កម្ពុជានឹងទទួលបានឥណទានសម្បទាន ៧, ៩៨៨ ប៊ីលានយ៉េនពីជប៉ុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះផ្សាយថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤បានឱ្យថា កម្ពុជានឹងទទួលបានឥណទានសម្បទានដែលមានទឹកប្រាក់សរុប ៧, ៩៨៨ ប៊ីលានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាម៉េរិក) ពីជប៉ុន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជួបជាមួយលោក គីស៊ីដា  ហ្វីមីអូ នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

ក្រសួងការបរទេសបញ្ជាក់ថា កម្ពុជានិងជប៉ុននឹងចុះហត្ថលេខាលើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានដែលមានទឹកប្រាក់សរុប ៧,៩៨៨ ប៊ីលានយ៉េននេះនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស ក្រោមវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

កម្ពុជានឹងប្រើប្រាស់ឥណទានសម្បទាននេះដើម្បីអនុវត្តលើ “គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូននិងចែកចាយក្នុងរាជធានីភ្នំពេញ” ដំណាក់កាលទី២។

ក្រសួងការបរទេសចាត់ទុកថា ការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុនគឺបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសជប៉ុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការផ្តល់ឥណទានសម្បទាននេះក៏នឹងជួយពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ“ រវាងប្រទេសទាំងពីរផងដែរ។

ជាការកត់សម្គាល់ ការផ្ដល់ឥណទានសម្បទាននេះគឺកើតឡើងក្រោយដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ នៅប្រទេសកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយលោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤

ដោយឡែក កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ ជប៉ុនបានផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១,៣៣៨ ប៊ីលានយ៉េន (ប្រមាណ ៩,៧ លានដុល្លារអាម៉េរិក) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស (ដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី)។ បន្ទាប់មក នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤ ជប៉ុនក៏បានផ្ដល់ឥណទានសម្បទានប្រមាណ ១៥៤ លានដុល្លារអាម៉េរិកសម្រាប់​អនុវត្ត​គម្រោង​អភិ​វឌ្ឍន៍​មន្ទីរ​ពេទ្យ​ក្នុង​តំបន់។

កម្ពុជានិង​ជប៉ុនបាន​ព្រម​ព្រៀង​គ្នា​ដំឡើង​ភាព​ជា​ដៃគូ​ទៅ​ជា​ «ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»។ ប្រទេសទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹងនិងពង្រីកបន្ថែមនូវទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការរពហុវិស័យដែលកំពុងរីកចម្រើន រួមមានវិស័យនយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ ការបោសសម្អាតមីន ប្រតិបត្តិការក្សាសន្តិភាព ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍធនធាមនុស្ស ការអភិវឌ្ឍឌីជីថល និង សន្តិសុខអ៊ីនធឺណិត៕

你可能还喜欢

评论被关闭。