បុណ្យចូលឆ្នាំចិនឆ្នាំរោង ៖ តើសត្វនាគតំណាងឱ្យអ្វីក្នុងវប្បធម៌ចិន ?

សត្វនាគបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវប្បធម៌និងអរិយធម៌ចិនដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ រហូតដល់កកើតបានជា«វប្បធម៌សត្វនាគ»ដែលមានលក្ខណៈពិសេសរបស់ចិនទៀតផង ។

ដោយសារវប្បធម៌សត្វនាគបានជ្រាបចូលជីវភាពរស់នៅរបស់ប្រជាជនចិនអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ អាស្រ័យហេតុនេះ មកទល់បច្ចុប្បន្នជនជាតិចិននៅតែហៅខ្លួនឯងថាជា«ទាយាទសត្វនាគ» ។

កាលពីរាប់ពាន់ឆ្នាំមុន កុលសម្ព័ន្ធជនជាតិហួរសៀ ( ជនជាតិចិនបច្ចុប្បន្ន ) ដែលរស់នៅតាមបណ្តោយទន្លេលឿងបានគោរពបូជាសត្វពស់ជាតូតឹម ( totem ) របស់ខ្លួន ។ ក្រោយមកកុលសម្ព័ន្ធជនជាតិហួរសៀបានបង្រួបបង្រួមកុលសម្ព័ន្ធដទៃទៀត ហើយក៏ស្រូបយកតូតឹមរបស់កុលសម្ព័ន្ធដទៃបង្កើតបានជារូបសញ្ញាសត្វនាគដែលមានខ្លួនពស់ ក្បាលជ្រូក ស្នែងប្រើស ត្រចៀកគោ ពុកមាត់ពពែ ក្រញ៉ាំឥន្ទ្រី និងស្រកាត្រី ដូចជារូបសត្វនាគដែលយើងបានឃើញបច្ចុប្បន្ន

តាំងពីដើមមក នាគចិនបានតំណាងឱ្យសិរីសួស្តី , អំណាច , សេចក្តីថ្លៃថ្នូរ , សំណាងល្អ , បញ្ញា , ថាមពលនិងភាពអង់អាចក្លាហាន ។ល។

ក្នុងសម័យបុរាណចិន សត្វនាគជាសញ្ញាសម្គាល់នៃព្រះរាជវង្សានុវង្ស ដែលបង្ហាញពីឫទ្ធានុភាពនិងកិត្យានុភាពស្តេចផែនដី ហើយព្រះចៅផែនដីតែងហៅខ្លួនឯងថាជា«នាគរាជចុះពីឋានសួគ៌» អាស្រ័យហេតុនេះ មានតែស្តេចផែនដីនិងព្រះរាជវង្សានុវង្សប៉ុណ្ណោះដែលអាចប្រើរូបសញ្ញាសត្វនាគ ដូចជាការប៉ាក់រូបនាគនៅលើព្រះពស្ត្រា ការដាក់បញ្ជូលធាតុនាគទៅក្នុងរចនាបថសំណង់ របស់របរប្រើប្រាស់នៅក្នុងព្រះរាជដំណាក់ និងផ្សេងៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងរាជបល្ល័ង្ក ដែលជាការស្តែងពីឫទ្ធានុភាពរបស់អ្នកគ្រប់គ្រងផែនដី ។

ក្នុងសម័យបច្ចុប្បន្ន រូបសត្វនាគត្រូវបានប្រជាជនចិនប្រើប្រាស់ជាទូទៅ ពោលគឺលែងជា«កម្មសិទ្ធិផ្តាច់មុខ»របស់នរណាទៀតឡើយ ។ ប្រជាជនចិនជឿជាក់ថា សត្វនាគអាចនាំមកនូវសិរីមង្គលនិងសំណាងល្អ ដូចនេះ ទាំងក្នុងជីវភាពប្រចាំថ្ងៃនិងក្នុងពិធីសំខាន់ៗគេតែងឃើញមានវត្តមាននៃរូបសត្វនាគនៅលើសម្ភារៈផ្សេងៗ ។

ក្នុងពិធីអាពាហ៍ពិពាហ៍ រូបនាគនិងហង្សជារបស់មិនអាចខ្វះបាន ព្រោះសត្វនាគតំណាងឱ្យកូនប្រុស ឯសត្វហង្សតំណាងឱ្យកូនស្រី ដែលនាំមកនូវសិរីសួស្តីជូនដល់គូស្វាមីភរិយាថ្មី ហើយនេះក៏ជាការរំលេចពីវប្បធម៌ចិនដែលជនជាតិចិនតែងហៅខ្លួនឯងថាជា«ទាយាទសត្វនាគ»ផងដែរ

ក្នុងអក្សរសិល្ប៍ចិន ពាក្យ«នាគ»ត្រូវបានប្រើប្រាស់គួបផ្សំជាមួយនឹងពាក្យជាច្រើនបង្កើតជាកន្សោមពាក្យ ដែលប្រៀបធៀបអំពីរឿងរ៉ាវផ្សេងៗ ពិសេសតំណាងឱ្យភាពខ្លាំងក្លា , រឹងមាំ , ឫទ្ធានុភាព និងស្មារតីអង់អាចក្លាហានជាដើម ដែលជាធាតុផ្សំដ៏សំខាន់នៃអក្សរសិស្ប៍ដែលត្រូវបានប្រជាជនចិននិងអ្នករៀនសូត្រអក្សរចិនប្រើប្រាស់យ៉ាងទូលំទូលាយ ។

គិតតាមប្រតិទិនចន្ទគតិចិន បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះត្រូវជាឆ្នាំរោង ដូចនេះ ប្រជាជនចិនដែលមានវប្បធម៌សត្វនាគដ៏សម្បូរបែបនិងមានមនោសញ្ចេតនាដ៏ពិសេសចំពោះសត្វនាគជឿជាក់ថា ក្នុងឆ្នាំថ្មីនេះ ប្រទេសជាតិនឹងរឹតតែរុងរឿងថ្កុំថ្កើង មានសុខសន្តិភាព ប្រជាជនរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតដោយភាពក្សេមក្សាន្ត ។

អ្វីដែលគួរបញ្ជាក់ផងដែរគឺថា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ បានសម្រេចចិត្តជាឯកច្ឆន្ទដោយកំណត់យកថ្ងៃបុណ្យនិទាឃរដូវ (បុណ្យចូលឆ្នាំចិន) ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ។ តំណាងប្រទេសចិនបានថ្លែងថា «ក្នុងនាមជាថ្ងៃបុណ្យប្រពៃណីសំខាន់បំផុតរបស់ចិន បុណ្យចូលឆ្នាំចិនមិនត្រឹមតែជាឱកាសសម្រាប់ការជួបជុំគ្រួសារ និងទទួលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជាការបន្តវេននូវទស្សនៈសន្តិភាព ភាពសុខដុមរមនានិងភាពចុះចម្រុងគ្នាជាដើមដែលជាអរិយធម៌ចិន ហើយវាក៏ជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូលដែលបង្ហាញពីសុខដុមនីយកម្មនៃក្រុមគ្រួសារ , សង្គមដែលប្រកបដោយបរយាបន្ន និងការរស់នៅដោយចុះចម្រុងគ្នារវាងមនុស្សជាតិនិងធម្មជាតិ ។ ប្រទេសជាច្រើនបានកំណត់យកថ្ងៃបុណ្យចូលឆ្នាំចិនជាថ្ងៃឈប់សម្រាកតាមច្បាប់ ហើយបច្ចុប្បន្នមានប្រជាជនប្រមាណមួយភាគប្រាំនៅលើពិភពលោកបានអបអរថ្ងៃបុណ្យចូលឆ្នាំចិនតាមទម្រង់ខុសៗគ្នា ។»

ជាការពិតណាស់ ការផ្លាស់ប្តូរវប្បធម៌និងអរិយធម៌ជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ការយល់ដឹងអំពីប្រពៃណីនិងទំនៀមទម្លាប់នៃប្រទេសមួយ ហើយក៏ជាវិធីសាស្ត្រដ៏ល្អសម្រាប់ការប្រាស្រ័យទាក់ទងនៃជាតិសាសន៍ទីទៃគ្នាផងដែរ ។ ការរៀនសូត្រនិងទទួលយកវប្បធម៌និងអរិយធម៌ល្អៗទៅវិញទៅមក ពិសេសបុណ្យចូលឆ្នាំថ្មីដែលជានិមិត្តរូបនៃវប្បធម៌នៃជាតិសាសន៍នីមួយៗ នឹងអាចធ្វើឱ្យវប្បធម៌និងអរិយធម៌ទីទៃគ្នាមានភាពបរិយាបន្នទៅវិញទៅមក និងឈានដល់ភាពសុខដុមនីយកម្មនៃអរិយធម៌សកលដែលជាបំណងប្រាថ្នារួមរបស់មនុស្សជាតិយើង

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

你可能还喜欢

评论被关闭。