ធនាគារជាតិអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ
ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាទាំងអស់រៀបចំឥណទានឡើងវិញជូនអតិថិជន ដោយត្រូវអនុវត្តលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិ។ នេះបើយោងតាមសារាចរណែនាំស្តីពីការរៀបចំឥណទានឡើងវិញរបស់ធនាគារជាតិចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
ធនាគារជាតិបានបញ្ជាក់ថា ការអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានជូនអតិថិជនឡើងវិញគឺក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជនក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនលំហូរសាច់ប្រាក់។
ធនាគារជាតិបានកំណត់នូវលក្ខខណ្ឌចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ (ខាងក្រោមហៅកាត់ថា “គ្រឹះស្ថាន”) ក្នុងការរៀបចំឥណទានជូនអតិថិជនឡើងវិញដូចខាងក្រោម៖
– គ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញជូនអតិថិជនបានចំនួន ២ (ពីរ) ដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។
– គ្រឹះស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សងបន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច ៣ (បី) ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម និង/ឬ ការប្រាក់ប្រចាំខែ។ បន្ទាប់មក គ្រឹះស្ថានអាចស្តារចំណាត់ថ្នាក់ឥណទានល្អជាងមុនពីមួយកម្រិតទៅមួយកម្រិតទៀត ដោយគោរពតាមគោលការណ៍ចំនួនថ្ងៃហួសកាលកំណត់សងនៃការទម្លាក់ចំណាត់ថ្នាក់ឥណទាន។ លើសពីនេះ ការដំឡើងចំណាត់ថ្នាក់ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖
ក. ចំពោះឥណទានមិនដំណើរការដែលមិនធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់អាចធ្វើពីមួយកម្រិតទៅមួយកម្រិតរហូតដល់ចំណាត់ថ្នាក់ “ស្តង់ដា”
ខ. ចំពោះឥណទានដំណើរការដែលធ្លាប់ត្រូវបានរៀបចំឡើងវិញមួយលើក (លើកលែង ឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយក្លាយជាឥណទានមិនដំណើរការនិងបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់អាចធ្វើពីមួយកម្រិតទៅមួយកម្រិតរហូតដល់ចំណាត់ថ្នាក់ “ស្តង់ជា”
គ. ចំពោះឥណទានមិនដំណើរការដែលធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទាន រៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះកន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ ការដំឡើងចំណាត់ថ្នាក់មិនអាចខ្ពស់ជាង “ក្រោមស្តង់ដា” ទេ។
ការដំឡើងចំណាត់ថ្នាក់នេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤ តទៅ។ ទន្ទឹមនេះ ការដំឡើងចំណាត់ថ្នាក់នេះក៏ត្រូវបានអនុវត្តចំពោះឥណទានរៀបចំឡើងវិញចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាបដែលបានកំណត់នៅក្នុងសារាចរណែនាំលេខ ធ៧.០២៣.០០១ សារាចរចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ផងដែរ។
– គ្រឹះស្ថានមិនគួរប្រើប្រាស់តែព័ត៌មានឥណទានរៀបចំឡើងវិញក្នុងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី ក្នុងអំឡុងពេលអនុគ្រោះនេះជាលក្ខខណ្ឌចម្បងក្នុងការអនុម័តឥណទានទេ។ គ្រឹះស្ថានត្រូវពិនិត្យលក្ខខណ្ឌផ្សេងៗទៀតដែលមានចែងក្នុងគោលនយោបាយរបស់គ្រឹះស្ថានដើម្បីអនុម័តឥណទាន។
– គ្រឹះស្ថានត្រូវរៀបចំឥណទានឡើងវិញជូនអតិថិជន ដោយស្របតាមលក្ខខណ្ឌអនុគ្រោះមួយឬច្រើន ដូចមានរៀបរាប់ខាងក្រោមតែប៉ុណ្ណោះ៖
១. ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវទូទាត់សងនៅឥណប្រតិទាន (Bullet Loan)
២. ការបន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម
៣. ការពន្យារពេលទូទាត់សងប្រាក់ដើមឬការប្រាក់
៤. ការពន្យារឥណប្រតិទាន
៥. ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី
៦. ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតាមការបង់រំលស់ទៅជាការទូទាត់សងតែការប្រាក់ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន និង/ឬ
៧. ការផ្លាស់ប្តូរពីឥណទានមានការទូទាត់សងតែការប្រាក់ហើយទូទាត់សងប្រាក់ដើមទាំងអស់នៅឥណប្រតិទាន ទៅជាការទូទាត់សងតាមការបង់រំលស់។
– គ្រឹះស្ថានត្រូវពិនិត្យ ពិភាក្សា និង ជ្រើសរើសលក្ខខណ្ឌអនុគ្រោះមួយឬច្រើនខាងលើដែល សមស្របបំផុតសម្រាប់អតិថិជន ដើម្បីអាចធានាបានថាអតិថិជនអាចបន្តបំពេញកាតព្វកិច្ចទូទាត់សងបានតាមលក្ខខណ្ឌថ្មីនៃកិច្ចសន្យា។
– គ្រឹះស្ថានត្រូវរៀបចំឥណទានឡើងវិញចំពោះអតិថិជនដែលស្ថានភាពអាជីវកម្ម និង/ឬ ស្ថានភាពហិរញ្ញវត្ថុនៅតែមានចីរភាព ហើយគ្រឹះស្ថានរំពឹងថាអតិថិជនជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុនិងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ ហើយអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចទូទាត់សងនាថ្ងៃខាងមុខ។
ធនាគារជាតិបានសង្កត់ធ្ងន់ថា គ្រឹះស្ថានត្រូវមានតម្លាភាពក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ និងត្រូវពន្យល់អតិថិជនឱ្យបានច្បាស់លាស់អំពីលក្ខខណ្ឌនៃការរៀបចំឥណទានឡើងវិញ ដើម្បីឱ្យអតិថិជនមានមូលដ្ឋានក្នុងការសម្រេចចិត្ត។
ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជាក៏បានតម្រូវឱ្យគ្រឹះស្ថានរាយការណ៍អំពីឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះជាប្រចាំខែតាមទម្រង់របាយការណ៍។
សារាចរនេះបានបញ្ជាក់បន្ថែមថា ធនាគារជាតិនឹងតាមដានដោយយកចិត្តទុកដាក់ចំពោះការរៀបចំឥណទានឡើងវិញនិងការដំឡើងចំណាត់ថ្នាក់ឥណទានក្នុងអំឡុងពេលអនុគ្រោះនេះ។
វិធានការអនុគ្រោះចំពោះការរៀបចំឥណទានឡើងវិញខាងលើ មានប្រសិទ្ធភាពអនុវត្តរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ក្រោយផ្ទុះឡើងនូវជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០១៩និងដើមឆ្នាំ២០២០ បានបណ្តាលឱ្យវិស័យទេសចរណ៍និងសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយ៉ាងខ្លាំង ធ្វើឱ្យអាជីវកម្មជាច្រើនដែលអាស្រ័យផលលើវិស័យទេសចរណ៍បានជួបនឹងបញ្ហាហិរញ្ញវត្ថុ ជាពិសេសអ្នកដែលជាប់បំណុលធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុ ដោយពុំមានលទ្ធភាពទូទាត់សងប្រាក់តាមកាលកំណត់ឬអស់លទ្ធភាពសងតែម្តង។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រដោះស្រាយដោយអនុញ្ញាតឱ្យធនាគារជាតិបន្តការអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញជូនអតិថិជន ដើម្បីជួយប្រជាពលរដ្ឋឱ្យឆ្លងផុតដំណាក់កាលដ៏លំបាកនេះ៕
评论被关闭。