ក្រសួងមហាផ្ទៃដាក់មុខព្រួញពីរ ក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះ
ក្រសួងមហាផ្ទៃបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការប្រើប្រាស់អាវុធជាតិផ្ទុះ ដើម្បីធានានិងរក្សាសុខសន្តិភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គម។
បើតាមការអះអាងរបស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រសួងមហាផ្ទៃដែលជាសេនាធិការរាជរដ្ឋាភិបាលលើការងារសន្តិសុខនិងសណ្ដាប់ធ្នាប់ បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិធានការមុខព្រួញចំនួន២ក្នុងការគ្រប់គ្រងអាវុធជាតិផ្ទុះ៖ គឺ១ ការគ្រប់គ្រងអាវុធពីផ្ទៃក្នុងនៃចំណោមមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃ និងទី២ ការទប់ស្កាត់ការចរាចរអាវុធឆ្លងដែនខុសច្បាប់។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
ជុំវិញវិធានការផ្ទៃក្នុង លោក ទូច សុខៈ បានរៀបរាប់ឱ្យដឹងថា ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ រាល់មន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃទាំងឡាយណាដែលកាន់កាប់អាវុធខុសច្បាប់នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងរ បន្ថែមពីការផ្ដន្ទាទោសតាមអំណាចតុលាការ។ ក្នុងករណីមន្ត្រីក្រសួងមហាផ្ទៃមានការប្រើប្រាស់អាវុធ ត្រូវតែធ្វើលិខិតស្នើសុំកាន់អាវុធឱ្យបានស្របច្បាប់ ត្រឹមត្រូវ មិនអាចកាន់អាវុធដោយអនាធិបតេយ្យឬតាមតែលទ្ធភាពរបស់ខ្លួន តាមរយៈការទិញពីប្រភពផ្សេងៗបានឡើយ។
ចំណែកមុខព្រួញទី២គឺមហាជនទូទៅ ដោយក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ទៅលើវិធានការទប់ស្កាត់ការចរាចរអាវុធឆ្លងដែនខុសច្បាប់ ដោយបានដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវនៅពេលយប់ដើម្បីត្រួតពិនិត្យរាល់ការល្មើសច្បាប់ផ្សេងៗ ពិសេសការដាក់តាមខ្លួនឬប្រើប្រាស់អាវុធដោយខុសច្បាប់ផងដែរ។
ការបង្ក្រាបបទល្មើសជួញដូរអាវុធខុសច្បាប់
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានដកចេញពីក្របខណ្ឌចំពោះមន្ត្រីរូបណាដែលបានប្រើប្រាស់អាវុធខុសច្បាប់ ដោយមិនមានការអនុញ្ញាតឬឱ្យអ្នកដទៃខ្ចីអាវុធរបស់ខ្លួនឡើយ។
លោក ស សុខា បានលើកឡើងថា ការប្រើប្រាស់អាវុធដោយខុសច្បាប់ មិនមានការគ្រប់គ្រងត្រឹមត្រូវបែបនេះ នឹងអាចបង្កជាគ្រោះថ្នាក់ទៅលើប្រជាពលរដ្ឋទូទៅ ជាពិសេសការប្រើប្រាស់អាវុធ ដោយគ្មានច្បាប់អនុញ្ញាតនេះនឹងឈានរហូតដល់ការប៉ះពាល់ដល់អាយុជីវិតអ្នកដទៃថែមទៀតផង។ ដូច្នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ត្រូវបន្តត្រួតពិនិត្យលើការងារនេះបន្ថែមទៀត៕
评论被关闭。