សហព័ន្ធសហគ្រិនចិនក្រៅប្រទេស បង្ហាញពីសុទិដ្ឋិនិយមចំពោះ ឱកាសវិនិយោគនៅកម្ពុជា

សហព័ន្ធសហគ្រិនចិនក្រៅប្រទេសបានបង្ហាញពីសុទិដ្ឋិនិយមចំពោះការវិនិយោគនៅកម្ពុជាតាមរយៈសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។

កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូសហព័ន្ធសហគ្រិនចិនក្រៅប្រទេសបានបំពេញទស្សនកិច្ចនៅសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដោយភាគីទាំងពីរបានជជែកនិងពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី សក្តានុពល និង កាលានុវត្តភាពវិនិយោគនៅកម្ពុជា។

លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសហព័ន្ធសហគ្រិនចិនក្រៅប្រទេស។ លោកមានប្រសាសន៍ថា តាមរយៈ “វេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-ចិន” ដែលសហព័ន្ធសហគ្រិនចិនក្រៅប្រទេសបានសហការរៀបចំជាមួយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ នឹងជួយជំរុញការយល់ដឹងនិងកិច្ចសហប្រតិបត្តិការទេ្វភាគី ដើម្បីសម្រេចបាននូវលទ្ធផលឈ្នះ-ឈ្នះ។ ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ គោលនយោបាយសេដ្ឋកិច្ចបើកចំហ ថ្លៃពលកម្មទាបនិងមិនមានកំហិតផ្នែករូបិយបណ្ណបរទេស គឺជាប្រទេសដែលមានគោលនយោបាយវិនិយោគបើកចំហចំពោះវិនិយោគិនបរទេសជាងគេនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាក៏ជាចំណុចសំខាន់ក្នុងការកសាងយុទ្ធសាស្ត្រ “ផ្លូវមួយ ខ្សែក្រវាត់មួយ” របស់ចិនផងដែរ។

លោកបានថ្លែងទៀតថា សហព័ន្ធសហគ្រិនចិនក្រៅប្រទេសគឺជាស្ថាប័នដែលប្រមូលផ្តុំនិងបង្កើតឡើងដោយវិនិយោគិននិងសហគ្រិនចិនក្រៅស្រុកនិងមកពីហុងកុង តៃវ៉ាន់ និង ម៉ាកាវ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ។ សមាជិកគណៈប្រតិភូនៃដំណើរទស្សនកិច្ចលើកនេះសុទ្ធសឹងជាសហគ្រិនឆ្នើមលើគ្រប់វិស័យ យើងសុទ្ធតែមានបំណងចង់បង្កើតស្នាដៃនៅកម្ពុជា ដូច្នេះភាគីទាំងសងខាងអាចសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការតាមរយៈជំនួបទ្វេភាគីថ្ងៃនេះ។

លោក Wang Qinxian តំណាងគណៈប្រតិភូសហព័ន្ធសហគ្រិនចិនក្រៅប្រទេសមានប្រសាសន៍ថា ដោយទទួលបានការអនុញ្ញាតពីសហព័ន្ធចិនក្រៅប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូធ្វើទស្សនកិច្ចនៅកម្ពុជា អេមីរ៉ាតអារ៉ាប់រួម និងចុងក្រោយគឺធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីដើម្បីចូលរួមមហាសន្និបាតសហគ្រិនចិនពិភពលោកលើកទី១៧។

លោកថ្លែងថា ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមក្នុងការឆ្ពោះទៅសម្រេចបាននូវផែនការសកម្មភាពវាសនាតែមួយកម្ពុជា-ចិនក្នុងយុគសម័យថ្មី ហើយក៏ជាឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិនផងដែរ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជានិងចិនមានវិសាលភាពរីកចម្រើនដ៏ទូលំទូលាយនៅពេលអនាគត។

លោកស្រី ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា ដំណើរទស្សនកិច្ចលើកនេះគឺក្នុងគោលបំណងពង្រឹងនិងអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាពិសេសគឺស្វែងយល់អំពីកាលានុវត្តភាពបន្ថែមទៀតនៅកម្ពុជា។

លោកស្រីបានបន្ថែមថា ក្រសួងពាណិជ្ជកម្មកម្ពុជាជានិច្ចកាលតែងតែសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ដោយបានចុះអនុស្សារណៈយោគយល់ជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសចិនកាន់តែច្រើននិងសម្បូរបែប។

លោកស្រី ខា ឡេង លើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាព សុវត្ថិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព រីឯការកសាងហេដ្ឋារចនាសម្ព័ន្ធក៏ទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទកភាពផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ សម្តេចធិបតីបានសម្រេចបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនកម្ពុជា ហើយទទួលបាននូវការគាំទ្រនិងចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលនេះសបញ្ជាក់ឱ្យឃើញអំពីសាមគ្គីភាពជាតិនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនេះផងដែរ លោកស្រី ខា ឡេង ក៏បានផ្តល់ជូនគណៈប្រតិភូនូវព័ត៌មានទាក់ទងនឹងបរិយាកាសវិនិយោគ គោលនយោបាយលើកទឹកចិត្តនានា តំបន់សេដ្ឋកិច្ចពិសេស ការជួលដីធ្លី ការសាងសង់រោងចក្រ និង ការនាំចូលឧបករណ៍ផលិតកម្ម។ល។ ថែមទាំងផ្តល់នូវអនុសាសន៍សំខាន់ៗជូនគណៈប្រតិភូសហព័ន្ធសហគ្រិនចិនក្រៅប្រទេសផងដែរ៕

你可能还喜欢

评论被关闭。