លោក ស៊ុន ចាន់ថុល៖ ក្រុមហ៊ុនអាម៉េរិកធំៗចំនួន ២ ទទួលបានជោគជ័យក្នុងការវិនិយោគនៅកម្ពុជា
លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុចឈ្មោះក្រុមហ៊ុនអាម៉េរិក ចំនួនពីរដែលទទួលបានជោគជ័យក្នុងការវិនិយោគនៅកម្ពុជា នោះគឺក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola និងក្រុមហ៊ុនដំឡើងរថយន្ត RMA។
ការលើកឡើងនេះគឺធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល ជាមួយលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជាកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយលោកស្រី Bridgette L. Walker
លោក ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍ដល់គណៈប្រតិភូនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា រួមទាំងលើកពីបណ្តាក្រុមហ៊ុនអាម៉េរិកដែលបានដាក់ទុនវិនិយោគនៅកម្ពុជានាពេលកន្លងមក។ ក្នុងនោះមានក្រុមហ៊ុនធំៗរបស់អាម៉េរិកចំនួនពីរដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់លើការវិនិយោគនៅកម្ពុជា រួមមានក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ ក៏នៅមានក្រុមហ៊ុនអាម៉េរិកមួយចំនួនទៀតកំពុងតែដំណើរការឆ្ពោះទៅភាពជោគជ័យនៅកម្ពុជាផងដែរ។
លោក ស៊ុន ចាន់ថុល ក៏បានជម្រាបដល់ភារធារីស្ថានទូតអាម៉េរិកអំពីគម្រោងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជានិងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជាបន្ថែមទៀត។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានឆ្លើយតបទៅកាន់លោកស្រី Bridgette L. Walker ដែលបានសាកសួរអំពីវិស័យជាគោលដៅដែលរាជរដ្ឋាភិបាលព្យាយាមទាក់ទាញការវិនិយោគបន្ថែម ដោយលោកបានលើកបង្ហាញអំពីវិស័យគន្លឹះមួយចំនួន រួមមានជាអាទិ៍ វិស័យយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និង វិស័យកសិឧស្សាហកម្មជាដើម ដែលសុទ្ធសឹងជាវិស័យដ៏មានសក្តានុពលដែលអាចនឹងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។
លោកស្រី Bridgette L. Walker បានបង្ហាញនូវសុទិដ្ឋិនិយមអំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិននិងជូនពរជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យទទួលបានជោគជ័យក្នុងការបេសកកម្មការងារក្នុងសហរដ្ឋអាម៉េរិកនាពេលខាងមុខ។ លោកស្រីរំពឹងថាកម្ពុជានិងអាម៉េរិកនឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៦ ខែឆ្នាំ ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាម៉េរិកសម្រេចបានជាង ៤,៥ ប៊ីលានដុល្លារអាម៉េរិក កើនឡើង៤%បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអាម៉េរិកមានទំហំទឹកប្រាក់សរុប ៤,៤ ប៊ីលានដុល្លារអាម៉េរិក ខណៈការនាំចូលទំនិញពីអាម៉េរិកមកកម្ពុជាមានប្រមាណជាង ១០០ លានដុល្លារអាម៉េរិក៕
评论被关闭。