១០ឆ្នាំនៃគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» តើពិភពលោកទទួលបានផលប្រយោជន៍អ្វីខ្លះ ?
ឆ្នាំ ២០២៣ នេះជាខួប ១០ ឆ្នាំដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ។ ១០ ឆ្នាំកន្លងទៅនេះ ប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍រួមគ្នាពិភាក្សា រួមគ្នាកសាង និងចែករំលែកគ្នា ដើម្បីជំរុញឱ្យការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សំដៅសម្រេចបានគោលដៅដែលផ្តល់ផលប្រយោជន៍រួម ។
ពាក្យថា «ខ្សែក្រវាត់និងផ្លូវ» ជាការហៅកាត់នៃ«ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ»និង«ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី ២១» ជាការបន្តវេននិងផ្សព្វផ្សាយស្មារតីផ្លូវសូត្របុរាណដែលរាប់រកគ្នាដោយមេត្រីភាព បរិយាបន្ន រៀនសូត្រពីគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។អាស្រ័យហេតុនេះ គំនិតផ្តួចផ្តើមមួយនេះបានតភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសក្នុងក្របខ័ណ្ឌ«ខ្សែក្រវាត់និងផ្លូវ» ដូចជា«សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី» , កិច្ចព្រមព្រៀងRCEP , «ផែនការមេស្តីពីការតភ្ជាប់អាស៊ាន» និងរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិជាដើម ។ គិតត្រឹមចុងឆ្នាំ ២០២២ មានប្រទេសចំនួន ១៥១ និងអង្គការអន្តរជាតិចំនួន ៣២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ» ជាង ២០០ ឯកសារជាមួយប្រទេសចិន ដែលសបង្ហាញពីភាពចែករំលែកនិងភាពបើកទូលាយនៃ«ខ្សែក្រវាត់និងផ្លូវ» ។
បន្ទាប់ពីការលើកឡើងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» ការតភ្ជាប់រវាងប្រទេសចិននិងប្រទេសពាក់ព័ន្ធមានភាពកាន់តែស្អិតល្មួត ជាពិសេសក្រោមជំនួយរបស់ចិន ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍បានលេចចេញជារូបរាងជាបន្តបន្ទាប់ ដែលធ្វើឱ្យការតភ្ជាប់ខាងហេដ្ឋារចនាសម្ព័ន្ធមានភាពកាន់តែរលូន ។ ធនាគារពិភពលោកបានចេញរបាយការណ៍បញ្ជាក់ថា ប្រសិនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទាំងអស់ដែលស្ថិតក្នុងក្របខ័ណ្ឌនៃការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»ទទួលបានការអនុវត្តទាំងស្រុង នោះដល់ឆ្នាំ ២០៣០ អាចនឹងទទួលបានផលរហូតដល់ទៅ ១,៦ ទ្រីលានដុល្លារអាមេរិកដែលត្រូវជា ១,៣% នៃបរិមាណសេដ្ឋកិច្ចសរុបរបស់ពិភពលោក ។
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ( AIIB ) ដែលបង្កើតឡើងក្នុងន័យជំរុញការបណ្តាក់ទុនទាំងវិស័យឯកជននិងរដ្ឋ ពិសេសជំរុញការអភិវឌ្ឍនៃវិស័យហេដ្ឋារចនាសម្ព័ន្ធបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសនានា ដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ប្រទេសក្នុងនិងក្រៅក្របខ័ណ្ឌ«ខ្សែក្រវាត់និងផ្លូវ» ។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៣ នេះ សមាជិកនៃធនាគារ AIIB បានកើនឡើងដល់ ១០៩ ។ គិតត្រឹមចុងឆ្នាំ ២០២២ ធនាគារ AIIB បានអនុម័តគម្រោងវិនិយោគចំនួន ២០២ គម្រោងដែលពាក់ព័ន្ធនឹងវិស័យថាមពល គមនាគមន៍ អប់រំនិងសុខាភិបាលជាដើម ក្នុងទំហំវិនិយោគលើសពី ១០០ ប៊ីលានដុល្លារអាមេរិក ។
កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងបណ្តាប្រទេសតាមបណ្តោយ«ខ្សែក្រវាត់និងផ្លូវ» ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពោលគឺការនាំចូលរបស់ប្រទេសចិនពីប្រទេស«ខ្សែក្រវាត់និងផ្លូវ»បានកើនពីទំហំ ០,៣៧ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០១៥ ដល់ទំហំ ០,៩១ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០២២ ។ ទំហំនាំចេញពីអាស៊ានទៅចិនបានកើនពី ១៩៥,៨ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០១២ ដល់ទំហំ ៤០៨ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ ដែលត្រូវជា ១៥% នៃទំហំនាំចូលសរុបរបស់ប្រទេសចិន ពោលជាកម្លាំងចលករសំខាន់នៃកំណើនសេដ្ឋកិច្ចអាស៊ាន ។
បើមើលពីផ្នែកវិនិយោគទៅវិញទៅមក គិតពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ ការវិនិយោគទៅវិញទៅមករវាងប្រទេសចិននិងប្រទេសតាមបណ្តោយ«ខ្សែក្រវាត់និងផ្លូវ» មានទំហំសរុប ២៧០ ប៊ីលានដុល្លារអាមេរិក ក្នុងនោះសហគ្រាសចិនបានបណ្តាក់ទុនសរុប ៥៧,១៣ ប៊ីលានដុល្លារអាមេរិក ដែលបានផ្តល់ឱកាសការងារក្នុងប្រទេសពាក់ព័ន្ធសរុប ៤២១០០០ កន្លែង ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ ។
ក្នុងផ្នែកផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនវិញ កិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់និងផ្លូវ»បានជំរុញការផ្លាស់ប្តូរវប្បធម៌និងអរិយធម៌រវាងប្រទេសនានា តាមរយៈសកម្មភាពជាច្រើនដូចជា ឆ្នាំវប្បធម៌ , មហោស្រពភាពយន្ត , ទិវាសិល្បៈ , មហោស្រពតន្ត្រី និងពិព័រណ៍សៀវភៅជាដើម ពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលក្នុងបរិបទជំងឺកូវីដ-១៩ បានបង្ហាញពីស្មារតីរួមសុខរួមទុក្ខក្នុងគ្រាលំបាករវាងប្រជាជនចិននិងប្រជាជននៃបណ្តាប្រទេសដែលទទួលបានជំនួយខាងវេជ្ជសាស្ត្រពីប្រទេសចិន ។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចាត់បញ្ជូនក្រុមវេជ្ជសាស្ត្រជាង ៦០០០ នាក់ទៅផ្តល់ជំនួយខាងវេជ្ជសាស្ត្រដល់ប្រទេសចំនួន ៥៨ ដែលបានរួមចំណែកមិនអាចខ្វះបានសម្រាប់ការរឹតចំណងមិត្តភាពទ្វេភាគីនិងការរួមគ្នាកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមកសាង«ខ្សែក្រវាត់និងផ្លូវ»ដំបូងគេ ហើយអ្វីដែលយើងឃើញជាក់នឹងភ្នែកគឺកម្ពុជាទទួលបានសមិទ្ធផលជាច្រើនពីគំនិតផ្តួចផ្តើមនេះ ។ វិស័យអាទិភាពជាច្រើនជាពិសេសគឺគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជាជំនួយរបស់រដ្ឋាភិបាលចិនឬវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិនដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ , ពហុកីឡដ្ឋានជាតិមរតកតេជោ , អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ , អាកាសយានដ្ឋានអន្តរជាតិសៀមរាប–អង្គរ និងស្ថានីយវារីអគ្គិសនីតាតៃជាដើមគឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានលេចចេញជារូបរាងជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខរដ្ឋាភិបាលនិងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជាសុទ្ធតែបានថ្លែងការកោតសរសើរខ្ពស់អំពីគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលបានរួមចំណែកមិនអាចខ្វះបានចំពោះវិបុលភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក៏ដូចជាបានរឹតបន្តឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនឱ្យកាន់តែស្អិតល្មួតថែមទៀត ។
វេទិកាកំពូល«ខ្សែក្រវាត់និងផ្លូវ»សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ ដែលបើកពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលា ឆ្នាំ ២០២៣ នេះ គាប់ជួនគ្នាជាមួយនឹងខួបលើកទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» គឺប្រកបដោយសារៈសំខាន់ក្នុងការបូកសរុបសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ និងដាក់ចេញទិសដៅសហប្រតិបត្តិការថ្មីក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយថា មហាគ្រួសារនៃការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»នឹងរីកធំធាត់ឡើងជាលំដាប់ ដែលនឹងប្រកៀកស្មាគ្នាស្វែងរកការអភិវឌ្ឍនិងវិបុលភាពរួម ដើម្បីឆ្ពោះទៅការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិក្នុងពេលឆាប់ៗ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
评论被关闭。