សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាប្រកាសគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកម្ពុជា
សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា (Federation of Khmer Chinese in Cambodia) បានប្រកាសនិងបើកយុទ្ធនាការកៀរគរថវិកាដើម្បីគាំទ្រដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់កម្ពុជា ដោយគ្រោងចេញសារលិខិតគាំទ្រដែលមានហត្ថលេខីចំនួន ៥ ម៉ឺននាក់សម្រាប់ដំណាក់កាលដំបូង។
តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានបើកកិច្ចប្រជុំសំខាន់មួយស្តីពីចលនាកៀរគរនិងបរិច្ចាគថវិកាដើម្បីគាំទ្រដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់កម្ពុជា ក្រោមអធិបតីភាពលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមានថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ក្រុមយុវជននៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា សមាគមត្រកូលចិន និង តំណាងសាលាភាសាចិនរាជធានីភ្នំពេញ និងខេត្តកណ្តាលជាដើម ថែមទាំងបានចូលរួមជាមតិយោបល់គាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នេះផងដែរ។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាលើការកៀរគរធនធានសមាគមចិន និងគ្រឹះស្ថានអប់រំភាសាចិន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល ក្រុមហ៊ុនសហគ្រាស និង ស្ថាប័នពាក់ព័ន្ធនានាក្នុងចលនាគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ហាញនូវស្មារតីសាមគ្គី និងគាំទ្រការអភិវឌ្ឍប្រទេសជាតិ និងជាការឆ្លើយតប នឹងការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។
លោកអ្នកឧកញ៉ាមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជានិងស្ថាប័នពាក់ព័ន្ធ តែងទទួលបាននូវការយកចិត្តទុកដាក់ គាំទ្រ និង ទុកចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយបានក្លាយជាដៃគូសហប្រតិបត្តិការដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។
លោកអ្នកឧកញ៉ាសង្កត់ធ្ងន់ថា ក្រោយពេលចូលកាន់តំណែងនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ខិតខំប្រកបដោយបុរេសកម្មក្នុងការទាក់ទាញវិនិយោគទាំងក្នុង និងក្រៅប្រទេស ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១ ឆ្នាំដំបូង នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីនេះ។
លោកអ្នកឧកញ៉ាបញ្ចាក់ថា យើងស្រឡាញ់ប្រទេសកម្ពុជា មានភាពសកម្មក្នុងការចូលរួមការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ និងគាំទ្រដោយឥតងាករេចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់កម្ពុជាដែលត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។
លោកអ្នកឧកញ៉ាបានប្រកាសនៅក្នុងអង្គប្រជុំថា សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា នឹងកៀរគរសមាគមចិននៅកម្ពុជានិងស្ថាប័នពាក់ព័ន្ធនានាដើម្បីគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយគ្រោង នឹងចេញសារលិខិតគាំទ្រដែលមានមានហត្ថលេខីចំនួន ៥ ម៉ឺននាក់សម្រាប់ដំណាក់កាលដំបូង ហើយអ្នកចូលរួមកិច្ចប្រជុំនេះក៏បានមូលមតិគ្នាចូលរួមជាថវិកាដែលអាចមានទឹកប្រាក់សរុបប្រមាណ ៥ ម៉ឺនដុល្លារអាម៉េរិក។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអ្នកឧកញ៉ា ពុង ឃាវសែ ក៏បានឧទ្ទេសនាមអំពីប្រវត្តិទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងវៀតណាម និងឡាវ រួមទាំងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា វៀតណាម ឡាវ ដែលជាប្រធានបទត្រូវបានចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានផងដែរ។ ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ាក៏បានធ្វើការវិភាគអំពីអត្ថន័យ និងសារៈប្រយោជន៍ដ៏សំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនកម្ពុជាផងដែរ។
គួររម្លឹកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់កម្ពុជាកាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងកៀរគរថវិកាបន្ថែម សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីមានការបំផុសបំផុលឱ្យមានការតវ៉ាឱ្យដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។
គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែនដែលផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនជិត ១១ លានដុល្លារអាម៉េរិក ជាមួយនឹងសប្បុរសជនដែលបានចូលរួមប្រមាណជាង ១៨ ម៉ឺននាក់ ហើយបច្ចុប្បន្ននេះចំនួនថវិកានិងចំនួនសប្បុរសជនបាននិងកំពុងតែកើនឡើងជាបន្តបន្ទាប់។ នេះបើយោងតាមតួលេខពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលចុះផ្សាយដោយក្រសួងព័ត៌មាននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញលិខិតថ្លែងអំណរគុណជូនចំពោះសប្បុរសជនទាំងអស់ជាបន្តបន្ទាប់ផងដែរ ដោយមិនគិតអំពីចំនួនទឹកប្រាក់ដែលបានបរិច្ចាគឡើយ៕
评论被关闭。