ក្រុងកំពង់សោមនៃខេត្តព្រះសីហនុត្រូវបានបង្កើតជាផ្លូវការ
រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុងកំពង់សោមនៃខេត្តព្រះសីហនុជាផ្លូវការហើយតាមរយៈអនុក្រឹត្យលេខ២០១អនក្រ.បក ស្តីពីការបង្កើតក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
យោតាមសេចក្តីសម្រេចនៃអនុក្រឹត្យនេះ ឃុំចំនួន ៥ នៃស្រុកព្រៃនប់ រួមមានឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និង ឃុំអូរជ្រៅ ត្រូវបានកាត់យកមកធ្វើជាក្រុងកំពង់សោម។ ក្រុងកំពង់សោមមានសង្កាត់ចំនួន ៥ គឺសង្កាត់រាម បិតត្រាំង អូរឧកញ៉ាហេង បឹងតាព្រហ្ម និង សង្កាត់អូរជ្រៅ ហើយទីតាំងរដ្ឋបាលក្រុងកំពង់សោមត្រូវស្ថិតនៅក្នុងសង្កាត់រាម។
ក្រុងកំពង់សោមគឺជាទីក្រុងទី៣នៃខេត្តព្រះសីហនុបន្ទាប់ពីក្រុងព្រះសីហនុនិងក្រុងកោះរ៉ុង។ វានឹងក្លាយជាអត្តសញ្ញាណថ្មីមួយទៀតនៃខេត្តព្រះសីហនុ និងជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជួយជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ទេសចរណ៍ ដឹកជញ្ជូន និងការរីកចម្រើនក្នុងមូលដ្ឋានផងដែរ។
ការបង្កើតក្រុងកំពង់សោមនេះគឺធ្វើឡើងដើម្បីជំរុញការគ្រប់គ្រងនិងអភិវឌ្ឍខេត្តព្រះសីហនុឱ្យកាន់តែមានប្រសិទ្ធភាព
ព្រះសីហនុគឺជាខេត្តជាប់មាត់សមុទ្រមួយដ៏មានសក្តានុពលផ្នែកដឹកជញ្ជូន សេដ្ឋកិច្ច និង ទេសចរណ៍។ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការមេក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជា “ច្រកអន្តរជាតិ” និងជាមជ្ឈមណ្ឌលអភិវឌ្ឍជាតិនិងតំបន់ ដោយផ្តោតសំខាន់លើការអភិវឌ្ឍលើវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ទេសចរណ៍ ឧស្សាហកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍៕
评论被关闭。