សភាកម្ពុជា-ចិនវាយតម្លៃខ្ពស់ចំពោះគុណតម្លៃនិងសមិទ្ធផលមិត្តភាពប្រទេសទាំងពីរ

សភាកម្ពុជានិងចិនបានវាយតម្លៃខ្ពស់ចំពោះគុណតម្លៃនៃចំណងមិត្តភាពប្រទេសទាំងពីរ ដោយចាត់ទុកសមិទ្ធផលនានាដែលទទួលបានពីចំណងមិត្តភាពនេះមានតម្លៃមិនអាចកាត់ថ្លៃបាន។

សម្តេច ឃួន សុដារី (ស្តាំ) ទទួលជួបពិភាក្សាការងារជាមួយលោកស្រី ចុង មីង

នៅក្នុងជំនួបទ្វេភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកស្រី ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្រ្ដៃយ៍សភាតំណាងប្រជាជនក្រុងសៀងហៃនាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ខណៈលោកស្រីកំពុងតែបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងនោះ​សម្តេច ឃួន សុដារី ចាត់ទុកសមិទ្ធផលដែលប្រទេសចិនទទួលបានក៏ជាមោទកភាពរបស់កម្ពុជា ខណៈលោកស្រី ចុង មីង ចាត់ទុកសមិទ្ធផលដែលកើតចេញពីគម្រោង “ផ្លូវមួយ ខ្សែក្រវាត់មួយ” បានធ្វើឱ្យទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនកាន់តែរស់រវើក។

សម្តេច ឃួន សុដារី ចាត់ទុកដំណើរទស្សនកិច្ចនេះរបស់លោកស្រី ចុង មីង និងគណៈប្រតិភូសភាតំណាងប្រជាជនក្រុងសៀងហៃ នឹងរួមចំណែកលើកកម្ពស់ដល់ទំនាក់ទំនងជាប្រវត្តិសាស្រ្ត មិត្តភាពប្រពៃណីដែកថែប ព្រមទាំងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងសភាតំណាងប្រជាជនក្រុងសៀងហៃឱ្យកាន់តែសកម្ម ស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយឡើង ស្របតាមកិច្ចសហប្រតបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទំាងពីរ។

សម្តេចបានថ្លែងអំណរគុណភាគីចិនដែលបានចូលរួមចំណែកដល់ការស្តារ កសាង អភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ដែលការជួយឧបត្ថម្ភរបស់ចិនមិនត្រឹមជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប៉ុណ្ណោះទេ តែបានធ្វើឱ្យកម្ពុជាដែលជាប្រទេសតូច តែមានឯករាជ្យភាពខាងនយោបាយ ការពារបាននូវបូរណភាពរបស់ខ្លួន ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់និងសកលលោក។

លោកស្រី ចុង មីង បានសម្តែងការអបអរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ហើយលោកស្រីបានបង្ហាញពីមោទកភាពចំពោះសមិទ្ធផលដែលកើតចេញពីគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ ក្នុងនោះរួមមានអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបជាដើម។ សមិទ្ធផលនេះមិនត្រឹមតែផ្តល់នូវសុខដុមនីយកម្មដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែបានធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ចិនមានលក្ខណៈរស់រវើកថែមទៀតផង។

លោកស្រីបន្ថែមថា ចិននិងកម្ពុជាគឺជាមិត្តដែលបានរួមសុខទុក្ខជាមួយគ្នាយ៉ាងស្មោះស្ម័គ្រ ជឿទុកចិត្តគ្នា ហើយភាគីចិនបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការវិវត្តនៃទំនាក់ទំនងប្រទេសទាំងពីរ និងត្រៀមលក្ខណៈជាស្រេចក្នុងការអនុវត្តនូវកិច្ចការដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានឯកភាពគ្នាកន្លងមក ដើម្បីជំរុញការកសាងជោគវាសនារួមកម្ពុជា-ចិនក្នុងសម័យទំនើបឱ្យកាន់តែស៊ីជម្រៅនិងជាក់ច្បាស់។

លោកស្រី ចុង មីង ក៏បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះគឺក្នុងគោលបំណងកៀរគរសហគ្រាសកម្ពុជាបន្ថែមឱ្យទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មនាំចូលលើកទី៧ ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ ហើយការចូលរួមរបស់សហគ្រាសកម្ពុជាគឺធ្វើយ៉ាងណានាំយកនូវផលិតផលនិងសេវាកម្មល្អៗពីកម្ពុជាទៅទីក្រុងសៀងហៃ ក៏ដូចជាប្រទេសចិនផងដែរ៕

 

你可能还喜欢

评论被关闭。