យន្តហោះខ្នាតធំC919 ជាសមិទ្ធផលថ្មីនៃសមត្ថភាពផលិតកម្មនិងបច្ចេកវិទ្យារបស់ប្រទេសចិន
ដូចជាបណ្តាប្រទេសជាច្រើនលើពិភពលោកផងដែរ អស់កាលជាច្រើនឆ្នាំកន្លងមក យន្តហោះដឹកអ្នកដំណើរខ្នាតធំរបស់ប្រទេសចិនគឺសុទ្ធតែបញ្ជាទិញពីបរទេស ។ យ៉ាងណាមិញ ស្របនឹងការវិវឌ្ឍរីកចម្រើនខាងបច្ចេកវិទ្យា ប្រទេសចិនបានបង្កើតស្នាដៃថ្មីៗជាច្រើនខាងវិស័យផលិតកម្ម ក្នុងនោះយន្តហោះដឹកអ្នកដំណើរខ្នាតធំC919 ដែលស្រាវជ្រាវនិងអភិវឌ្ឍន៍ដោយឯករាជ្យម្ចាស់ការរបស់ប្រទេសចិនបានប្រសូត្រឡើងនិងដាក់ឱ្យដំណើរការជើងហោះហើរពាណិជ្ជកម្មជាផ្លូវការនៅថ្ងៃទី ២៨ ខែឧសភានេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការប្រើប្រាស់យន្តហោះដឹកអ្នកដំណើររបស់ចិន ។
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទាំងអតីតកាលនិងបច្ចុប្បន្នកាល ផលិតផលចិនបានជ្រាបចូលជីវភាពរស់នៅរបស់ប្រជាជននៃបណ្តាប្រទេសជាច្រើនលើពិភពលោក មិនថាផលិតផលខ្នាតតូចឬធំ មិនថាផលិតផលសិប្បកម្មឬវៃឆ្លាតសិប្បនិម្មិត ។ល។ ជារួម សម្ភារៈដែលមានស្លាកសញ្ញា «Made in China» គឺមានវត្តមាននៅស្ទើរតែគ្រប់ក្រុមគ្រួសារ ដែលផលិតផលទាំងនេះបានផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់ជីវភាពរស់នៅរបស់យើង ។
ឈានចូលយុគសម័យឌីជីថល ប្រទេសនីមួយៗបានចាប់យកការច្នៃប្រឌិតថ្មីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនៃប្រទេសជាតិ ។ ក្នុងនោះ ប្រទេសជាច្រើនបានដាក់បញ្ចូលការច្នៃប្រឌិតថ្មីទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួន បើទោះបីមិនមែនជាប្រទេសខ្លាំងខាងវិស័យបច្ចេកវិទ្យាឬឧស្សាហកម្មជឿនលឿនក្តី ។ យ៉ាងណាមិញ ឆ្លងតាមការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ប្រទេសចិនបានឈានចូលជួរប្រទេសបែបនវានុវត្តន៍នៅឆ្នាំ ២០២២ ដែលជាសញ្ញាប្រាប់ទៅកាន់ពិភពលោកថា ប្រទេសកំពុងអភិវឌ្ឍន៍ដែលធំបំផុតមួយនេះបាននិងកំពុងដើរឆ្ពោះទៅរកការធ្វើទំនើបកម្មឧស្សាហកម្មផលិតកម្មដែលប្រកបដោយបច្ចេកវិទ្យាជឿនលឿនលំដាប់អន្តរជាតិ ។
គេសង្កេតឃើញថា ក្រៅអំពីផលិតផលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ឧស្សាហកម្មផលិតកម្មផ្នែកបច្ចេកវិទ្យាខ្ពស់របស់ចិនក៏ទទួលបានសមិទ្ធផលយ៉ាងធំធេងមានជាអាទិ៍ ៖ នាវាផ្ទុកយន្តហោះ , នាវាមុជទឹកជម្រៅជ្រៅបំផុត , តេឡេស្កូបយក្ស , រ៉ុក្កែតដឹកជញ្ជូន , យានអវកាសដឹកទំនិញ , យានអវកាសផ្ទុកមនុស្ស , យានអវកាសរុករកភពព្រះចន្ទ , យានអវកាសរុករកភពព្រះអង្គារ , ស្ថានីយអវកាស ។ល។ អ្វីទាំងនេះបានធ្វើឱ្យប្រទេសចិនស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសខ្លាំងខាងបច្ចេកវិទ្យា ។
ទន្ទឹមនឹងសមិទ្ធផលផ្នែកបច្ចេកវិទ្យាជឿនលឿនបានប្រសូត្រឡើងកាន់តែច្រើនឡើងៗ ប្រទេសចិនក៏មានមហិច្ឆតាក្នុងការផលិតយន្តហោះដឹកអ្នកដំណើរខ្នាតធំដោយខ្លួនឯងផងដែរ ។ ចាប់ពីការដាក់ចេញផែនការផលិតយន្តហោះខ្នាតធំC919 រហូតដល់ការដាក់ឱ្យដំណើរការជើងយន្តហោះពាណិជ្ជកម្មគឺបានចំណាយអស់ពេលជាង ១០ ឆ្នាំ ។ នេះមិនត្រឹមតែជាមោទកភាពរបស់ប្រទេសចិននោះទេ វាក៏ជាមោទកភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ដែលអាចឈានចូលជួរប្រទេសផលិតយន្តហោះដឹកអ្នកដំណើរខ្នាតធំ ព្រោះតាំងពីដើមមកក្រុមហ៊ុនផលិតយន្តហោះធំៗរបស់បស្ចិមប្រទេសបានគ្រប់គ្រងលើទីផ្សារឧស្សាហកម្មផលិតយន្តហោះអ្នកដំណើររបស់ពិភពលោកជាប់រហូតមក ។
ក្នុងនាមជាប្រទេសថ្មីថ្មោងដែលអាចផលិតយន្តហោះដឹកអ្នកដំណើរខ្នាតធំដោយឯករាជ្យម្ចាស់ការ ភាពជោគជ័យមួយនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសចិនអភិវឌ្ឍវិស័យឧស្សហកម្មផលិតយន្តហោះដឹកអ្នកដំណើរដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួនផងនិងចូលរួមប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិផង ដែលជាសញ្ញាបង្ហាញទៅកាន់អន្តរជាតិថា «ចិនធ្វើបាន» ហើយក៏ជាជំហានដ៏សំខាន់មួយសម្រាប់ប្រទេសចិនឈានចូលចំណោមប្រទេសខ្លាំងខាងឧស្សាហកម្មផលិតយន្តហោះដឹកអ្នកដំណើរផងដែរ ។
យើងអាចជឿជាក់បានថា នាពេលអនាគត ការធ្វើដំណើរតាមជើងយន្តហោះអន្តរជាតិនឹងមិនត្រឹមតែមានយន្តហោះរបស់ក្រុមហ៊ន Boeing និង Airbus ជាដើមនោះទេ ក្នុងនោះក៏មានវត្តមានរបស់យន្តហោះដឹកអ្នកដំណើរខ្នាតធំដែលផលិតដោយប្រទេសចិនផងដែរ ដែលអ្នកដំណើរទាំងឡាយនឹងអាចដកបទពិសោធពីភាពជឿនលឿនខាងបច្ចេកវិទ្យានិងអារម្មណ៍ផាសុកភាពដែលនាំមកដោយ « Made in China » របស់ប្រទេសចិន ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
评论被关闭。