ពិព័រណ៍នាំចូលចិនអន្តរជាតិជាវិធានការជាក់ស្តែងមួយរបស់ចិន ដើម្បីសម្រេចការបើកទូលាយប្រកបដោយកម្រិតខ្ពស់និងជំរុញសេដ្ឋកិច្ចសកល

 

កន្លងមក មិនថាពេលចូលរួមសកម្មភាពក្នុងស្រុកឬវេទិកាអន្តរជាតិក្តី ថ្នាក់ដឹកនាំចិនតែងលើកឡើងថា  «ទ្វារបើកទូលាយរបស់ប្រទេសចិននឹងមិនបិទជាដរាប» ។  ការគូសបញ្ជាក់ម្តងហើយម្តងទៀតរបស់ថ្នាក់ដឹកនាំចិនជាការប្រាប់ពីគោលជំហររបស់ប្រទេសចិនដែលរីករាយធ្វើការប្រាស្រ័យទាក់ទងជាមួយបណ្តាប្រទេសលើពិភពលោកដើម្បីទទួលបានវិបុលភាពនិងការអភិវឌ្ឍរួម ។

 

ដើម្បីសម្រេចបាននូវពាក្យសន្យាស្តីពីការបើកទូលាយដោយកម្រិតខ្ពស់ ប្រទេសចិនបានដាក់ចេញវិធានការនិងមានការអនុវត្តជាក់ស្តែងជាច្រើន ក្នុងនោះ ពិព័រណ៍នាំចូលចិនអន្តរជាតិជាពិព័រណ៍ដំបូងបង្អស់លើពិភពលោកដែលប្រើពាក្យ «នាំចូល» សម្រាប់ធ្វើជាឈ្មោះនៃពិព័រណ៍ថ្នាក់ជាតិ ដែលបង្ហាញពីការស្វាគមន៍ចំពោះរាល់ផលិតផលមានគុណភាពខ្ពស់នៃបណ្តាប្រទេសក្នុងការនាំចូលទៅប្រទេសចិន ដែលនេះជាឱកាសមាសមួយសម្រាប់សហគ្រាសលើពិភពលោកបញ្ជូនផលិតផលរបស់ខ្លួនទៅក្នុងទីផ្សារចិន ។

ឆ្នាំនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ បានប្រារព្ធឡើងតាមពេលកំណត់ពីថ្ងៃទី ៥-១០ ខែវិច្ឆិកានៅក្រុងសៀងហៃ ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺពិព័រណ៍លើកនេះធ្វើតាមទម្រង់អហ្វឡាញទាំងស្រុង ដែលនេះជាលើកទីមួយបន្ទាប់ពីជំងឺកូវីដ-១៩ ហើយទាំងចំនួនស្តង់ពិព័រណ៍ បរិមាណផលិតផលនិងចំនួនសហគ្រាសដែលចូលរួមសុទ្ធតែលើសពីឆ្នាំមុនៗ ដែលបានសបង្ហាញពីជំនឿចិត្តរបស់សហគ្រាសបរទេសចំពោះទីផ្សាររបស់ប្រទេសចិន ពិសេសក្រៅពីសហគ្រាសដែលធ្លាប់ចូលរួមហើយទទួលបានសមិទ្ធផលជាច្រើនពីក្នុងពិព័រណ៍នេះ ក៏មានសហគ្រាសថ្មីជាច្រើនដែលចូលរួមជាលើកដំបូងដើម្បីស្វែងរកឱកាសចាប់ដៃគូពាណិជ្ជកម្មជាមួយសហគ្រាសចិននិងសហគ្រាសនៃប្រទេសនានាផងដែរ ។

 

វត្តមានរបស់សហគ្រាសលំដាប់កំពូលលើពិភពលោកនិងសហគ្រាសនាំមុខរបស់ប្រទេសចិនបានបង្ហាញពីភាពទាក់ទាញនៃពិព័រណ៍នេះ ដោយសារតែសម្លឹងឃើញសក្តានុពលដ៏ធំធេងនៃទីផ្សារចិននិងគោលជំហរពង្រីកការបើកទូលាយរបស់រដ្ឋាភិបាលចិន ។ ពិសេសបច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកបាននិងកំពុងប្រឈមនឹងបញ្ហាជាច្រើនបន្ទាប់ពីវិបត្តិកូវីដ-១៩   ដូច្នេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែស្អិតល្មួត ទើបអាចរួបរួមជាកម្លាំងដើម្បីស្វែងរកកំណើនសេដ្ឋកិច្ចក្នុងបរិបទដែលសកលលោកកំពុងមានបម្រែបម្រួលនិម្មាបនកម្មដ៏ស្មុគស្មាញ ។

 

ប្រទេសចិនទទួលបានសមិទ្ធផលដ៏ធំធេងពីគោលនយោបាយកំណែទម្រង់និងបើកចំហរបស់ខ្លួន ដូច្នេះចិនរីករាយក្នុងការចែករំលែកបទពិសោធដ៏ជោគជ័យនេះជាមួយពិភពលោក ហើយតែងបង្ហាញពីជំហរគាំទ្រពហុភាគីនិយមយ៉ាងមុតមាំ ដូចប្រសាសន៍របស់លោក លី ឈាង នាយករដ្ឋមន្ត្រីចិនដែលបានថ្លែងក្នុងពិធីបើកពិព័រណ៍លើកនេះថា «ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចគឺជានិន្នាការប្រវត្តិសាស្ត្រ និងជាក្តីប្រាថ្នារួមរបស់ប្រជាជនលើពិភពលោក ហើយកិច្ចសហប្រតិបត្តិការបែបបើកចំហ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកគឺជាជម្រើសដ៏ឆ្លាតវៃបំផុត ។ ប្រទេសចិនរំពឹងទុកយ៉ាងស្មោះចំពោះការធ្វើការជាមួយប្រទេសនានា ដើម្បីដើរទៅរកទិសដៅដូចគ្នា និងផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមកក្នុងបរិបទបើកចំហ» ។

 

អ្វីដែលគួរឱ្យកត់សម្គាល់ គឺកាលពីឆ្នាំ ២០២១-២០២២ ទោះស្ថិតក្នុងបរិបទកូវីដ-១៩ក្តី ក៏ប្រទេសចិនបានរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិតាមទម្រង់អនឡាញ ដែលបង្ហាញថាទោះស្ថិតក្នុងកាលៈទេសៈណាក្តី ក៏ប្រទេសចិននៅតែប្រកាន់ខ្ជាប់ការបើកទូលាយ ឯការបើកទូលាយនេះហើយ ដែលបានរួមចំណែកយ៉ាងសំខាន់សម្រាប់វិស័យនាំចេញនាំចូលរវាងប្រទេសចិនជាមួយបណ្តាប្រទេស ពោលគឺបានជួយលំនឹងខ្សែសង្វាក់ឧស្សាហកម្មនិងរក្សាទំនាក់ទំនងពាណិជ្ជកម្មដើម្បីកាត់បន្ថយផលប៉ះពាល់ពីជំងឺរាតត្បាតសកលចំពោះសេដ្ឋកិច្ចជាតិនៃប្រទេសនានា ។ នេះជាការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនដែលមិនមែនធ្វើការប្តេជ្ញាបានតែមាត់នោះទេ ។

ជាការពិតណាស់ ពិតមែនតែពិព័រណ៍នាំចូលចិនអន្តរជាតិជាវិធានការមួយរបស់ប្រទេសចិនសម្រាប់ជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់របស់ខ្លួនក្តី ក៏ប៉ុន្តែរយៈពេល ៦ ឆ្នាំ កន្លងមក ពិព័រណ៍នេះបានក្លាយជាផលិតផលសាធារណៈមួយសម្រាប់សហគ្រាសនៃប្រទេសនានាទៅកៀរគរទុនវិនិយោគនិងស្វែងរកទីផ្សារទៅវិញទៅមកដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ពោលគឺសមិទ្ធផលដែលកើតចេញពីពិព័រណ៍នេះគឺត្រូវបានចែករំលែកគ្នា មិនថាសហគ្រាសតូចឬធំ មិនថាមកពីប្រទេសណាក្តី សុទ្ធតែអាចរកបានផលប្រយោជន៍ដូចការគ្រោងទុក នេះជាប្រសិទ្ធភាពជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ៕

 

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还喜欢

评论被关闭。