេះជាសីលធម៌និងជាច្បាប់ដែលយើងត្រូវគោរព ពោលមិនអាចបំពានបន្ទាត់ក្រហមរបស់អ្នកដទៃឡើយ ។
គេនៅចាំបានថា កាលពីឆ្នាំ ១៩៩៩ អាមេរិកបានទម្លាក់គ្រាប់បែកនៅក្រុងកូសូវ៉ូក្រោមលេស«បង្ការកុំឱ្យកើតមានវិបត្តិមនុស្សធម៌» ដែលបណ្តាលឱ្យជនស៊ីវិលជាង ២០០០ នាក់ស្លាប់បាត់បង់ជីវិត ។ កាលពីឆ្នាំ ២០០១ អាមេរិកបានលើកទ័ពចូលប្រទេសអាហ្វហ្កានីស្ថានដោយអះអាងថាវាយបង្ក្រាបភេរវនិយម ហើយនៅ ២០ ឆ្នាំក្រោយមក ពេលដែលអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន បានត្រឹមបន្សល់ទុកតែភាពឈឺចាប់និងភាពខ្ទេចខ្ទាំដែលមិនអាចសាបរលាបបានដល់ប្រជាជនអាហ្វហ្កានីស្ថានប៉ុណ្ណោះ ។ កាលពីឆ្នាំ ២០០៣ អាមេរិកបានលើកទ័ពឈ្លានពានអ៊ីរ៉ាក់ក្រោមលេសទប់ស្កាត់ការផលិត«អាវុធប្រល័យលោក» បណ្តាលឱ្យជនស៊ីវិលអ៊ីរ៉ាក់ជិត ២៥ ម៉ឺននាក់ស្លាប់បាត់បង់ជីវិត ។ ល ។
អ្វីៗទាំងនេះជាមរតកនៃអ្វីដែលអាមេរិកនិងសម្ព័ន្ធមិត្តបានហៅថា«បញ្ហាសកល» តើការលើកឡើងថាបញ្ហាតៃវ៉ាន់ជា«បញ្ហាសកល»គឺធ្វើឡើងក្នុងចេតនាបែបណា ? សហគមន៍អន្តរជាតិបានដឹងច្បាស់ណាស់អំពីរឿងនេះ ។ ជារួម ប្រវត្តិសាស្ត្រមិនអនុញ្ញាតឱ្យមានការមួលបង្កាច់តាមតែទំនើងចិត្តជាដាច់ខាត ការពិតដែលតៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិនវានឹងមិនអាចកែប្រែទេ ហើយកលឧបាយដែលប្រើតៃវ៉ាន់ជាកូនអុកក្នុងចេតនាទប់ស្កាត់ការវិវឌ្ឍរីកចម្រើនរបស់ចិនក៏មិនអាចទៅរួចជាដាច់ខាត ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
评论被关闭。