ប្រព័ន្ធអេទ្បិចត្រូនិកសលាកបត្រចូលកម្ពុជាចាប់ដំណើរការផ្លូវការនៅថ្ងៃនេះ
ប្រព័ន្ធអេទ្បិចត្រូនិកសលាកបត្រចូលកម្ពុជា (Cambodia e-Arrival ) ត្រូវបានដាក់ឱ្យដំណើរការពេញលេញនៅតាមអាកាសយានដ្ឋានអន្តរជាតិកម្ពុជាចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះហើយ។ តាមរយៈកម្មវិធីនេះ ភ្ញៀវទេសចរក៏អាចស្នើសុំទិដ្ឋាការពេលមកដល់បានដែរ។
ក្រសួងទេសចរណ៍កម្ពុជាបានចេញសេចក្តីជូនដំណឹងថា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ដាក់ឱ្យដំណើរការ Cambodia e-Arrival ពេញលេញនៅតាមអាកាសយាន្តដ្ឋានអន្តរជាតិក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។
ក្រសួងទេសចរណ៍បានអំពាវនាវឱ្យសមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ចូលរួមផ្សព្វផ្សាយបន្ត។
ប្រព័ន្ធ Cambodia e-Arrival មាន ៨ ភាសា រួមមានភាសាខ្មែរ ចិន អង់គ្លេស បារាំង ជប៉ុន កូរ៉េ ថៃ និង ភាសាវៀតណាម។ ការការបំពេញបែបបទសលាកបត្រមានជម្រើសសម្រាប់ជនបរទេសនិងសម្រាប់ពលរដ្ឋខ្មែរ។ នៅលើប្រព័ន្ធនេះក៏មានព័ត៌មានអំពីទីតាំងទេសចរណ៍នានានៅកម្ពុជានិងភ្ជាប់ទៅកាន់គេហទំព័រសម្រាប់ទិញសំបុត្រទស្សនាតំបន់អង្គរផងដែរ។
ប្រព័ន្ធ Cambodia e-Arrival ជាភាសាខ្មែរ
ប្រព័ន្ធ Cambodia e-Arrival ជាភាសាអង់គ្លេស
Cambodia e-Arrival នឹងជួយសម្រួលដល់ការបំពេញបែបបទបានឆាប់រហ័សនិងពន្លឿនដល់ការធ្វើដំណើររបស់អ្នកដំណើរ ហើយវាក៏មានទម្រង់លិខិតសម្រាប់ការប្រកាសស្ថានភាពសុខភាពនិងទម្រង់លិខិតរាយការណ៍គយរបស់អ្នកដំណើរផងដែរ។
សម្រាប់ការបំពេញបែបបទនេះ អ្នកប្រើប្រាស់នឹងទទួលបាន QR Code បន្ទាប់ពីបានបំពេញទម្រង់នេះរួចរាល់ ដែលទុកសម្រាប់ស្កេនពេលមកដល់ច្រកចូលកម្ពុជា។ ការបំពេញបែបបទគួរធ្វើឡើង ៧ ថ្ងៃមុនពេលចេញដំណើរ។ ប៉ុន្តែ ក៏អាចធ្វើបានភ្លាមៗមុនពេលឡើងជិះយន្តហោះឬមុនពេលមកដល់ច្រកចូល គឺដូចទៅនឹងការប្រើប្រាស់សលាកបត្រជាក្រដាស។
សូមបញ្ជាក់ថា Cambodia e-Arrival គ្រាន់តែជាកម្មវិធីសម្រាប់បំពេញសលាកបត្រប៉ុណ្ណោះ មិនមែនជាទិដ្ឋាការទេ ប៉ុន្តែក៏មានកន្លែងដែលភ្ញៀវទេសចរបរទេសអាចបំពេញដើម្បីសុំទិដ្ឋាការពេលមកដល់ (visa on arrival) បានដែរ។
Cambodia e-Arrival ត្រូវបានដាក់សាកល្បងកាលពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅច្រកអន្តរជាតិចំនួន៣ គឺអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និង អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ៕
评论被关闭。