លោក ស៊ុន ចាន់ថុល ចូលរួម “ វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្លូវសូត្រសមុទ្រលើកទី៦”
នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រលើកទី៦” (The 6th Silk Road Maritime International Cooperation Forum) ក្រោមប្រធានបទ៖ សន្ធានកម្មសេវាកម្មកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និង ពាណិជ្ជកម្ម តាមរយៈ “ផ្លូវសូត្រសមុទ្រ” ដែលរៀបចំឡើងនៅទីក្រុងសៀមិន (Xiamen) ខេត្តហ្វូជៀន (Fujian) សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។
លោក ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថាក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រលើកទី៦នៅចិន
វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសន្ទនា ការលើកកម្ពស់ពាណិជ្ជកម្ម និង ការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសនានាជុំវិញសកលលោក។ ក្នុងក្របខណ្ឌនេះ ក្រៅអំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កិច្ចសហប្រតិបត្តិការលើវិស័យកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និង ពាណិជ្ជកម្ម កម្ពុជាមើលឃើញនូវឱកាសយ៉ាងច្រើនលើកិច្ចការងារវិនិយោគ ដែលរួមមានលើវិស័យជាអាទិ៍ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និង ការអភិវឌ្ឍប្រកបដោយចីរភាព។
កម្ពុជាជឿជាក់ថា តាមរយៈការបន្តកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរួមគ្នា នឹងអាចបើកឱកាសថ្មីសម្រាប់កំណើននិងការអភិវឌ្ឍន៍ដែលនឹងផ្តល់ផលប្រយោជន៍មិនត្រឹមសម្រាប់ទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូលនិងលើសពីនេះ ឆ្ពោះទៅរកអនាគតនៃសន្តិភាព វិបុលភាព និង ភាពជោគជ័យរួមគ្នា៕
评论被关闭。