កម្ពុជា-ចិននឹងចុះកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់ គម្រោងមេគង្គ-ឡានឆាងដែលមានទឹកប្រាក់ប្រមាណ ២ លានដុល្លារអាម៉េរិក
ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានិងលោក វ៉ាង វិនពីន (WANG Wenbin)ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស។
ក្នុងក្របខណ្ឌមូលនិធិពិសេសនេះ កម្ពុជានឹងទទួលបានហិរញ្ញប្បទានដែលមានទឹកប្រាក់ ប្រមាណ ២ លានដុល្លារអាម៉េរិកសម្រាប់គម្រោងចំនួន ៨ គ្របដណ្តប់លើផ្នែកទេសចរណ៍ សកម្មភាពដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក៏ដូចជាការកសាងសមត្ថភាពនិងការគ្រប់គ្រងហានិភ័យទឹកជំនន់។
ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្តល់ហិរញ្ញប្បទានដល់គម្រោងប្រមាណ ៩០ នៅកម្ពុជា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជានិងចិនក្នុងការរួមចំណែកដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និង ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕
评论被关闭。