លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន
ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជួបទទួលទានអាហារជាមួយលោក ជឹង សានជា (Zheng Shanjie) ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិន (NDRC) ព្រមទាំងបន្តជួបជាមួយលោក អ៊ូ ហាវ (Wu Hao) អគ្គលេខាធិការនៃ NDRC ដើម្បីពិភាក្សាលើការងារអភិវឌ្ឍន៍គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា។
ជំនួបនាឱកាសនេះត្រូវបានរៀចចំឡើងដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចការងារអភិវឌ្ឍន៍គម្រោងវិនិយោគមួយចំនួនដែលវិនិយោគិនចិនបានបណ្ដាក់ទុនរួចរាល់នៅកម្ពុជា ដើម្បីធានាឱ្យគម្រោងការងារទាំងអស់អាចអនុវត្តទៅដោយជោគជ័យ ក្រោមការជំរុញពន្លឿននីតិវិធីការងាររវាងភាគីទាំងពីរកម្ពុជា-ចិន ក្នុងគោលដៅរួមឱ្យគម្រោងទាំងអស់សម្រេចបានឆាប់រហ័ស ដើម្បីបម្រើប្រយោជន៍ជាតិកម្ពុជា។ ជាក់ស្ដែងដូចជាគម្រោងព្រែកជីកហ្វូណនតេជោ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានបង្ហាញការប្តេជ្ញាចិត្តថា នឹងជួយជំរុញឱ្យក្រុមហ៊ុនចិនដែលវិនិយោគក្នុងគម្រោងនេះអនុវត្តការងារឱ្យសម្រេចបានលទ្ធផលតាមកាលកំណត់ឬមុនកាលកំណត់ ដែលបានដាក់ចេញក្រោមការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា គឺអំឡុងឆ្នាំ២០២៨។
តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ប្រទេសចិនបានជួយវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះមានផ្លូវប្រវែងជាង ៣០០០ គីឡូម៉ែត្រនិងស្ពានចំនួន១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និង ទន្លេដ៏ទៃទៀតត្រូវបានសាងសង់ឡើង ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះបានតភ្ជាប់សហគមន៍ សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនផងដែរ៕
评论被关闭。