ក្រសួងកិច្ចការអតីតយុទ្ធជនចិនបំពេញទស្សនកិច្ចនៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា

នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងកិច្ចការអតីតយុទ្ធជនចិនដែលដឹកនាំដោយលោកអនុរដ្ឋមន្ត្រី Ma Feixiong បានបំពេញទស្សនកិច្ចនៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធរម្លឹកទុក្ករបុគ្គលចិនដែលបានពលីជីវិតនៅកម្ពុជា និងជំរុញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនថែមមួយកម្រិតទៀត ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការថែរក្សានិងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរម្លឹកទុក្ករបុគ្គលចិននៅកម្ពុជាឱ្យកាន់តែប្រសើរ។

អ្នកឧកញ៉ា ជឹម ឃាន អនុប្រធានអចិន្ត្រៃយ៍និងជាប្រធានផ្នែកសង្គមកិច្ចនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានអធិប្បាយអំពីប្រវត្តិនិងដំណើរវឌ្ឍនភាពរបស់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ព្រមទាំងលើកឡើងអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិនដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ។ ដោយឡែក ជនរួមជាតិចិនធ្លាប់បានលះបង់អាយុជីវិតក្នុងបុព្វហេតុការពារសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ជាអាទិ៍កាលពីជាង ៦០ ឆ្នាំមុន លោក Luo Jinchun អ្នកជំនាញភូមិសាស្ត្រចិនបានបាត់បង់ជីវិតក្នុងអំឡុងពេលបំពេញភារកិច្ចជួយស្ទង់មតិភូមិសាស្ត្រនៅកម្ពុជា។ ដោយឡែក កាលពី ៣០ ឆ្នាំមុន ទុក្ករបុគ្គលរក្សាសន្តិភាពចិនពីររូបគឺលោក Chen Zhiguo និងលោក Yu Shili ក៏បានពលីក្នុងពេលបំពេញភារកិច្ចនៅកម្ពុជាផងដែរ។ ស្មារតីលះបង់ជាលក្ខណៈអន្តរជាតិនិយមរបស់ទុក្ករបុគ្គលទាំងបីរូបខាងលើនេះពិតជាគួរឱ្យគោរពស្ញប់ស្ញែងខ្លាំងណាស់។

អ្នកឧកញ៉ា ជឹម ឃាន បានថ្លែងថា នៅថ្ងៃបុណ្យឆេងម៉េងរៀងរាល់ឆ្នាំ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជានិងសមាគមចិនដែលជាស្ថាប័នពាក់ព័ន្ធជាច្រើន តែងតែអមដំណើរស្ថានទូតចិនប្រចាំកម្ពុជាធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមនិងខេត្តក្រចេះ ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ទុក្ករបុគ្គលចិនទាំងបីរូបខាងលើដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា។

លោក Ma Feixiong បានធ្វើឧទ្ទេសនាមអំពីកិច្ចការការពារនិងថែរក្សាផ្នូរទុក្ករបុគ្គលរបស់ក្រសួងកិច្ចការអតីតយុទ្ធជនចិន។ លោកថ្លែងថា គោលបំណងនៃដំណើរទស្សនកិច្ចលើកនេះគឺចុះសួរសុខទុក្ខស្ថាប័នថែរក្សានិងគ្រប់គ្រងទីបញ្ចុះសពនិងធ្វើការពិភាក្សាការងារពាក់ព័ន្ធ ដើម្បីជំរុញការងារថែរក្សានិងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរម្លឹកទុក្ករបុគ្គលចិនឱ្យកាន់តែល្អប្រសើរ។

លោកបានកោតសរសើរសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាដែលបានចូលរួមជាវិភាគទានយ៉ាងសំខាន់ក្នុងការជំរុញមិត្តភាពកម្ពុជា-ចិន ផ្សព្វផ្សាយវប្បធម៌ចិន ខិតខំអភិវឌ្ឍវិស័យអប់រំភាសាចិន ផ្សព្វផ្សាយរឿងល្អៗនៃទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរ និង ធ្វើកិច្ចការសប្បុរសជាច្រើនផងដែរ។

លោក Ma Feixiong សង្កត់ធ្ងន់ថា ការចាប់ដំណើរការអភិរក្សនិងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរម្លឹកទុក្ករបុគ្គលចិននៅកម្ពុជា នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការជួយរឹតចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែប្រសើរឡើងជាក់ជាមិនខាន៕

你可能还喜欢

评论被关闭。