ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃនឹងចាប់ផ្តើមពីថ្ងៃទី៧ កញ្ញា ២០២៤
ដំណើរទស្សនកិច្ចដោយឥតគិតថ្លៃឆ្ពោះទៅកាន់ទិសឦសានដែលមានខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង ខេត្តរតនគិរី នឹងចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ អ្នកដែលមានបំណងចូលរួមដំណើរទស្សនកិច្ចនេះត្រូវធ្វើការចុះឈ្មោះតាមរយៈក្រសួងព័ត៌មានជាមុន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
យោងតាមសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ ដែលក្រសួងព័ត៌មានបានចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤បានឱ្យដឹងថា អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃនឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និង ការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន ដែលរួមមានខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង ខេត្តរតនគិរី។
សម្រាប់កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាននេះ ទទួលបាននូវការគិតគូរពិសេសពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ១. មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ រាល់ការចំណាយលើការធ្វើដំណើរ អាហារបីពេល ភេសជ្ជៈ និង ការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ ២. រាល់ការចំណាយទាំងអស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ។
ទស្សនកិច្ចទិសឦសានលើកទី១ នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់តំបន់បណ្តោយព្រំដែនក្នុង ខេត្តត្បូងឃ្មុំ ក្រចេះ និង ខេត្តមណ្ឌលគិរី។ ដំណើរទស្សនកិច្ចទិសឦសាននឹងរៀបចំជូនអ្នកចូលរួមចំនួន ២០០ នាក់ ក្នុងមួយលើក សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនអាចចុះឈ្មោះជាមុនជាបុគ្គលឬជាក្រុមតាមអនឡាញដោយធ្វើការស្កេន QR Code (ដូចមានជូនភ្ជាប់នៅខាងក្រោម) ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទនិងតេឡេក្រាម ០១០ ៤៥៦ ៤៨៨ ហើយការចុះឈ្មោះធ្វើដំណើរទស្សនកិច្ចនេះនឹងរៀបចំជូនស្របតាមគោលការណ៍ «មកមុន ទទួលបានមុន»។
QR Code ចុះឈ្មោះចូលរួមក្នុងទស្សនកិច្ចទិសឦសាន ខេត្តត្បូងឃ្មុំ ក្រចេះ និង មណ្ឌលគិរី
ក្រសួងព័ត៌មានបានបញ្ជាក់ថា រយៈពេលដំណើរទស្សនកិច្ចចំនួន ១ ថ្ងៃ ហើយនឹងចាប់ផ្តើមធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និង ខេត្តមណ្ឌលគិរី ដោយចេញដំណើរនៅម៉ោង ៤ ព្រឹក នឹងត្រឡប់មកវិញនៅម៉ោង ១៦ (៤ រសៀល) ថ្ងៃដដែល។
ក្រុមការងារនៃក្រសួងព័ត៌មាននឹងធ្វើការទំនាក់ទំនងទៅកាន់សាធារណជនជាមុន ដើម្បីជូនដំណឹងនិងត្រៀមលក្ខណៈសម្រាប់ការធ្វើដំណើរ។ ជាមួយគ្នានេះ មួយថ្ងៃមុននឹងចេញដំណើរទស្សនកិច្ច ក្រុមការងារនឹងអញ្ជើញអ្នកចូលរួមដើម្បីស្តាប់ការធ្វើបទបង្ហាញដែលរៀបចំឡើងដោយមន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីផ្តល់នូវព័ត៌មានលម្អិតពីកម្មវិធីដំណើរទស្សនកិច្ចទិសឦសាននេះនិងឯកសារផ្សេងៗ។
ក្រសួងព័ត៌មានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចទិសឦសាននឹងត្រូវរៀបចំទៅកាន់ទីតាំងភូមិសាស្ត្រចំនួន ៣ ដូចខាងក្រោម៖
ទីតាំងទី១៖ តំបន់បណ្តោយព្រំដែនក្នុង «ខេត្តត្បូងឃ្មុំ ក្រចេះ និង ខេត្តមណ្ឌលគិរី» (ទស្សនកិច្ចមួយថ្ងៃពេញ)។
ទីតាំងទី២៖ តំបន់បណ្តោយព្រំដែនក្នុង «ខេត្តក្រចេះនិងខេត្តមណ្ឌលគិរី» (ទស្សនកិច្ចសម្រាកមួយយប់)។
ទីតាំងទី៣៖ តំបន់បណ្តោយព្រំដែនក្នុង «ខេត្តស្ទឹងត្រែងនិងខេត្តរតនគិរី» (ទស្សនកិច្ចសម្រាកមួយយប់)។
ទិដ្ឋភាពតំបន់ទិសឦសាន
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់សាធារណជនទៅទស្សនកិច្ចទិសឦសាន ហើយបានសម្រេចឱ្យមានដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ ព្រមទាំងបានសម្រេចបង្កើតមូលនិធិកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព្រំដែនរបស់កម្ពុជាផងដែរ ដើម្បីបង្ហាញពីវឌ្ឍនភាពជាក់ស្តែងនៃទិសឦសាននិងឆន្ទៈក្នុងការអភិវឌ្ឍតំបន់ព្រំដែនកម្ពុជា៕
评论被关闭。