កម្ពុជានឹងទទួលបាននាវាចម្បាំងពិសេស ២ គ្រឿងពីចិនដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្រ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា រដ្ឋាភិបាលចិនបានផលិតនាវាចម្បាំងថ្មីពិសេសចំនួន ២ គ្រឿងឱ្យកម្ពុជា ដើម្បីជួយឱ្យកម្ពុជាពង្រឹងសមត្ថភាពក្នុងកិច្ចការពារដែនសមុទ្រ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា
លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា នាវាចម្បាំងថ្មីពិសេសប្រភេទ ០៥៦C ចំនួន ២ គ្រឿងដែលចិនផ្តល់មកឱ្យកម្ពុជា គ្រោងនឹងរួចរាល់និងប្រគល់មកឱ្យកម្ពុជានៅឆ្នាំ២០២៥ឬយូរជាងនេះ។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះបានធ្វើឡើងបន្ទាប់ពីមានកាសែតបរទេសមួយបានចុះផ្សាយព័ត៌មានថា រដ្ឋាភិបាលចិនត្រៀមផ្ទេរនាវាចម្បាំង ២ គ្រឿងឱ្យកម្ពុជានៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ។
លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ការផ្តល់នាវាពីសំណាក់ភាគីចិនគឺធ្វើឡើងតាមការស្នើសុំរបស់កម្ពុជាក្នុងគោលបំណងតែមួយគត់ គឺដើម្បីពង្រឹងសមត្ថភាពនិងលទ្ធភាពរបស់កម្ពុជាក្នុងការការពារ រក្សាសន្តិភាព ស្ថិរភាព និង សន្តិសុខ ក៏ដូចជាការគាំទ្រទៅដល់ប្រតិបត្តិការស្វែងរកនិងសង្គ្រោះ ព្រមទាំងសកម្មភាពមនុស្សធម៌ដទៃទៀតនៅលើលម្ហសមុទ្រ។ កម្ពុជាក៏ធ្លាប់បានទទួលនូវការឧបត្ថម្ភជាច្រើនពីសំណាក់ដៃគូដទៃទៀតផងដែរ ដូចជាការហ្វឹកហ្វឺននិងការផ្តល់គ្រឿងបរិក្ខារជាដើម ហើយកម្ពុជាតែងស្វាគមន៍គ្រប់ភាគីទាំងអស់ដែលមានបំណងជួយកម្ពុជាពិតប្រាកដ មិនមែនមានតែភាគីចិននោះទេ៕
评论被关闭。