កម្ពុជា-ចិនប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ទ្វេភាគីផ្នែកសន្តិសុខ
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងសន្តិសុខសាធារណៈចិនបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ទ្វេភាគី ជាពិសេសផ្នែកសន្តិសុខ តាមរយៈការចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ទ្វេភាគី បន្ទាប់ពីភាគីទាំងពីរបានអនុវត្តដោយជោគជ័យជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៩មក។
ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅទីក្រុងប៉េកាំង ដោយលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជានិងលោក វ៉ាង ស៊ាវហុង (Wang Xiaohong) សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នាឱកាសដែលលោកទាំងពីរបានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ផងដែរ។
ផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃរបស់កម្ពុជានិងក្រសួងសន្តិសុខសាធារណៈរបស់ចិន បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តរបស់កម្ពុជានិងចិន ក្នុងកិច្ចសហការរក្សាសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ។
សម្រាប់ឆ្នាំបន្តនេះ ភាគីទាំងពីរនឹងផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស ការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ។ គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ឆ្នាំ២០២៤ ភាគីទាំងពីរ បានសហការស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ទាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀនជាដើម។
ដោយឡែក នៅក្នុងជំនួបទ្វេភាគី លោក ស សុខា និងលោក វ៉ាង ស៊ាវហុង បានផ្លាស់ប្ដូរយោបល់គ្នាលើប្រធានបទសំខាន់ៗមួយចំនួន ដោយបានគូសបញ្ជាក់នូវអំណរសាទរចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចទាំងពីរលើករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមកកាន់ប្រទេសចិនកាលពីឆ្នាំ២០២៣ ជាពិសេសការឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដោយបានចុះហត្ថលេខាលើផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីសម្រាប់ឆ្នាំ២០២៤-២០២៨។
លោក ស សុខា បំពេញទស្សនកិច្ចការងារនៅប្រទេសចិនរយៈពេល ៣ ថ្ងៃ (៥-៧ កញ្ញា) តបតាមការអញ្ជើញរបស់លោក វ៉ាង ស៊ាវហុង៕
评论被关闭。