ក្រសួងការពារជាតិចាត់វិធានការម៉ឺងម៉ាត់ចំពោះការប្រើប្រាស់យានយន្តពាក់ «ផ្លាកលេខចរាចរខេមរភូមិន្ទ
ក្រសួងការពារជាតិចាប់ផ្តើមចាត់វិធានការម៉ឺងម៉ាត់ចំពោះការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិលឬជនបរទេសប្រើប្រាស់ឡើយ។
យោងតាមសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទរបស់ក្រសួងការពារជាតិចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អាស្រ័យដោយស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមភូមិន្ទក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃមិនល្អ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស នៃកងយោធពលខេមរភូមិន្ទទាំងមូល ដូច្នេះអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិបានបញ្ជាក់បន្ថែមអំពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយអនុវត្តតាមអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិលឬជនបរទេសប្រើប្រាស់បានឡើយ។ ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគវិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។
ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិនឹងចាត់វិធានការតាមច្បាប់ជាធរមាន។ បណ្តាស្ថាប័នកងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង គ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។
បច្ចុប្បន្ននេះ មានយានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទជាច្រើនកំពុងធ្វើចរាចរលើដងផ្លូវសារធារណៈ ប៉ុន្តែគេមិនអាចបែងចែកបានទេថាតើម្ចាស់យានយន្តឬអ្នកបើកបរនោះជាទាហានដែលមានសិទ្ធិពេញលេញឬយ៉ាងណា ក្នុងនោះក៏គេសង្កេតឃើញយានយន្តជនបរទេសមួយចំនួនក៏ពាក់ផ្លាកលេខចរាចរខេមរភូមិន្ទផងដែរ៕
评论被关闭。