អភិបាលក្រុងភ្នំពេញ៖ ទប់ស្កាត់ក្រុមជ្រុលនិយមនិងក្រុមអមិត្តដើម្បីឱ្យកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
ថ្មីៗនេះ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA បានក្លាយជាប្រធានបទដ៏រសើបនិងក្តៅគគុកនៅកម្ពុជា ដោយក្រុមជ្រុលនិយមនិងក្រុមអមិត្តបានយកប្រធានបទនេះមកធ្វើជាបញ្ហា ដោយអុជអាលឱ្យមានការប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល ប្រធានគណៈបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានចាត់ទុកអំពើនេះជាឧបសគ្គរារាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ដែលដាច់ខាតត្រូវតែធ្វើការទប់ស្កាត់ឱ្យទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក ឃួង ស្រេង បានថ្លែងបែបនេះក្នុងពិធីប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ខ៧មករា នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។
លោកថ្លែងថា ដើម្បីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ យើងដាច់ខាតត្រូវរួមគ្នាទប់ស្កាត់ឱ្យបានចំពោះក្រុមជ្រុលនិយមនិងក្រុមអមិត្តទាំងឡាយណាដែលមានគំនិតចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈយករឿងសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ធ្វើជាបញ្ហា។
លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ត្រូវចេះបកស្រាយនិងឆ្លើយតបទៅលើការញុះញង់របស់ពួកអមិត្តនិងក្រុមជ្រុលនិយមដែលតែងតែសន្សំគំនិតអាក្រក់ក្នុងគោលបំណងអុជអាលឱ្យមានការប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
លោកសង្កត់ធ្ងន់ថា ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ លុះត្រាតែគ្រប់ភាគីទាំងអស់រួមគ្នាទប់ស្កាត់ក្រុមជ្រុលនិយមនិងក្រុមអមិត្តដែលមានចេតនាអាក្រក់មកលើរាជរដ្ឋាភិបាលស្របច្បាប់ឱ្យបាន ហើយត្រូវបន្តរួមគ្នាយកជ័យជម្នះឱ្យបានក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧និងឆ្នាំ២០២៨ខាងមុខ។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA រួមមានប្រទេសកម្ពុជា វៀតណាម និង ប្រទេសឡាវ។ ដើម្បីពង្រឹងនិងពង្រីកការអភិវឌ្ឍនៅតាមតំបន់ព្រំដែន កាលពីពេលថ្មីៗនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរបស់កម្ពុជា ហើយទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីគ្រប់មជ្ឈដ្ឋាន ដោយបានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ផងដែរ ដែលរហូតមកដល់បច្ចុប្បន្ននេះ មូលនិធិនេះទទួលបានថវិកាពីសប្បុរសជនសរុបប្រមាណជាង ១០ លានដុល្លារអាម៉េរិកហើយ ហើយទំហំទឹកប្រាក់បាននិងកំពុងតែបន្តកើនឡើងថែមទៀត៕
评论被关闭。