កម្ពុជាទាក់ទាញការវិនិយោគផ្នែកសំណង់ក្នុងទំហំទឹកប្រាក់ ២,៥៣ ប៊ីលានដុល្លារក្នុងឆមាសទី១
នៅក្នុងឆមាសទី១នៃឆ្នាំ២០២៤ វិស័យសំណង់កម្ពុជាបានទាក់ទាញការវិនិយោគសរុបចំនួន ២,៥៣ ប៊ីលានដុល្លារអាម៉េរិក មានការធ្លាក់ចុះ ៨%បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣។ អ្នកជំនាញផ្នែកសំណង់បានលើកឡើងថា វិស័យនេះហាក់ពុំទាន់មានស្ថានភាពល្អប្រសើរនៅឡើយចាប់តាំងពីការផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩មក។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានចុះផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា វិស័យសំណង់កម្ពុជាបានទាក់ទាញការវិនិយោគសរុបចំនួន ២,៥៣ ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆមាសទី១នៃឆ្នាំ២០២៤ ធ្លាក់ចុះ៨%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែក របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាជ្ញាបណ្ណដល់គម្រោងសាងសង់ចំនួន ១ ៦៤២ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ដែលចំនួននេះបានធ្លាក់ចុះ១១%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គម្រោងដែលបានអនុម័តរួមមានទីប្រជុំជនថ្មី ការអភិវឌ្ឍលំនៅឋាន ខុនដូ តំបន់ឧស្សាហកម្ម និងពាណិជ្ជកម្ម រមណីយដ្ឋានទេសចរណ៍និងសណ្ឋាគារ។
អ្នកជំនាញផ្នែកអចលនទ្រព្យលើកឡើងថា ស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្នមិនទាន់ត្រឡប់ទៅរកភាពប្រសើរឡើងវិញនោះទេ ដោយសារនៅកម្ពុជាវិស័យមួយនេះបានធ្លាក់ចុះរយៈពេល ៥ ឆ្នាំ ជាប់គ្នាចាប់តាំងពីវិបត្តិកូវីដ-១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និង ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។ នៅពេលដែលស្ថានភាពល្អ អ្នកទិញមានគោលបំណងច្បាស់លាស់ គាត់ទិញគឺដើម្បីវិនិយោគផង ប្រើប្រាស់ផង និង ទុកលក់យកផលចំណេញផង ហើយទិញទុកផង ប៉ុន្តែនៅឆ្នាំ២០២៤នេះ អ្នកដែលទិញទុកនិងលក់ចំណេញគឺមិនមានទៀតទេ បើទិញគឺដើម្បីតែប្រើប្រាស់ប៉ុណ្ណោះ។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីមួយកាលពីថ្មីៗនេះថា កម្ពុជាត្រូវបន្តប្រុងប្រយ័ត្នចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ខណៈសន្ទស្សន៍ថ្លៃលំនៅឋាននៅឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យនេះ។
ធនាគារជាតិនៃកម្ពុជាបានព្យាករថា វិស័យសំណង់នៅកម្ពុជានឹងសម្រេចបានកំណើនក្នុងកម្រិតទាប១,១% នៅឆ្នាំក្នុង២០២៤នេះ ដែលគាំទ្រដោយកំណើនលំហូរទុនវិនិយោគពីបរទេសនិងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ៕
评论被关闭。