សម្ដេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំង គង់ សំអុល

នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចទាំងពីរបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុតនិងសម្តែងនូវការសោកស្តាយប្រកបដោយក្តីសង្វេគចំពោះមរណភាពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលនេះគឺជាការបាត់បង់នូវឥស្សរជននិងថ្នាក់ដឹកនាំគំរូដ៏ឆ្នើមមួយរូបប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និង បទពិសោធន៍ខ្ពស់ ដែលក្នុងមួយជីវិតសម្តេចបានតស៊ូពុះពារគ្រប់ឧបសគ្គដើម្បីជាតិនិងប្រជាជន ពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាមអង្គព្រះមហាក្សត្រនិងហ្លួងម៉ែ ទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិនិងអន្តរជាតិដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និង ប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធេងនិងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយសមាគមកាកបាទក្រហមកម្ពុជាផងដែរ។

សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុលបានទទួលមរណភាពកាលពីព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥ នាទី ក្នុងជន្មាយុ ៩៤ឆ្នាំដោយជរាពាធ៕

你可能还喜欢

评论被关闭。