ក្រុមហ៊ុន MUYUAN FOOD ចិនគ្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

ក្រុមហ៊ុន MUYUAN FOOD របស់ចិនបានចាប់អារម្មណ៍ចំពោះឱកាសនិងសក្តានុពលវិនិយោគនៅកម្ពុជា ដោយគ្រោងដាក់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលអនាគត។

កាលពីពេលថ្មីៗកន្លងទៅនេះ គណៈប្រតិភូក្រុមហ៊ុន MUYUAN FOOD បានចូលជួបសម្តែងការគួរសមនិងសំណេះសំណាលការងារជាមួយលោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក យុន ហេង បានផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ លោកបានឧទ្ទេសនាមដោយសង្ខេបអំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការលើកទឹកចិត្ត និង ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ កត្តាអំណោយផលនៃសន្តិភាពនិងស្ថិរភាពនយោបាយ និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។

បន្ទាប់ពីបានស្តាប់បទឧទ្ទេសនាមសង្ខេបអំពីឱកាសនិងសក្តានុពលវិនិយោគនៅកម្ពុជា តំណាងក្រុមហ៊ុនបានសម្តែងនូវសេចក្តីសោមនស្សយ៉ាងខ្លាំងនិងបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការវិនិយោគនៅប្រទេសកម្ពុជាប្រកបដោយទំនុកចិត្តនិងភាពកក់ក្តៅ។

ក្រុមហ៊ុន MUYUAN FOOD ក៏បានបញ្ជាក់ថា ខ្លួនមានទំនុកចិត្តក្នុងការផ្សព្វផ្សាយទៅកាន់វិនិយោគិនដទៃថា៖ “មកវិនិយោគនៅអាស៊ាន ត្រូវនឹកឃើញដល់ប្រទេសកម្ពុជាមុនគេ”។

ក្រុមហ៊ុន MUYUAN FOOD គឺជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន ជាពិសេសក្នុងវិស័យចិញ្ចឹមជ្រូក ការបង្កាត់ពូជជ្រូក ការកែច្នៃសាច់ជ្រូក និង ការកែច្នៃចំណីសត្វជាដើម ហើយបានធ្វើអាជីវកម្មសត្វជ្រូកប្រមាណ ២០ លានក្បាលក្នុងមួយឆ្នាំ៕

你可能还喜欢

评论被关闭。