អភិបាលខេត្តសៀមរាប សង្ឃឹមថា ការបង្កើតឱ្យមានព្រឹត្តិការណ៍នានាក្នុងខេត្តរបស់ភាគីចិន នឹងនាំមកនូវភាពទាក់ទាញភ្ញៀវទេសចរជាច្រើន

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អំពីព្រឹត្តិការណ៍មួយចំនួនដែលនឹងត្រៀមរៀបចំ នៅក្នុងខេត្តសៀមរាប នាចុងឆ្នាំ២០២៤ ខាងមុខនេះ ដែលក្នុងនោះមានដូចជា ព្រឹត្តិការណ៍មហាសន្និបាតខេត្ត/ក្រុងសម្ព័ន្ធមិត្តកម្ពុជា-ចិន កម្មវិធីទេចរកម្ពុជា-ចិន កម្មវិធីសម្រាប់អ្នកសារព័ត៌មានចិន និងកម្មវិធីផ្សេងៗទៀត ដែលផ្ដោតសំខាន់ទៅលើការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិចិន ឱ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តសៀមរាប កាន់តែច្រើនឡើងថែមទៀត។

ឯកឧត្តម ប្រធានប្រតិភូ បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំថា នឹងជួយបន្តផ្សព្វផ្សាយពីវប្បធម៌កម្ពុជា និងជំរុញឱ្យមានការហោះហើរត្រង់ពីខេត្ត-ក្រុងនានា នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ខេត្តសៀមរាប តាមរយៈការស្នើសុំឱ្យមានការចូលរួមឱ្យបានច្រើនពីសំណាក់ក្រុមហ៊ុនអាកាសចរនៃប្រទេសទាំងពីរ។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន បានធ្វើនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសម្ដែងនូវក្ដីរីករាយ គាំទ្រ និងលើកសរសើរពីឆន្ទៈរបស់ភាគីប្រតិភូចំពោះការជួយជ្រោមជ្រែងលើវិស័យមួយចំនួនក្នុងខេត្ត ជាពិសេសវិស័យទេសចរ ដែលបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅនោះ។

ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា «ការបង្កើតឱ្យមានព្រឹត្តិការណ៍នានានៅក្នុងខេត្តសៀមរាប ពិតជាអាចនាំមកនូវភាពទាក់ទាញដល់ភ្ញៀវទេសចរជាច្រើន ជាពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិចិន»។

ភាគីទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែល្អប្រសើរ៕

你可能还喜欢

评论被关闭。