កម្ពុជាទទួលបានចំណូលជាង ៣០ លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរវត្ត
នៅក្នុងរយៈពេល ៨ ខែនៃឆ្នាំ២០២៤នេះ ប្រទេសកម្ពុជារកចំណូលបានជាង ៣០ លានដុល្លារអាម៉េរិកពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត មានការកើនឡើង៣១,៣៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញថា គិតចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ៦៥១ ៥៥៧ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើង៣០,៧៦% ខណៈប្រាក់ចំណូលទទួលបានពីការលក់សំបុត្រចំនួន ៣០ ៣៣៣ ២២៩ ដុល្លារ កើនឡើង៣១,៣៦%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។
ទោះជាយ៉ាងណាក្តី បើតាមអ្នកប្រកបរបរទេសចរណ៍នៅខេត្តសៀមរាបបានឱ្យដឹងថា បន្ទាប់ពីវិបត្តិកូវីដ-១៩បានផ្ទុះឡើង ភ្ញៀវទេសចរនៅកម្ពុជាមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ ចំណែកភ្ញៀវទេសចរបរទេសនៅខេត្តសៀមរាបក៏នៅមានកម្រិតដែរ ខណៈតួលេខដែលកើនឡើងភាគច្រើនគឺជាតួលេខនៃភ្ញៀវទេសចរបរទេសដែលឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ដែលភ្ញៀវទេសចរទាំងនោះចូលមករយៈពេលខ្លីហើយចេញទៅវិញ។
យោងតាមក្រសួងទេសចរ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣ ១៦៦ ៤៩៧ នាក់ មានការកើនឡើង២២,៧%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ក្នុងចំណោមភ្ញៀវទេសចរ ៣ ១៦៦ ៤៩៧ លាននាក់នេះ ទេសចរថៃឈរនៅលំដាប់លេខរៀងទី១ មានចំនួន ៩៥៥ ២៥០ នាក់ កើនឡើង៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើនឡើង៣៨% ចិនចំនួន ៣៨៩ ៣៦០ នាក់ កើនឡើង៤៥,២% ឡាវចំនួន ១៨៨ ៧២៦ កើនឡើង៣៤,៤% អាម៉េរិកចំនួន ១១២ ០៤៣ កើនឡើង១៥,៧% និងកូរ៉េចំនួន ១០១ ៤៣៥ កើនឡើង១៦,៧%៕
评论被关闭。