កម្ពុជា-សាធារណរដ្ឋកូរ៉េ ដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ ឆ្លងដែនតាម QR Code ដំណាក់កាលទី១

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជានិងធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី១ (ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារ Jeonbuk ដើម្បីទូទាត់ផ្ទាល់នៅតាមហាងទំនិញដែលមានស្លាកសញ្ញាខេអេចឃ្យូអរកូត គណនីប្រាក់រៀល) រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk និងលោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នៅរាជធានីភ្នំពេញ។

ពិធីនេះត្រូវបានរៀបចំឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជានិងស្ថាប័ន JB Financial Group បានចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េនាថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមកិច្ចសហការដ៏រឹងមាំរវាងប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ធនាគារជាតិនៃកម្ពុជាក្នុងការបើកច្រករបៀងថ្មី (New Corridor) នៃការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូតរវាងសាធារណរដ្ឋកូរ៉េនិងព្រះរាជាណាចក្រកម្ពុជា ដែលការណ៍នេះនឹងជំរុញឱ្យប្រទេសទាំងពីរឈានដល់កម្រិតមួយទៀតនៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែននេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជំរុញកំណើនទេសចរ និង គាំទ្របរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk បានមានប្រសាសន៍ថា៖ “ការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែនតាមឃ្យូអរកូតគឺជាការវិវឌ្ឍថ្មីមួយសម្រាប់ធនាគារ ភ្នំពេញ ពាណិជ្ជ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ Jeonbuk ក្នុងការដើរតួនាទីជាស្ពានតភ្ជាប់ប្រតិបត្តិការហិរញ្ញវត្ថុរវាងសាធារណរដ្ឋកូរ៉េនិងព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធបាគង។ កិច្ចសហការនេះនឹងផ្តល់លទ្ធភាពដល់ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េអាចទូទាត់ប្រាក់រៀលខ្មែរបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពិបាកប្តូររូបិយបណ្ណនោះទេ។ លើសពីនេះ កិច្ចសហការនេះក៏នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។

ធនាគារជាតិនៃកម្ពុជាបានចាប់ផ្តើមដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់ឆ្លងដែនបាគង (ខេអេចឃ្យូអរកូត) កាលពីថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០២២។ គិតត្រឹមបច្ចុប្បន្ននេះ ខេអេចឃ្យូអរមានសមាជិកជាធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុសរុបប្រមាណ ៦០ ស្ថាប័នហើយ។ ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជាបានបើកសហប្រតិបត្តិការប្រព័ន្ធទូទាត់ឆ្លងដែនខេអេចឃ្យូអរកម្ពុជាជាមួយបណ្តាប្រទេសជាច្រើន រួមមានប្រទេសចិន ថៃ វៀតណាម ឡាវ និង សាធារណរដ្ឋកូរ៉េជាដើម។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ទំហំជួញដូរតាមរយៈការទូទាត់តាមប្រព័ន្ធឌីជីថល (ប្រាក់ដុល្លារអាម៉េរិកនិងប្រាក់រៀលខ្មែរ)ក្នុងឆ្នាំ២០២៣កើនដល់១.៧៩ ប៊ីលានប្រតិបត្តិការ ស្មើនឹងទឹកប្រាក់ ៤៩២ ប៊ីលានដុល្លារអាម៉េរិក ធៀបនឹងឆ្នាំ២០២២ដែលមាន ១.១ ប៊ីលានប្រតិបត្តិការ ស្មើនឹងទឹកប្រាក់ ៤០០ ប៊ីលានដុល្លារអាម៉េរិក មានការកើនឡើង៦២% ក្នុងនោះការទូទាត់តាមរយៈស្កេនឃ្យូអរកូតនៅក្នុងឆ្នាំ២០២៣មានការកើនឡើងគួរឱ្យកត់សម្គាល់ ធៀបនឹងឆ្នាំ២០២២មានការកើនឡើងរហូតដល់៦៦៤%។

ខេអេចឃ្យូអរកូតបានផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរនិងអ្នកវិនិយោគបរទេសក្នុងការទូទាត់សាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ពាណិជ្ជកម្ម និង វិនិយោគជាលក្ខណៈអន្តរជាតិសម្រាប់ប្រទេសកម្ពុជា៕

你可能还喜欢

评论被关闭。