លោក គួច ចំរើន ដាក់បទបញ្ជាម៉ឺងម៉ាត់ពង្រឹងសន្តិសុខខេត្តកណ្តាល

លោក គួច ចំរើន អភិបាលខេត្តកណ្តាលបានដាក់បទបញ្ជាថ្មីដ៏ម៉ឺងម៉ាត់ និងតឹងរ៉ឹងដើម្បីពង្រឹងសន្តិសុខមូលដ្ឋានខេត្តកណ្តាល ធានានិងរក្សាសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។

លោក គួច ចំរើន អភិបាលខេត្តកណ្តាល

ការដាក់ចេញបទបញ្ជានេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហានិងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៤របស់រដ្ឋបាលខេត្តកណ្តាលកាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ បទបញ្ជានេះគឺផ្តោតសំខាន់ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និង ការលុបបំបាត់ការប្រើប្រាស់អាវុធខុសច្បាប់កុំឱ្យកើតមាននៅមូលដ្ឋានដែលជាការងារអាទិភាព។

លោក គួច ចំរើន បានកោតសរសើរចំពោះកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបាន បំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរនាខែកន្លងមក ព្រមទាំងបានបន្តជំរុញនិងលើកទឹកចិត្តបន្ថែមទៀតទៅដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុកឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្ក្រាបបទល្មើសនានា ជាពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រោះថ្នាក់ចរាចរណ៍ និង ការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យភូមិឃុំមានសុវត្ថិភាព រក្សាភាពសុខសាន្តនិងសណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធបញ្ហាគ្រឿងញៀននិងក្មេងទំនើង លោក គួច ចំរើន បានសង្កត់ធ្ងន់និងស្នើឱ្យគណៈបញ្ជាការឯកភាពថ្នាក់ខេត្តនិងក្រុង-ស្រុកបន្តអនុវត្តវិធានការផ្សព្វផ្សាយអប់រំណែនាំនិងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ហើយរាល់ការចុះបង្ក្រាបបទល្មើស កងកម្លាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងកុំឱ្យកើតមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុក្នុងពេលបំពេញភារកិច្ច។

ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ ត្រូវដាក់កម្លាំងចាំផាកពិន័យនៅតាមផ្លូវគោលដៅនានាឱ្យបានជាប់ជាប្រចាំស្របទៅតាមច្បាប់ដែលបានកំណត់ និងបន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានតាមវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។

ចំពោះបញ្ហាអាវុធជាតិផ្ទុះ លោក គួច ចំរើន បានស្នើដល់កងកម្លាំងចម្រុះគណៈបញ្ជាការឯកភាពក្រុង-ស្រុក រួមមាននគរបាល អាវុធហត្ថ និង កម្លាំងប្រជាការពារត្រូវសហការគ្នាក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះដោយប្រទាក់ក្រឡាគ្នានៅតាមគោលដៅផ្លូវសំខាន់ៗ ធ្វើយ៉ាងណាលុបបំបាត់មិនឱ្យកើតមាននូវករណីប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ក្នុងមូលដ្ឋានជាដាច់ខាត។

គួររម្លឹកថា លោក គួច ចំរើន គឺជាអតីតអភិបាលខេត្តព្រះសីហនុដែលត្រូវបានផ្ទេរតំណែងមកជាអភិបាលខេត្តកណ្តាលកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ហើយលោកបានចូលកាន់តំណែងអភិបាលខេត្តកណ្តាលជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤៕

你可能还喜欢

评论被关闭。